ដោយៈ សុខុម
វ៉ាស៊ីនតោន: ប្រភពបានទម្លាយឱ្យដឹងថា រដ្ឋការរបស់លោក ចូ បៃឌិន កាលពីថ្ងៃពុធ ទី២៣ មិថុនា បានចេញបម្រាមមិនឱ្យសហរដ្ឋអាមេរិក នាំចូលវត្ថុធាតុដើមសំខាន់ៗសម្រាប់ផលិតបន្ទះសូឡាពីក្រុមហ៊ុនចិន Hoshine Silicon Industry ឡើយ ដោយសារការចោទប្រកាន់អំពីការចាប់បង្ខំមនុស្សឱ្យធ្វើការ។
យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនានេះ ឱ្យដឹងថា ក្រសួងពាណិជ្ជកម្មអាមេរិក បានធ្វើការរឹតបន្តឹងដាច់ដោយឡែកលើការនាំចេញចំពោះក្រុមហ៊ុន Hoshine Silicon Industry និងក្រុមហ៊ុនចិនចំនួន៣ផ្សេងទៀត ព្រមទាំងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិន Xinjiang Production and Construction Corps (XPCC) ផងដែរ ដោយអះអាងថា ក្រុមហ៊ុនទាំងនេះជាប់ពាក់ព័ន្ធនឹងការចាប់បង្ខំជនជាតិភាគតិចវីហ្គួរ និងជនជាតិភាគតិចកាន់សាសនាអ៊ីស្លាម ផ្សេងៗទៀតនៅតំបន់ស៊ីនជាំង (Xinjiang) ឱ្យធ្វើការជាទម្ងន់។
ក្រុមហ៊ុនចិន ចំនួន៣ផ្សេងទៀតដែលជាប់ក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក រួមមានក្រុមហ៊ុន Xinjiang Daqo New Energy ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Daqo New Energy Corp ក្រុមហ៊ុន Xinjiang East Hope Nonferrous Metals ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនយក្ស East Hope Group មានមូលដ្ឋាននៅក្រុងសៀងហៃ និងក្រុមហ៊ុន Xinjiang GCL New Energy Material ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន GCL New Energy Holdings។
ក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយថា ក្រុមហ៊ុនទាំងនេះ និងក្រុមហ៊ុន XPCC “បានជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពាននៅក្នុងការអនុវត្តយុទ្ធនាការបង្ក្រាបរបស់ប្រទេសចិន ការឃុំឃាំងមនុស្សតាមអំពើចិត្ត ការចាប់បង្ខំមនុស្សឱ្យធ្វើការជាទម្ងន់ ការឈ្លបយកការណ៍សម្ងាត់ដោយប្រើបច្ចេកវិទ្យាជាន់ខ្ពស់ប្រឆាំងជនជាតិភាគតិចវីហ្គួរ ជនជាតិភាគតិចកាហ្សាក់ស្ថាន និងជនជាតិភាគតិចកាន់សាសនាអ៊ីស្លាម ផ្សេងៗទៀតនៅតំបន់ស៊ីនជាំង”។
ក្រុមហ៊ុនធំៗមួយចំនួនដែលជាប់ក្នុងបញ្ជីខ្មៅរបស់ក្រសួងពាណិជ្ជកម្មអាមេរិក គឺជាក្រុមហ៊ុនផលិតស៊ីលីខូនម្យ៉ាងឱ្យឈ្មោះថា monocrystalline silicon និងប៉ូលីស៊ីលីខូន polysilicon ដែលជាវត្ថុធាតុដើមដ៏សំខាន់ប្រើប្រាស់នៅក្នុងការផលិតបន្ទះសូឡា។
ទោះជាយ៉ាងណា ភ្លាមៗក្រុមហ៊ុនទាំងនេះ ឬក្រុមហ៊ុនមេរបស់ពួកគេមិនបានធ្វើការឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ ចំណែកឯក្រុមហ៊ុន XPCC មិនអាចទាក់ទងបានតែម្ដង។
ដោយឡែក នៅពេលសុំការបំភ្លឺជុំវិញបញ្ហានេះ ស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានបន្ទរតាមការលើកឡើងរបស់លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលបានច្រានចោលការចោទប្រកាន់ជុំវិញអំពើប្រល័យពូជសាសន៍ និងការបង្ខំឱ្យមនុស្សធ្វើការជាទម្ងន់នៅតំបន់ស៊ីនជាំង ថា “គ្មានអ្វីក្រៅពីពាក្យចចាមអារ៉ាមដែលបង្កប់នូវហេតុផលលាក់កំបាំង និងការភូតកុហកយ៉ាងច្បាស់ក្រឡែត”៕