ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ តំបន់ប៉ែកខាងត្បូង ឈៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានចាត់ទុកជាតំបន់ឆ្ងាយពីទីក្រុង និងមិនសូវមានការចាប់អារម្មណ៍វិនិយោគិននិងប្រជាពលរដ្ឋប៉ុន្មាននោះទេ តែរហូតមកដល់ពេលនេះ តំបន់ប៉ែកខាងលិចនិងខាងត្បូងរាជធានី បានបង្ហាញពីសក្ដានុពល ក្នុងការអភិវឌ្ឍលំនៅឋានក៏ទាក់ទាញ និងមានវិនិយោគិនក្នុងស្រុកជាច្រើន បានសម្រុកអភិវឌ្ឍន៍លំនៅឋានទាំងតម្លៃសមរម្យ និងតម្លៃខ្ពស់ផ្ដល់ជូនអតិថិជនដែលមានតម្រូវការ។
លោកសន សៀបស្ថាបនិក និងជានាយកក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតបានឱ្យដឹងនាព្រឹកថ្ងៃទី២៨ មិថុនានេះថា សន្ទុះនៃតម្លៃដីធ្លី នៅតំបន់ខណ្ឌដង្កោនៃរាជធានីភ្នំពេញ ដែលមាននៅប៉ែកលិច ឈៀងខាងត្បូងរាជធានី មានការកើនឡើងខ្លាំងតំបន់ផ្សេងៗ នៃរាជធានី ពីព្រោះតំបន់ទាំងនេះ គេឃើញមានការសាងសង់ហេដ្ឋានរចនាសម្ព័ន្ធថ្មីៗនិងខ្វាត់ខ្វែង ធ្វើឱ្យវិនិយោគិនក្នុងស្រុកជាច្រើន ចាប់អារម្មណ៍ក្នុងការអភិវឌ្ឍគម្រោង ជាពិសេសគម្រោងលំនៅឋាននៅតំបន់ទាំងនេះ ក៏មានការរីកដុះដាលកាន់តែខ្លាំង ។
លោកបន្តថា “តំបន់នេះមានផ្លូវក្រវ៉ាត់ក្រុងថ្មីៗរត់កាត់ ដែលជំរុញឱ្យវិនិយោគ កាន់តែចាប់អារម្មណ៍ហើយក៏មានគម្រោងថ្មីៗរបស់រដ្ឋ និងឯកជនជាច្រើន បាននិងកំពុងបន្តអភិវឌ្ឍន៍ ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី ហើយវាក៏បាននិងកំពុងជំរុញឱ្យតំបន់នេះ កាន់តែទទួលបានការពេញនិយមទៅលើតំបន់លំនៅឋាន”។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលវត្ថុកម្ពុជាបានឱ្យដឹងថា ទីណាមានការអភិវឌ្ឍហេដ្ឋារចនាស ម្ព័ន្ធច្រើន ទីនោះនឹងទទួលបានការវិនិយោគ នឹងមានការទាក់ទាញលើការវិនិយោគកាន់តែច្រើន។
ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានចំណាយថវិកាយ៉ាងច្រើន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងនៅរាជធានីភ្នំពេញ និងនៅ តាមបណ្ដាខេត្តក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តផងដែ ។
លោកបន្តថា “បើនិយាយពីសក្ដានុពលអភិវឌ្ឍន៍អចលនវត្ថុ នៅជុំវិញរាជធានីភ្នំពេញ គេមើលឃើញថាមានការអភិវឌ្ឍដូចៗគ្នា គ្រាន់តែតំបន់នីមួយៗ មានសក្ដានុពលខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ” ។
លោកសុខនីមបានបន្តថា តំបន់ដែលនៅឆ្ងាយពីរាជធានីភ្នំពេញបន្តិច តម្លៃដីធ្លីនៅមានកម្រិត ដូច្នេះវិនិយោគិនអាចទិញដី នៅតំបន់ឆ្ងាយពីភ្នំពេញដើម្បីអភិវឌ្ឍន៍គម្រោងសម្រាប់លក់ជូនអតិថិជន ក្នុងតម្លៃសមរម្យ ហើយតំបន់នៅជិតរាជធានីភ្នំពេញ ដែលមានតម្លៃដីធ្លីថ្លៃៗ គេទុកសម្រាប់អភិវឌ្ឍន៍គម្រោងតម្លៃខ្ពស់ៗវិញ៕