ក្រោយភ្លៀងមេឃស្រឡះ តម្លៃផ្ទះនៅក្រុងហុងកុងបន្តហក់ឡើង៥ខែជាប់គ្នា

0

ដោយៈ សុខុម

ហុងកុង: បន្ទាប់ពីបាតុកម្មដ៏យូរ និងធ្វើឲ្យទីក្រុងនេះជួបភាពខ្មៅងងឹត ឥលូវនេះសកម្មភាពសេដ្ឋកិច្ច និងអចលនទ្រព្យ បានចាប់ផ្តើមវិលមករកភាពប្រក្រតីវិញហើយដោយតម្លៃអចលនទ្រព្យនៅទីក្រុងនេះបានហក់ឡើងខ្ពស់ជាថ្មី។

យោងតាមទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃច័ន្ទ ទី២៨ មិថុនា នេះថា តម្លៃផ្ទះឯកជននៅក្រុងហុងកុង ដែលជាទីផ្សារលំនៅដ្ឋានថ្លៃបំផុតក្នុងពិភពលោក បានបន្តហក់ឡើងក្នុងរយៈពេល៥ខែជាប់ៗគ្នានក្នុងខែឧសភា។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA ឱ្យដឹងថា ការហក់ឡើងតម្លៃផ្ទះនេះគឺដោយសារសេដ្ឋកិច្ចងើបឡើង និងការរំពឹងថា នឹងមានជនជាតិចិនដីគោក សម្រុកទិញដែលធ្វើឱ្យតម្លៃហក់ឡើងខ្ពស់។

ទិន្នន័យដដែលបង្ហាញថា សន្ទស្សន៍តម្លៃផ្ទះបានហក់ឡើង០,៦% កាលពីខែឧសភា បើធៀបនឹងកំណើន០,៤%កាលពីខែមេសា។ សន្ទស្សន៍នេះ បានកើនឡើង៣,៦%គិតមកទល់ពេលនេះក្នុងឆ្នាំនេះ ហើយវាបានធ្លាក់ចុះត្រឹមតែ០,៨%ប៉ុណ្ណោះ បើធៀបនឹងអត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងខេឧសភា ឆ្នាំ២០១៩។

ក្រុមអ្នកប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យរំពឹងថា តម្លៃផ្ទះនឹងបំបែកកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានខាងលើ នៅក្នុងត្រីមាសទី៣ ចុងឆ្នាំ២០២១នេះ ហើយសន្ទស្សន៍នេះនឹងកើនឡើង៥%បន្ថែមទៀតនៅក្នុងឆមាសទី២។

លោក Alva To អនុប្រធានក្រុមហ៊ុនផ្ដល់សេវាអចលនទ្រព្យអន្តរជាតិឈានមុខគេ Cushman & Wakefield Greater China បានលើកឡើងថា “យើងរំពឹងថា ជាមួយនឹងការបើកឡើងវិញ នូវការធ្វើដំណើរឆ្លងព្រំដែននៅក្នុងឆមាសទី២ នៃឆ្នាំនេះ អ្នកទិញដែលមកពីចិនដីគោក នឹងជួញជំរុញឱ្យការលក់អចលនទ្រព្យ ក្នុងស្រុកមានសន្ទុះកើនឡើង”។

នៅពេលទីផ្សារអចលនទ្រព្យចាប់ផ្ដើមបង្កើនល្បឿន ក្រុមហ៊ុនអភិវឌ្ឍន៍នានានឹងពន្លឿនការបើកគម្រោងថ្មីៗ ដែលជំរុញឱ្យចំនួននៃការទិញចលនទ្រព្យកើនឡើង។

ក្រុមហ៊ុន Cushman & Wakefield Greater China រំពឹងថា ប្រតិបត្តិការទិញផ្ទះសរុបក្នុងឆមាសទី១ នឹងកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១២ មក។

ផ្ទះចំនួន១៧៣យូនីត ដែលជាដំណាក់កាលចងុងក្រោយ ក្នុងគម្រោងNew Territories ដែលក្រុមហ៊ុន New World Development បានប្រកាសបើកលក់ ទទួលបានការចុះឈ្មោះទិញចំនួន៣០.៦០០ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន នៅក្រុងហុងកុង។

អាផាតម៉ិនមួយ ដែលមានបន្ទប់គេងចំនួន៤ នៅក្នុងគម្រោង New Territories ត្រូវបានដាក់ដេញថ្លៃ ក្នុងតម្លៃរហូតដល់ទៅ៤៥.០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃខ្ពស់បំផុតផងដែរ នៅក្នុងតំបន់ជាយក្រុងនេះ។

តាមរយៈរបាយការណ៍មួយ ស្ថាប័នចំនួនពីររួមមានវិទ្យាស្ថានកំណែទម្រង់តំបន់ក្រុង (Urban Reform Institute) និងមជ្ឈមណ្ឌលព្រំដែន សម្រាប់គោលនយោបាយសាធារណៈ (Frontier Centre for Public Policy) បានដាក់ចំណាត់ថ្នាក់ក្រុងហុងកុង ក្នុងឆ្នាំ២០២០ ជាទីផ្សារលំនៅដ្ឋានថ្លៃបំផុត ក្នុងពិភពលោករយៈពេល១១ឆ្នាំជាប់ៗគ្នា ដោយផ្អែកលើតម្លៃអចលនទ្រព្យជាមធ្យម និងប្រាក់ចំណូលគ្រួសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here