រដ្ឋាភិបាលគ្រោងចំណាយជាង១០០លានដុល្លារអាមេរិកលើគម្រោងបែងចែកដីសម្បទានសង្គមកិច្ច

0

ភ្នំពេញ ៖ គម្រោង បែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ នឹងត្រូវចំណាយថវិកាសរុប ១០៧លានដុល្លារ រយៈពេល៦ឆ្នាំ ក្រោមឥណទានពីធនាគារពិភពលោក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។នេះបើយោមសេចក្ដីប្រកាសព័ត៌មាន នៅក្នុងសិក្ខាសាលាមួយដោយមានការចូលរួមពីលោកជា សុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោកវេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា ឡាន និងមីយ៉ាន់ម៉ា នៅថ្ងៃទី២៤ មិថុនា ២០២១នេះ។

បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASEDIII) គឺជាគម្រោង ដែលមានសកម្មភាព ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីបែងចែកដីដល់អ្នកក្រីក្រគ្មានដី តាមរយៈសម្បទានដីសង្គមកិច្ចដើម្បីលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ ។ គម្រោងអនុវត្តការធ្វើសម្បទានដីសង្គមកិច្ចតាមមូលដ្ឋានឃុំ ដែលជាការផ្ទេរដីឯកជនរបស់រដ្ឋទៅដល់ជនក្រីក្រសម្រាប់គោលបំណងប្រើប្រាស់ជាលំនៅដ្ឋាន និងការធ្វើកសិកម្មតាមគ្រួសារ។ តាមគម្រោងក្រសួង នឹងចែកដីរបស់រដ្ឋដែលសមស្របសម្រាប់ផ្នែកកសិកម្ម រួមជាមួយនឹងសេវាកម្មគាំទ្រសមស្របទៅដល់គ្រួសារក្រីក្រគ្មានដីធ្លី និងមានដីធ្លីតិចតួចដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងណែនាំ និងអនុវត្តដំណើរការដោយតម្លាភាពនិងស្តង់ដារដើម្បីពង្រីកការអនុវត្តសម្បទានដីសង្គមកិច្ចដែលផ្តួចផ្តើម ឡើងនៅមូលដ្ឋាន។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក៏បានឱ្យដឹងថាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ជាគម្រោងរបស់រាជរដ្ឋាភិបាល ដែលមានថវិកាសរុប១០៧លានដុល្លារអាមេរិក ក្នុងនោះ ឥណទានធនាគារពិភពលោកចំនួន៩៣លានដុល្លារអាមេរិក និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន១៤លានដុល្លារអាមេរិក សហការអនុវត្តន៍ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សម្រាប់រយៈពេល៦ឆ្នាំ ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ខែធ្នូ ២០២៦ ក្នុងភូមិសាស្ត្រខេត្តគោលដៅដែលមានដីសមស្រប និងនៅទីតាំងចំនួន៧១ក្នុងនោះ ២៦ទីតាំង សម្រាប់ការងារសម្បទានដីសង្គមកិច្ច និង៤៥ទីតាំង សម្រាប់សហគមន៍ជនជាតិដើមភាគតិច មានផ្ទៃដីសរុប៣ម៉ឺនហិចតា ។

លោកជា សុផារ៉ាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដីនគរូបនីយកម្មនិងសំណង់បានឱ្យដឹថា គម្រោងនេះនឹងរួមចំណែកសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តជាមូលដ្ឋានបណ្ដុះបណ្ដាលលើការងារកសិកម្ម និងធ្វើការផ្សារភ្ជាប់ជាមួយទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូលលើកកម្ពស់កម្រិតជីវភាពរស់នៅ កាត់បន្ថយចំណាកស្រុក និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here