ដោយៈ សុខុម
ប៉េកាំង: យោងតាមឯកសារផ្លូវការបង្ហាញថា ក្រុមហ៊ុន Evergrande Group បានលក់ភាគហ៊ុនក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធអ៊ីនធឺណិតរបស់ខ្លួនក្នុងតម្លៃ៥៧០លានដុល្លារអាមេរិក ដើម្បីដោះទាល់វិបត្តិហិរញ្ញវត្ថុរបស់ខ្លួន។
សារព័ត៌មាន The Business Times បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី២២ ខែមិថុនាកន្លងមកនេះថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ នៅប្រទេសចិន មួយនេះបានលក់ភាគហ៊ុនចំនួន៧៣៨,៨លានហ៊ុនក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ HengTen Networks Group ដែលចុះបញ្ជីនៅក្រុងហុងកុង ដោយក្នុងមួយភាគហ៊ុនលក់ក្នុងតម្លៃ៦ដុល្លារហុងកុង (០,៧៧ដុល្លារអាមេរិក) កាលពីថ្ងៃអាទិត្យ ទី២០ ខែមិថុនា។
ឯកសារដាច់ដោយឡែកមួយបានបង្ហាញថា លោក Ke Liming ដែលជាម្ចាស់ផលិតកម្មភាពយន្ត Pumpkin Films បានទិញយកភាគហ៊ុនទាំងនេះ។ ផលិតកម្មភាពយន្ត Pumpkin Films ត្រូវបានក្រុមហ៊ុន HengTen ទិញយកកាលពីខែតុលា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមទាំងសារព័ត៌មាន Oriental Daily ផងសុទ្ធតែបានចុះផ្សាយអំពីដំណឹងនេះនៅមុននេះ។
ក្រុមហ៊ុន Evergrande បានជ្រើសយកវិធីលក់ចេញទ្រព្យសកម្មរបស់ខ្លួនដើម្បីដោះទាល់ ខណៈខ្លួនព្យាយាមបំពេញឱ្យបានតាមលក្ខខណ្ឌតម្រូវ “ខ្សែបន្ទាត់ក្រហមទាំង៣” (Three Red Line) ដែលទប់អនុបាតបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍។ កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលច្រើនបំផុតរបស់ប្រទេសចិន មួយនេះបានប្រកាសថា ខ្លួននឹងលក់ភាគហ៊ុនក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Evergrande។
លោក Hui Ka Yan ស្ថាបនិកក្រុមហ៊ុន Evergrande បានបញ្ចុះបញ្ចូលមិត្តភក្ដិដែលមានលុយមហាសាល និងអ្នកគាំទ្រក្នុងសកម្មភាពកៀរគរមូលនិធិបន្ថែមដើម្បីទប់វិបត្តិសន្ទនីយភាព (Liquidity)។ សន្ទនីយភាព៖ កម្រិតដែលទ្រព្យសកម្ម ឬសញ្ញាប័ណ្ណអាចត្រូវបានទិញ ឬលក់នៅក្នុងទីផ្សារដោយពុំមានការប៉ះពាល់ដល់តម្លៃទ្រព្យសកម្មនោះ។ ទ្រព្យសកម្មដែលមានភាពងាយស្រួលក្នុងការទិញ និងលក់ អាចចាត់ទុកជាទ្រព្យសកម្មដែលមានសន្ទនីយភាព។ សន្ទនីយភាពឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការបំប្លែងទ្រព្យសកម្មមួយឱ្យទៅជាសាច់ប្រាក់។
យោងតាមឯកសារបង្ហាញថា ចំនួនភាគហ៊ុនរបស់លោក Ke Liming ក្នុងក្រុមហ៊ុន HengTen នឹងកើនឡើង៣២,៣៦%ដល់ប្រហែល៤០,៤% បន្ទាប់ពីការជួញដូរនេះ។
សារព័ត៌មាន Bloomberg បានចុះផ្សាយកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះថា នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ ធនាគារចិន ធំៗមួយចំនួនបានសម្រេចមិនបន្តផ្ដល់ឥណទាន ឬប្រាក់កម្ចីទៀតឡើយសម្រាប់ក្រុមហ៊ុនណាដែលដល់ពេលកំណត់ត្រូវសងបំណុលក្នុងឆ្នាំនេះ។
ក្រុមអ្នកវិភាគមកពី Bloomberg Intelligence ដែលដឹកនាំដោយលោក Daniel Fan បានលើកឡើងថា ក្រុមហ៊ុន Evergrande ប្រហែលជាត្រូវលក់ចេញទ្រព្យសកម្មបន្ថែមទៀតដើម្បីកៀរគរមូលនិធិបន្ថែម។ លោក Daniel Fan ថ្លែងថា ទ្រព្យសកម្មសំខាន់ៗផ្សេងទៀតរបស់ក្រុមហ៊ុន Evergrande ដែលអាចលក់ចេញជាលុយរួមមានអចលនទ្រព្យប្រភេទទេសចរណ៍ អាជីវកម្មរថយន្តអគ្គិសនី សេវាកម្មអចលនទ្រព្យ និង Platform លក់តាមអនឡាញ Fangchebao ផងដែរ។ លោកបានបន្ថែមថា ទ្រព្យសកម្មទាំងនោះអាចមានតម្លៃ១០៨ពាន់លានដុល្លារអាមេរិក។
ភាគហ៊ុនរបស់ក្រុមហ៊ុន HengTen បានធ្លាក់ចុះ៩%នៅក្រុងហុងកុង កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ ដោយធ្លាក់ចុះ៦៣%បើធៀបនឹងកម្រិតខ្ពស់មិនធ្លាប់មានរបស់ខ្លួនកាលពីខែកុម្ភៈ ដើមឆ្នាំនេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande បានហក់ឡើង០,៧%ជិតដល់១០,៩ដុល្លារហុងកុង (១,៤០ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន៕