រដ្ឋបាលខេត្តព្រះសីហនុអះអាងថាបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍វិនិយោគិនជាតិនិងអន្តរជាតិ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ទោះបីជាកម្ពុជាជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្ដី តែកម្ពុជាក៏មិនភ្លេចក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួនដែរ និងបានត្រៀមខ្លួនក្នុងការទទួលស្វាគមន៍វិនិយោគិន នៅពេលចប់វិបត្តិកូវីដ១៩ខាងមុខនេះ ជាក់ស្តែង ខេត្តព្រះសីហនុក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍វិនិយោគិនជាតិ និងអន្តរជាតិ។

លោកឃាង ភារម្យអ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានថ្លែងប្រាប់នៅថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២១នេះថា ទោះបីជាស្ថានភាពកូវីដ១៩ នៅតែបង្កជាបញ្ហាដល់ខេត្តសម្រាប់ដោះស្រាយក្ដី តែយើងក៏មិនភ្លេចពីការអភិវឌ្ឍខេត្ត ដើម្បីស្វាគមន៍ដល់វិនិយោគិនជាតិ និងអន្តរជាតិមកបណ្ដាក់ទុនរកស៊ី នៅពេលចប់វិបត្តិកូវីដ១៩នោះទេ។

លោកបានថ្លែងបន្តថា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅក្នុងខេត្ត គឺជាកត្តាទាក់ទាញមួយដល់វិនិយោគិនជាតិ និងអន្តរជាតិ សម្រាប់មកបណ្ដាក់ទុននៅពេលខាងមុខឆាប់នេះ ខណៈហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីរាជធានីក៏កំពុងតែស្ថាបនាយ៉ាងមមាញឹក ដើម្បីសម្រួលដល់បណ្ដាអ្នកវិនិយោគ ដែលមានបំណងមកកាន់ខេត្តព្រះសីហនុ។

លោកបានបន្តថា “ក្នុងខេត្តព្រះសីហនុ យើងមានផ្លូវជាច្រើនខ្សែខ្វាត់ខ្វែង ដែលជាការទាក់ទាញទេសចរជាតិនិងអន្តរជាតិ ចូលមកកាន់ខេត្តព្រះសីហនុ ខណៈនៅខេត្តនេះក៏មានព្រលានយន្តហោះអន្តរជាតិអាចតភ្ជាប់ជើងហោះហើរពីក្រុងព្រះសីហនុទៅកាន់គោលដៅប្រទេសជាច្រើនទៀតលើពិភពលោក។ ទាំងនេះ សុទ្ធសឹងតែអ្វីដែលយើងបានត្រៀមចំពោះការទទួលស្វាគមន៍វិនិយោគិនចូលមកបណ្ដាក់ទុន”។

លោកបន្ថែមថា អ្វីដែលសំខាន់នោះ ខេត្តព្រះសីហនុក៏បាននិងកំពុងជំរុញការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ជូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន និងអាចឱ្យអាជីវកម្មនិងសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តនេះវិលទៅរកប្រក្រតីភាពឡើងវិញនៅពេលខាងមុខឆាប់នេះ។

លោកបានបន្តថា ទោះបីជាយើងបានចាក់វ៉ាក់សាំងជូនពលរដ្ឋនៅក្នុងខេត្តព្រះសីហនុរួចហើយក្ដី ក៏យើងត្រូវតែអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលក៏ដូចជាប្រមុខរាជរដ្ឋាភិបាលគឺ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺនេះនៅក្នុងខេត្តក៏ដូចជាក្នុងប្រទេសកម្ពុជា។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានឱ្យដឹងថាទោះបីជាកូវីដ១៩មិនទាន់បញ្ចប់មែនក្ដី តែយើងក៏ត្រូវតែត្រៀមខ្លួនឱ្យរួចរាល់ ដើម្បីស្វាគមន៍វិនិយោគិនបរទេសដែលនឹងត្រលប់មកកម្ពុជាវិញនៅពេលឆាប់ៗខាងមុខនេះ។

លោកបានថ្លែងបន្តថា ការត្រៀមខ្លួនមិនមែនទាល់តែវិបត្តិចប់នោះទេ គឺត្រូវត្រៀមចាប់ពីពេលនេះឱ្យរួចរាល់។ អ្វីដែលយើងត្រូវត្រៀមនោះ គឺធនធានមនុស្សទៅតាមវិស័យនីមួយៗនិងភាពស្របច្បាប់នៃការរកស៊ីនៅក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here