ដោយៈ គៀតឈូ
ប៉េកាំងៈ ការស្ទង់មតិ ដែលចេញផ្សាយដោយសហគមន៍ធុរកិច្ចចិននៅសហរដ្ឋអាមេរិក បានបង្ហាញពីស្ថានភាពមិនសូវជាល្អប្រសើរ ចំពោះក្រុមហ៊ុនចិននៅសហរដ្ឋអាមេរិក ដែលកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងអំពីទំនាក់ទំនងភាគីរវាងមហាសេដ្ឋកិច្ចធំជាងគេពីរនៅលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Star នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។
ក្រុងវ៉ាស៊ីនតោនបានបង្កើនកិច្ចប្រឹងប្រែងក្នុងការប្រឆាំងនឹងទីក្រុងប៉េកាំង ដែលកំពុងបង្កភាពមិនប្រាកដប្រជា ហើយបានធ្វើឱ្យក្រុមហ៊ុនចិនមួយចំនួនពិចារណាកាត់បន្ថយ និងបញ្ឈប់ការវិនិយោគនៅអាមេរិក ឬផ្លាស់ប្តូរទៅរកទីផ្សារផ្សេងទ។
ក្រុមហ៊ុនចិនប្រមាណ៧៤ភាគរយបានឱ្យដឹងថា ទំនាក់ទំនងទដ៏ស្មុគស្មាញរវាងចិន និងសហរដ្ឋអាមេរិកគឺជាបញ្ហាប្រឈមដ៏លំបាកបំផុតក្នុងការធ្វើជំនួញនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០។ នេះបើយោងតាមការស្ទង់មតិរបស់សភាពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក។
ការស្ទង់មតិនេះមានចំណងជើងថា “ការស្ទង់មតិអាជីវកម្មប្រចាំឆ្នាំស្តីពីសហគ្រាសចិននៅសហរដ្ឋអាមេរិក”ដែលឆ្លុះបញ្ចាំងពីបរិយាកាសធុរកិច្ចអាមេរិក និងបញ្ហាប្រឈមដែលបានជួបប្រទះ ចំពោះអាជីវកម្មចិនកំពុងប្រតិបត្តិការនៅអាមេរិក។
ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីទប់ទាល់នឹងការរះឡើងរបស់ប្រទេសចិន គណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកគ្រោងនឹងរៀបចំការប្រជុំមួយនៅថ្ងៃពុធសប្តាហ៍ក្រោយ ដើម្បីពិចារណបង្កើតច្បាប់ ដើម្បីជំរុញការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងរុញច្រានទីក្រុងប៉េកាំងទៅលើបញ្ហាសិទ្ធិមនុស្ស។
អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងការស្ទង់មតិនោះគឺក្រុមហ៊ុនចិនចំនួន៤៣ភាគរយបានរាយការណ៍អំពីជម្លោះរវាងគ្នានិងគ្នា ដែលប្រឆាំងនឹងអាស៊ីនិងចិន និងការគ្រប់គ្រងប្រតិបត្ដិការ ដែលកំពុងលេចចេញជាក្តីបារម្ភធំបំផុតទី២របស់ពួកគេក្នុងឆ្នាំ២០២០។
សង្រ្គាមពន្ធគយរវាងប្រទេសទាំងពីរ នៅតែបន្តប៉ះពាល់លើប្រតិបត្តិការអាជីវកម្មចិននៅអាមេរិកក្នុងឆ្នាំ ២០២០ ដោយបង្កើនការចំណាយលើការនាំចូលផលិតផលគ្រប់ប្រភពពីការផ្គត់ផ្គង់។ ការស្ទង់មតិបានបង្ហាញថា ប្រហែលជា៧៨ភាគរយនៃអ្នកឆ្លើយតបបានរាយការណ៍ថាត្រូវបានជះឥទ្ធិពលអវិជ្ជមាន ហើយអ្នកផ្សេងទៀតគិតថា វានឹងមានផលប៉ះពាល់រយៈពេលវែង៕