អ្នកជំនាញៈ រៀងរាល់៥ឆ្នាំម្តង រាជធានីភ្នំពេញត្រូវការពង្រីកខ្លួនបន្ថែមដើម្បីឆ្លើយតបនឹងកំណើនសេដ្ឋកិច្ចនិងប្រជាសាស្ត្រ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញអះអាងថា កំណើនសេដ្ឋកិច្ច និងកំណើនប្រជាសាស្ត្រ នឹងទាមទារឱ្យមានការពង្រីកទំហំទីរាជធានីភ្នំពេញកាន់ធំបន្ថែមទៀត ខណៈទីក្រុងភ្នំពេញគឺជាបណ្តុំនៃសេដ្ឋកិច្ច ហើយជាចំណុចកណ្តាលមួយ ដែលទាក់ទាញការវិនិយោគ និងការធ្វើពាណិជ្ជកម្មខ្លាំងជាងគេនៅកម្ពុជា។

លោកយិន លាងគង់ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍនដីឡូតិ៍កម្ពុជា បានថ្លែងប្រាប់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះថា កំណើននៃការរីកចម្រើនទីក្រុង ការកើនឡើងកត្តាប្រជាសាស្ត្រ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗរបស់រដ្ឋាភិបាល បាននិងកំពុងធ្វើឱ្យរាជធានីភ្នំពេញ កាន់តែពង្រីកខ្លួនកាន់តែធំ។

លោកបានថ្លែងថា ដើម្បីជំរុញគោលនយោបាយបង្ខិតទីក្រុង និងតំបន់ជនបទ កាន់តែខិតជិតគ្នា ទើបរៀងរាល់៥ឆ្នាំម្តង រាជរដ្ឋាភិបាលតែងតែពិនិត្យមើលឡើងវិញនូវផែនការពង្រីកទីក្រុង ដើម្បីជំរុញការរីកចម្រើននៅតាមតំបន់ជនបទ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានប្រសើរឡើង។

លោកបានឱ្យដឹងទៀតថា ការរីកចម្រើននៃរាជធានីភ្នំពេញក្នុងរយៈពេល២០ឆ្នាំចុងក្រោយ បានធ្វើឱ្យទីក្រុងនេះលេចមុខមាត់ ហើយត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។

លោកបានបន្តថា ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយស្ថិតក្នុងក្រសែរភ្នែករបស់អ្នកវិនិយោគអន្តរជាតិ និងប្រៀបដូចកូនក្រមុំមួយ ដែលមានសម្រស់ដ៏ស្រស់ស្អាត ប៉ុន្តែការមានសម្រស់ដ៏ស្រស់ ឬមានសក្តានុពល ក៏ត្រូវមានការផ្សារភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ព្រោះប្រសិនបើគោលនយោបាយរបស់រាជរដ្ឋាភិបាលមិនមានការបើកចំហរ មិនមានភាពបត់បែន និងមិនមានការផ្តល់បរិយាកាសវិនិយោគកាន់តែប្រសើរទេ ក៏មិនអាចទាក់ទាញការវិនិយោគបានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗផងដែរ។

លោកបានថ្លែងដូច្នេះថា “លំហូរទុនវិនិយោគពីបរទេស ឬFDI នេះហើយនេះ ដែលធ្វើឱ្យរាជធានីភ្នំពេញកាន់រីកធំ កាន់តែមានសក្តានុពល និងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះការពង្រីកទីក្រុងបន្ថែមទៀតជាទិសដៅត្រឹមត្រូវមួយរបស់រាជរដ្ឋាភិបាល”។

លោកសាស្ត្រាចារ្យទួស សាភឿនអគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជាធ្លាប់ថ្លែងប្រាប់ថា ភ្នំពេញគឺជាបណ្តុំនៃសេដ្ឋកិច្ច ហើយជាចំណុចកណ្តាលមួយ ដែលមានការវិនិយោគ ការរស់នៅ និងការធ្វើពាណិជ្ជកម្មច្រើន ដូច្នេះតម្រូវការទីផ្សារខ្ពស់។

លោកបានថ្លែងថា “យើងគិតថា ទីក្រុងភ្នំពេញមានទំហំធំ ប៉ុន្តែសម្រាប់ខ្ញុំគិតថា វាមិនធំនោះទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ ឥទ្ធិពលនៃទីក្រុងភ្នំពេញ បានរីកសាយទៅតំបន់ជិតខាង ដែលនឹងធ្វើឱ្យទីក្រុងភ្នំពេញ ត្រូវការពង្រីកខ្លួនបន្ថែម ដើម្បីឆ្លើយតបនឹងតម្រូវការទាំងអស់ទាំងនេះ”។ លោកលើកបែបនេះ សំដៅកាន់តម្រូវការទីផ្សារ កំណើនប្រជាជន និងកំណើនសេដ្ឋកិច្ច។

លោកបានថ្លែងទៀតថា ក្នុងរយៈពេលចុងក្រោយនេះ ការសាងសង់អាគារខ្ពស់ៗ បានកើតឡើងច្រើន ហើយទោះបីជាមានវិបត្តិកូវីដ១៩ សាងសង់អាគារខ្ពស់ៗ នៅតែកើតឡើង ប៉ុន្តែមិនច្រើន ដូចមុនសម័យកូវីដនោះទេ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈធ្លាប់បានលើកឡើងដែរថា សម្រាប់ផែនការនៃការបង្កើតខណ្ឌថ្មី បានផ្តល់ផលប្រយោជន៍សំខាន់ៗជាច្រើន ដែលក្នុងនោះរួមមានការពង្រីករដ្ឋបាលសាធារណៈ វិស័យសេដ្ឋកិច្ចនៅក្នុងតំបន់ ក៏ដូចជាវិស័យទេសចរណ៍ផងដែរ។

លោកបានបន្តទៀតថា “តំបន់ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនេះ ជាតំបន់ដែលមានសក្ដានុពលខ្លាំង ដែលអាចបម្រើនូវផលប្រយោជន៍ជាច្រើន”។ លោកបន្តថា “ក្រោយពេលមានស្ពានឆ្លងកាត់ ខណ្ឌថ្មីនេះនឹងមានសកម្មភាពលើវិស័យផ្សេងៗជាច្រើន ជាពិសេសបម្រើដល់វិស័យដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹកផងដែរ”។

លោកបន្តទៀតថា នៅពេលមានការអភិវឌ្ឍ នឹងទាក់ទាញមនុស្សឱ្យចូលទៅរស់នៅកាន់តែច្រើន ដែលអាចនឹងអភិវឌ្ឍន៍ទៅជាទីក្រុងរណបថ្មីមួយទៀត ស្របទៅនឹងគោលដៅរបស់រដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here