ក្រុមហ៊ុនតៃវ៉ាន់បោះទុនជាង៤៧លានដុល្លារបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមនៅកម្ពុជា

0

ដោយៈ ម៉ាណេត

ស្វាយរៀងៈ ក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd ដែលវិនិយោគដោយក្រុមហ៊ុនពីតៃវ៉ាន់ បានមកបណ្តាក់ទុនវិនិយោគប្រមាណ៤៧.៧លានដុល្លារអាមេរិក នៅកម្ពុជាក្នុងឆ្នាំ២០២១ ដើម្បីបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដោយប្រើប្រាស់វត្ថុធាតុដើមនាំចូល។

ការបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមត្រូវបានធ្វើឡើង លើផ្ទៃដីទំហំ៣៥ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីន បាវិត ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចបង្កើតការងាររហូតដល់ជាង២០០០កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់CDC កាលពីម្សិលមិញ។

នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅទីតាំងរោងចក្ររបស់ក្រុមហ៊ុនទាំងពីរនេះ លោកសុខ ចិន្តាសោភារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានសម្តែងការស្វាគមន៍គម្រោងវិនិយោគ របស់ក្រុមហ៊ុនដែលនឹងចូលរួមចំណែក ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd ពិចារណាទិញវត្ថុធាតុដើមក្នុងស្រុក ព្រោះការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកនឹងធ្វើឱ្យក្រុមហ៊ុនអាចនាំចេញដោយបង់ពន្ធក្រោមអត្រា ០% ឬអត្រាទាប។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីក៏បានសំណូមពរក្រុមហ៊ុន ធ្វើយ៉ាងណាចៀសវាងឱ្យខាងតែបាននូវផលប៉ះពាល់បរិស្ថាន តាមរយៈការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ក៏ដូចជាការធ្វើប្រព្រឹត្តិកម្មសំណល់គ្រប់ប្រភេទ និងសហការជាមួយគ្រប់គ្រឹះស្ថានអប់រំ នៅក្នុងខេត្តស្វាយរៀង ជាពិសេស សាកលវិទ្យាល័យស្វាយរៀង និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដើម្បីផ្តល់ឱកាសការងារដល់ក្មួយៗនិស្សិត។

លោករដ្ឋមន្ត្រីបានប្រាប់ឱ្យក្រុមហ៊ុនបានដឹងថា ដើម្បីលើកទឹកចិត្តដល់វិនិយោគិន សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី ដែលនឹងត្រូវគោរពដាក់ ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យ និងពិភាក្សានៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ នឹងផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន តាមរយៈការអនុញ្ញាតឱ្យកាត់កងចំណាយរហូតដល់១៥០% ពីមូលដ្ឋានគិតពន្ធ ចំពោះការចំណាយលើមធ្យោបាយដឹកជញ្ជូន ប្រកបដោយផាសុកភាពដល់កម្មករនិយោជិត, ការសាងសង់កន្លែងស្នាក់នៅ, កន្លែងបរិភោគអាហារ, ឬអាហារដ្ឋានដែលមានតម្លៃសមរម្យ ជាដើម។

តំណាងក្រុមហ៊ុនទាំងពីរ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស CDC និងអាជ្ញាធរដែនដី ដែលបានផ្តល់ការគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានចុះមកពិនិត្យ ទីតាំងរោងចក្រជាក់ស្តែងនាថ្ងៃនេះ។

ទន្ទឹមនឹងនេះដែរ តំណាងក្រុមហ៊ុនបានសម្តែងការស្វាគមន៍សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី និងបានសន្យាថានឹងយកចិត្តទុកដាក់ក្នុងការចាត់វិធានការការពារបរិស្ថាន និងលើកកម្ពស់សុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត។ ជាក់ស្តែង ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុនកំពុងសាងសង់កន្លែងស្នាក់នៅរបស់កម្មករនិយោជិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here