ជប៉ុនសម្រេចផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតលើលោកRCEPដែលមានកម្ពុជាចូលរួមផងដែរ

0

ដោយៈ ប៊ី

ភ្នំពេញៈ ជប៉ុនបានសម្រេចជាស្ថាពរលើនីតីវិធីផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតលើលោក (RCEP) ដែលរួមមានទាំងចិន និងអាស៊ាន នៅក្នុងនោះក៏មានកម្ពុជាផងដែរនៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Kyodo News នៅល្ងាចថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។

ជប៉ុន គឺជាប្រទេសទី៣ ដែលបានបញ្ចប់នីតីវិធីផ្តល់សច្ចាប័នកិច្ចព្រមព្រៀងRCEPនេះ។ វានឹងជាកិច្ចព្រមព្រៀងពាណិជ្ជកម្មលើកដំបូងរបស់ជប៉ុន ដែលពាក់ព័ន្ធជាមួយចិនផង និងកូរ៉េខាងត្បូងផង ខណៈមួយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន និងមួយទៀតជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ៣។

លោក Hiroshi Kajiyama រដ្ឋមន្រ្តីសេដ្ឋកិច្ច-ពាណិជ្ជកម្មជប៉ុន បានថ្លែងយ៉ាងដូច្នេះថា “កិច្ចព្រមព្រៀងនេះ នឹងពង្រឹងចំណងទាក់ទងរវាងជប៉ុន និងតំបន់អាស៉ី-ប៉ាស៉ីហ្វិក ដែលជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក ហើយវាក៏នឹងចូលរួមចំណែកយ៉ាងវិជ្ជមាន ចំពោះកំណើនសេដ្ឋកិច្ចជប៉ុន នៅពេលចូលជាធរមានផងដែរ”។

កិច្ចព្រមព្រៀង RCEP ត្រូវបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយប្រទេសចំនួន ១៥ ក្នុងនោះរួមមានអាស៊ាន ចិន ជប៉ុន អូស្រ្តាលី នូវែលសេឡង់ និងកូរ៉េខាងត្បូង។ វានឹងចូលជាធរមាននៅរយៈពេល៦០ថ្ងៃ ក្រោយទទួលបានការផ្តល់សច្ចាប័នពីសំណាក់ សមាជិកអាស៊ានយ៉ាងហោច ០៦ និងប្រទេសហត្ថលេខី ៣ទៀត។ សម្រាប់ប្រទេសសិង្ហបុរី និងចិន បានបញ្ចប់នីតិវិធីផ្តល់សច្ចាប័នរៀងៗខ្លួនរួចរាល់ហើយ គឺមុនជប៉ុនទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here