សម្ដេចតេជោៈការប្រកួតប្រជែងរវាងប្រទេសមហាអំណាចធំៗធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច បណ្តាលមកពីវិបត្តិកូវីដកាន់តែស្មុគស្មាញ

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ការឆ្លងរាលដាលដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ បានកើតឡើងក្នុងអំឡុងពេលដ៏លំបាកមួយ ដែលនិន្នាការពហុភាគីនិយម កំពុងតែស្ថិតនៅក្រោមការគំរាមកំហែង ពីសំណាក់ការកើនឡើងនៃនិន្នា​ការឯកតោភាគីនិយម ប្រជានិយម និងគាំពារនិយម។

សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងសន្និសីទតុមូល ក្រោមប្រធានបទតួនាទីនិងការទទួលខុសត្រូវ នៃគណបក្សនយោបាយរុស្ស៊ីនិងអាស៊ាន ក្នុងការពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៩មិថុនា ២០២១នេះថា  ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចធំៗ បានធ្វើឱ្យស្ថានភាពនៃកាន់តែមានភាពស្មុគស្មាញ ខណៈស្មារតីល្បែងផលបូកសូន្យ នៃត្រជាក់ថ្មីកំពុងលេចឡើង ហើយសណ្ដាប់ ធ្នាប់ពិភពលោកកំពុងត្រូវបានបែកចែក ដោយសារតែសង្គ្រាមពាណិជ្ជកម្ម សង្គ្រាមបច្ចេកវិទ្យា និងសង្គ្រាម ដោយតួអង្គតំបន់ដ៏ក្ដៅគគុកចំនួនចំនួនទៀត។

សម្តេចតេជោហ៊ុន សែន សម្ដេចបានមានប្រសាសន៍ថា” ពិភពលោកក៏កំពុងតែជួបប្រទះនូវការប្រកួតប្រជែងដ៏តឹងតែងរវាងប្រព័ន្ធ គោលនយោបាយអន្តរជាតិផ្សេងគ្នា ដែលមានភាពដាច់ដោយឡែក រួមជាមយយនឹងការកើនឡើងនូវការប៉ះទង្គិច និងការប្រកួតប្រជែងរវាងគុណតម្លៃ ក្នុងការដឹកនាំពិភពលោក ស្របគ្នាទៅនឹងការប្រឈមមុខផ្នែកយោធា ឬការប្រណាំងប្រជែងអាវុធថ្មីតែម្ដង”។សម្តេចបន្តថា “និន្នាការដ៏គួរឱ្យព្រួយបារម្ភនេះ នៅមិនទាន់បានរាប់បញ្ចូល នូវទិដ្ឋភាពមនុស្សធម៌នៃវ៉ាក់សាំងកូវីដ១៩ ដែលប្រទេសជាច្រើនកំពុងតែដណ្ដើមគ្នា ក្រោមស្លាកស្មារតីជាតិនិយម គាំពារនិយម និងការរើសអើងរៀងៗខ្លួន ទោះបីជាការពិតបង្ហាញយ៉ាងច្បាស់ថា ភាគច្រើននៃប្រជាជនគ្រប់រូបនៅលើពិភពលោកត្រូវការវ៉ាក់សាំងនេះបំផុត ដើម្បីសង្គ្រោះជីវិតរបស់ពួកគេ”។

សម្ដេចមានប្រសាសន៍បន្ថែមថា ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ កំពុងត្រូវបានកំណត់ដោយការបែកចែកភុមិសាស្ត្រនយោបាយ ។ ភាពមិនប្រាកដប្រជានៃខ្សែបន្ទាត់ភូមិសា ស្ត្រនយោបាយនេះ បានជំរុញឱ្យមានការដាក់គំនាបលើខ្លួនឯង ពីសំណាក់រដ្ឋមួយចំនួន នៅពេលដែលពួកគេព្យាយាម លើកកម្ពស់ការធ្វើពិពិធកម្ម និងកិច្ចសហប្រតិបត្តិការពហុទិស។

សម្តេចបញ្ជាក់ថា “សម្ពាធនេះបានរារាំងសិទ្ធិ ក្នុងការសម្រេចចិត្តដោយខ្លួនឯង និងសិទ្ធិក្នុងការជ្រើសរើសផ្លូវឆ្ពោះ ទៅកាន់ការអភិវឌ្ឍដែលសមស្របនឹងបរិបទ នៃប្រទេ​សទាំងនោះ”។

សម្ដេចបញ្ជាក់ថា រុស្ស៊ី គឺជាដៃគូសំខាន់ក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់  រុស្សគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន ដែលស្ថិតនៅក្នុងលំដាប់ទី៨ ។ ចលនាវិជ្ជមាននៃការធ្វើពាណិជ្ជកម្ម និងវិនិយោគ ត្រូវបានបង្ហាញឱ្យឃើញយ៉ាងជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here