ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្នុងដំណើរទស្សនកិច្ចរបស់លោក Dominic Raab រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស កម្ពុជាត្រូវបានមើលថា បានទទួលបានផលប្រយោជន៍ជាច្រើន រាប់ចាប់ពីការទទួលបានការបន្ត ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធGSP រហូតដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរ។
យោងតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុនបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស ដែលបានបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដល់ប្រទេសកម្ពុជា។
ការថ្លែងអំណរគុណនេះ បានធ្វើឡើងតាមរយៈ លោក Dominic Raab រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ក្នុងជំនួបទ្វេភាគី នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ អំឡុងពេលប្រមុខការទូតអង់គ្លេស បានមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ។
ក្រសួងការបរទេសបានអះអាងថា នៅក្នុងជំនួបទ្វេភាគី “លោកប្រាក់ សុខុន បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលបានបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់ប្រទេសកម្ពុជា និងសម្រាប់ជំនួយលើវិស័យអប់រំ ការបោសសម្អាតមីន និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)”។
ចក្រភពអង់គ្លេស ដែលបានចាកចេញពីសហភាពអឺរ៉ុប កាលពីចុងខែធ្នូ ឆ្នាំមុន បានសម្រេចបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ទូទៅដល់ប្រទេសកម្ពុជា ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីមើលឃើញស្ថានភាពធ្ងន់ធ្ងរ នៃវិបត្តិជំងឺកូវីដ១៩ បន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៃទំនិញប្រមាណ២០% ដែលនាំចូលពីប្រទេសកម្ពុជា។
ក្នុងជំនួបទ្វេភាគីនេះដែរ រដ្ឋមន្រ្តីការបរទេសទាំងពីរបានឯកភាពគ្នា លើសារសំខាន់នៃកិច្ចសន្ទនាអំពីបញ្ហាពាណិជ្ជកម្ម។
រដ្ឋមន្រ្តីការបរទេសទាំងពីរ បានចែករំលែកនូវគោលបំណងរួម ក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅលើវិស័យមួយចំនួនសម្រាប់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ការបោសសំអាតមីន សុខាភិបាល និងបរិស្ថាន។
រដ្ឋមន្រ្ដីការបរទេសទាំងពីរ ក៏បានឯកភាពលើភាពចាំបាច់ ក្នុងការផ្សព្វផ្សាយអំពីឱកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តដល់វិនិយោគិន ចក្រភពអង់គ្លេសច្រើនថែមទៀត ឱ្យធ្វើការជ្រើសរើសយកប្រទេសកម្ពុជា ជាគោលដៅវិនិយោគ ដោយគិតពិចារណាទៅលើសក្តានុពលរបស់កម្ពុជា ដែលបានផលពីសារពើពន្ធ និងការលើកទឹកចិត្តផ្សេងៗ ក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ។
ក្រសួងការបរទេសបានបញ្ជាក់ថា “ក្នុងន័យនេះ ភាគីទាំងពីរបានគិតគូរពិចារណាបង្កើតឱ្យមានអនុស្សារណៈ នៃការយោគយល់គ្នាស្តី ពីការសម្របសម្រួលពាណិជ្ជកម្ម (MoU on Trade Facilitation)”។
លោក Dominic Raabបានមកដល់កម្ពុជា កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃ ដើម្បីជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខ នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខណ្ឌអាស៊ាន។
លោកគឺជារដ្ឋមន្រ្តីការបរទេស នៃចក្រភពអង់គ្លេសដំបូងគេបង្អស់ ដែលអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិ បានថ្លែងប្រាប់នៅថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២១នេះថា ទំនាក់ទំនងនៅក្នុងពាណិជ្ជកម្មកម្ពុជា-អង់គ្លេស មានសភាពល្អប្រសើរនៅគ្រប់ប្រតិបត្តិការ គឺចាប់តាំងតែពីមុនចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបមកម្ល៉េះ ក្នុងនោះបន្ទាប់ការចាកចេញរបស់អង់គ្លេស រដ្ឋាភិបាល តាមរយៈស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ថាអង់គ្លេសនៅតែបន្តភាពអនុគ្រោះសម្រាប់ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សាររបស់ខ្លួន។
លោកបានបន្តថា “ចំពោះការនាំចេញនាំចូលរវាងកម្ពុជា-អង់គ្លេសវិញ គឺប្រព្រឹត្តទៅជាធម្មតា ដូចកាលចក្រប្រភពអង់គ្លេសនៅក្រោមសហគមន៍អឺរ៉ុប ដែលបញ្ហានេះគឺជាចំនុចល្អប្រសើរមួយ ដោយយើងសង្កេតឃើញថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺប្រព្រិត្តិទៅដោយរលូន និងមានការយោគយល់គ្នា ជាពិសេសប្រទេសអង់គ្លេស និងកម្ពុជាបានកំពុងខិតជិតគ្នា បន្ទាប់ពីចក្រភពអង់គ្លេសចេញពីសហគមន៍អឺរ៉ុប”។
លោកបានឱ្យដឹងទៀតថា ជាក់ស្តែងដំណើរទស្សនកិច្ចរបស់ Dominic Raab រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស គឺសម្តែងនូវការងាកមកខិតជិតផ្ទាល់ ដោយយើងរំពឹងថា ទំនាក់ទំនងជិតស្និតរបៀបនេះ គឺជាការជម្រុញបំពេញបំណង់របស់កម្ពុជា ដើម្បីទៅចរាចរចុះកិច្ចព្រមព្រៀងពាណិជកម្មសេរីរវាងប្រទេសទាំងពីរ។
ចំពោះការនាំចេញសម្លៀកបំពាក់វិញ លោកកាំង ម៉ូនីការអគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា លើកឡើងថា ពាក់ព័ន្ធការនាំចេញវិស័យកាត់ដេរ និងសម្លៀកបំពាក់ នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ ២០២១ នេះ មានការស្រុតចុះបន្តិចបន្តួច ខណៈនៅក្នុងខែ មេសា បានងើបឡើងវិញខ្លះៗ បើធៀបទៅរយៈពេលដូចគ្នាឆ្នាំ២០២០។
ទីផ្សារនាំចេញទៅប្រទេសអង់គ្លេសវិញ លោកសង្ឃឹមថា ទៅថ្ងៃខាងមុខ ទីផ្សារនេះ នៅតែល្អសម្រាប់កម្ពុជា ដោយសារប្រទេសយើងទទួលបាន GSP បន្តការរួចពន្ធសម្រាប់ការនាំចេញប្រទេសនោះ៕