ដោយៈ គៀតឈូ
វ៉ាស៊ីនតោនៈ សេដ្ឋកិច្ចសហរដ្ឋអាមេរិកកើនឡើងក្នុងអត្រា៦,៤%ក្នុងរយៈពេល៣ខែដំបូង ឆ្នាំនេះ ដែលធ្វើឱ្យអ្នកសេដ្ឋកិច្ចជឿថា វាអាចជាឆ្នាំមួយល្អប្រសើរបំផុតសម្រាប់សេដ្ឋកិច្ចអាមេរិកក្នុងរយៈពេលប្រហែល៧ទសវត្សរ៍ចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងកាលពីថ្ងៃទី២៤ ខែមិថុនានេះថា កំណើននៃផលិតផលក្នុងស្រុកសរុប ទំនិញ និងសេវាកម្មមិនមានការផ្លាស់ប្តូរ ពីការប៉ាន់ស្មានចំនួនពីរ លើកមុន ដែលជាការកើនឡើង ពី៤,៣%នៃត្រីមាសទី៤ ឆ្នាំមុន។
សេដ្ឋវិទូជឿជាក់ថា កំណើនសេដ្ឋកិច្ចបានបន្តបង្កើនល្បឿននៅក្នុងត្រីមាសបច្ចុប្បន្ន ដែលបញ្ចប់នៅខែនេះខណៈការចាក់វ៉ាក់សាំងកាន់តែទូលំទូលាយ ហើយជនជាតិអាមេរិក ដែលចង់ចេញទៅខាងក្រៅ ត្រូវបានស្វាគមន៍ដោយអាជីវកម្ម ដែលត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ។ ការកើនឡើងនូវសកម្មភាពពីអ្នកប្រើប្រាស់កំពុងត្រូវបានជម្រុញមួយផ្នែក ដោយកញ្ចប់ថវិកា៣ទ្រីលានដុល្លារក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលរដ្ឋាភិបាលបានអនុម័តចាប់តាំងពីខែធ្នូ កន្លងទៅនេះ។
ទិន្នន័យសេដ្ឋកិច្ចបានបន្ថែមថា ការចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ក៏បានចង្អុលបង្ហាញពីប្រជាជាតិមួយដែលកើនឡើងយ៉ាងលឿន បន្ទាប់ពីត្រូវបានវាយប្រហារដោយជំងឺរាតត្បាតកូវីដ១៩។
លោកLydia Boussourអ្នកសេដ្ឋកិច្ចអាមេរិកផ្នែកសេដ្ឋកិច្ចOxford បានមានប្រសាសន៍ថា “រដូវក្តៅនេះនឹងមានស្ថានភាពល្អសម្រាប់សេដ្ឋកិច្ចអាមេរិក។ នៅពេលដែលស្ថានភាពសុខភាពបន្តប្រសើរឡើង អតិថិជនមានប្រាក់សន្សំច្រើន នឹងផ្តល់ការជំរុញលើសេវាកម្ម និងបង្កើនលើការចំណាយបន្ថែម”។
លោកBoussour បានព្យាករថា កំណើនGDPនៅត្រីមាស ខែមេសា-មិថុនា នឹងកើនឡើងដល់អត្រាប្រចាំឆ្នាំ ១២% ហើយកំណើនសម្រាប់ពេញមួយឆ្នាំនឹងកើនឡើងដល់៧,៥%។ នោះគឺជាការដំណើរការសេដ្ឋកិច្ចប្រចាំឆ្នាំល្អបំផុត ចាប់តាំងពីឆ្នាំ១៩៥១។
សូម្បីតែអ្នកសេដ្ឋកិច្ច ដែលេធ្លាប់ព្យាករពីកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១ក្នុងអត្រាពី៦ភាគរយ ទៅ៧ភាគរយជឿថា កំណើននៅឆ្នាំនេះនឹងកើនឡើងដល់៧,២% គិតចាប់ពីឆ្នាំ១៩៨៤ នៅពេលសហរដ្ឋអាមេរិកកំពុងងើបឡើងពីវិបត្តិសេដ្ឋកិច្ច៕