ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ គម្រោងវិនិយោគអភិវឌ្ឍន៍ទីក្រុងថ្មីមួយនៅខេត្តព្រះសីហនុ “ទីក្រុងរាម” ក្រោមទុនវិនិយោគ១៦ពាន់លានដុល្លារ នៅតែបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយមិនមានការផ្អាក ឬពន្យារពេលនោះឡើយ ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺរាតត្បាតសកលបែបនេះក្ដី។ នេះបើតាមលោកឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុមានប្រសាសនតាមទូរសព្ទនៅព្រឹកថ្ងៃទី២៤ មិថុនា ២០២១នេះ ។
លោកឃាង ភារម្យបានមានប្រសាសន៍ថា “រហូតមកដល់ពេលនេះ យើងមើលឃើញថា ដំណើរការនៃការអភិវឌ្ឍន៍គម្រោងរបស់ក្រុមហ៊ុន ដែលអភិវឌ្ឍន៍លើទីក្រុងរាមនៅតែមានសកម្មភាព មិនមានការផ្អាក ឬបញ្ឈប់អ្វីឡើយ តែសម្រាប់បានប៉ុន្មានភាគរយនោះ ក្នុងនាមខេត្តក៏មិនដឹងច្បាស់ដែរ ព្រោះវាមិនមែនជាគម្រោងរបស់រដ្ឋឬរបស់ខេត្ត”។
លោកបានបន្តថា តាមរយៈការអភិវឌ្ឍគម្រោងរបស់ក្រុមហ៊ុនព្រីនស៍ទៅលទីក្រុងរាមនេះ វាជាមោទនភាពមួយសម្រាប់ខេត្តព្រះសីហនុ ដែលមានវិនិយោគិនតូចធំចូលបណ្ដាក់ទុនជាបន្តបន្ទាប់ ហើយគម្រោងនេះដែរ នឹងផ្ដល់អត្ថប្រយោជន៍ច្រើនជាងគុណវិបត្តិ ព្រោះពេលនេះបានផ្ដល់ការងារបណ្ដើរៗដល់ប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាពលរដ្ឋមកពីតំបន់ផ្សេងៗជាដើម។
លោកបានឱ្យដឹងទៀតថា នៅពេលគម្រោងនេះបានសាងសង់រួចរាល់បណ្ដើរៗ វាក៏នឹងទាក់ទាញដល់បណ្ដាវិនិយោគិនផ្សេងៗទៀតចូលមកក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់ផងដែរ។
លោក Khong Weng Fook នាយកគ្រប់គ្រងក្រុមហ៊ុន Canopy Sands Development បានឱ្យដឹងថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ពីរលកមួយទៀតនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ហើយសេដ្ឋកិច្ចកំពុងរងគ្រោះពីការបាត់បង់ចំណូលពីវិស័យទេសចរណ៍ស្របពេលមានការបិទខ្ទប់ដែលកំពុងបន្តអនុវត្តន៍នៅក្នុងប្រទេស រីឯគម្រោងនៅក្នុងក្រុងព្រះសីហនុដែលយើងកំពុងអភិវឌ្ឍន៍នឹងមានសារៈសំខាន់ក្នុងការជួយប្រទេសឱ្យមានជំហររឹងមាំឡើងវិញបន្ទាប់ពីបានឆ្លងកាត់ស្ថានភាពដ៏សែនលំបាកអស់រយៈពេល ១៨ ខែមកនេះ ។
លោកបន្តថា ពេលនេះជាពេលវេលាដ៏សែនលំបាក ព្រោះតែវិបត្តិនៃជំងឺកូវីដ១៩ ប៉ុន្តែអ្វីដែលយើងកំពុងធ្វើនៅថ្ងៃនេះ នឹងក្លាយជាចំណែកមួយក្នុងការជួយឱ្យងើបឡើងវិញនៃសេដ្ឋកិច្ចនៅពេលដែលជម្ងឺរាតត្បាតនេះត្រូវបានកម្ចាត់ ។
លោកបន្ថែមថា នៅឆ្នាំ២០២៥ យើងនឹងឃើញដំណាក់កាលទី១នៃទីក្រុងរាមបញ្ចប់រួចរាល់ដោយមានហេដ្ឋារចនាសម្ព័ន្ធនិងគ្រឿងបរិក្ខារជាច្រើនរួចជាស្រេច ដែលពិតជាគួរឱ្យរំភើបណាស់។
លោកបានថ្លែងបន្តថា យើងក៏នឹងឃើញប្រជាជនក្នុងស្រុកជាច្រើនឈានទៅរកការអភិវឌ្ឍនិងកម្រិតការងារមានការកើនឡើង ដែលជាកត្តាបន្ថែមដ៏ល្អមួយជម្រុញដល់សេដ្ឋកិច្ចក្នុងស្រុក ហើយក៏នឹងឃើញពីអត្ថប្រយោជន៍នៃអ្វីៗដែលកើតឡើងនៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍ ដូចជាពួកយើងអាចធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន និងជាដៃគូសហការជាមួយរាជរដ្ឋាភិបាល។
បើតាមលោកសន សៀបនាយកប្រតិបត្តិក្រុមហ៊ុនឃី រៀលអ៊ីស្ទេតក៏បានឱ្យដឹងផងដែរថា ខេត្តព្រះសីហនុជាខេត្តមួយទាក់ទាញ ដល់ការវិនិយោគពីបរទេសជាពិសេសវិនិយោគិនជនជាតិចិន ហើយខេត្តនេះដែរ ក៏នឹងក្លាយជាបណ្ដុំសហគមន៍វិនិយោគិនជនជាតិចិនមួយនៅពេលអនាគតដ៏ខ្លីនេះដែរ៕