រដ្ឋាភិបាលគ្រោងចំណាយ១៦០លានដុល្លារសម្រាប់គម្រោងសាច់ប្រាក់ពលកម្មនៅកម្ពុជា

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ រាជរដ្ឋាភិបាលក៏គ្រោងនឹងចំណាយ១៦០លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់គម្រោងសាច់ប្រាក់ពលកម្មសម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចពីវិបត្តិកូវីដ១នៅឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបជាមួយលោកស្រី Victoria Kwakwaអនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោកអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន កម្ពុជាបានបង្កើនថវិកាចំណាយពីលើច្បាប់ហិរញ្ញវត្ថុ។

លោកបានបន្តថា ជាក់ស្ដែងរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើនជុំ ហើយវិធានការជុំទី៩ ស្ដីពីការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិកូវីដ១៩ ក៏នឹងដាក់ចេញបន្ថែមទៀតនៅក្នុងពេលខាងមុខនេះ។

លោកបន្តថា កញ្ចប់អន្តរាគមន៍ជាក់ស្ដែងទាំងនោះ រួមមាន ១. ចំណាយលើការទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩តាមរយៈក្រសួងសុខាភិបាល ២. ចំណាយលើការបណ្ដុះបណ្ដាលជំនាញ និងឧបត្ថម្ភកម្មករពេលព្យួរកិច្ចសន្យាការងារ តាមរយៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជមានជីវៈ ៣. គម្រោងសាច់ប្រាក់ពលកម្មចំនួន១០០លានដុល្លារ នៅឆ្នាំ២០២០ និង១៦០លានដុល្លាអាមេរិកនៅឆ្នាំ ២០២១នេះ ៤. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រ-១ ក្រ-២ និងជនងាយរងគ្រោះ ៥ ចំណាយផ្នែកសន្តិសុខស្បៀង និងការជំរុញចលនាផលិតស្បៀងនិងចំណាយផ្សេងៗ និង៦ ចំណាយអន្តរាគមន៍ផ្នែកសេដ្ឋកិច្ចជួយដល់សហគ្រាសធុនតូច និងមធ្យមតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនសាជីវកម្មធានាឥណទាននៅកម្ពុជា។

លោកស្រី Victoria Kwakwaអនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានបញ្ជាក់ពីជំហរគាំទ្រយ៉ាងពេញទំហឹង របស់ធនាគារពិភពលោក ក្នុងការរួមចំណែកគាំទ្ររាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩នេះ ដោយសន្យាពិនិត្យឡើងវិញ និងកែសម្រួលឯកសារក្របខ័ណ្ឌនៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយធនាគារពិភពលោកឱ្យឆ្លើយតបទៅនឹងបរិកាណ៍បច្ចុប្បន្ននៃជំងឺកូវីដ១៩ និងស្របតាមផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ឆ្នាំ២០២១-២០២៣របស់រាជរដ្ឋាភិបាល។

វិបត្តិកូវីដដ១៩ បានធ្វើឱ្យការចំណាយរបស់រដ្ឋាភិបាលកើនឡើងជាងឆ្នាំមុនជាក់ស្ដែងកាលពីឆ្នាំ២០២០កន្លងទៅ រដ្ឋាភិបាលចំណាយបន្ថែម១០០លានដុល្លារសម្រាប់គម្រោងសាច់ប្រាក់ពលកម្មសម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចពីវិបត្តិកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here