ដោយៈតារា
ភ្នំពេញៈ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជិត៦០០០លានដុល្លារ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ កើនឡើង១,៦ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះក្នុងរយៈពេលដូចគ្នានេះ កម្ពុជានាំចូលទំនិញមានទំហំទឹកប្រាក់ចំនួនជាង៨៦០០លានដុល្លារអាមេរិក បានកើនឡើង១៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ ។
តាមរយបាយការណ៍ស្តីពីនិន្នាការសេដ្ឋកិច្ចសង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា នៅតែទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន និងបានដាក់សម្ពាធមកលើសូចនាករសំខាន់ៗ នៃវិស័យជំរុញកំណើនសេដ្ឋកិច្ច ក្នុងនោះគិតត្រឹមខែ ឧសភា ឆ្នាំ២០២១ ការនាំចេញសម្លៀកបំពាក់និងផលិតផលកាត់ដេរ ចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិ សកម្មភាពនៅក្នុងវិស័យសំណង់ និងទុនវិនិយោគពីបរទេសបាននិងកំពុងបន្តធ្លាក់ចុះ។
ទោះបីជាយ៉ាងនេះក្តី ការនាំចេញក្រៅពីសម្លៀកបំពាក់ និងផលិតផលកាត់ដេរដូចជា កង់ គ្រឿងបង្គុំអេឡិចត្រូនិក ផលិតផលពីឈើ និងផលិតផលកសិកម្មផ្សេងទៀត បានបន្តរក្សាកំណើនល្អ ។
ជុំវិញទីផ្សារនាំចេញនេះ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ ការនាំចេញទំនិញសរុបរបស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ចំនន៥៩៨២លានដុល្លារ (ស្មើជាង ២០% នៃ ផសស) បានកើនឡើង១,៦% ដោយសារកំណើននៃការនាំចេញកង់ និងទំនិញផ្សេងៗ។
ដោយឡែកកំណើននៃការនាំចេញ, នៅក្នុងរយៈពេល៥ខែនេះដែរ ការនាំចេញកង់របស់កម្ពុជា បានកើនឡើងជាង៣១% ខណៈនៅក្នុងរយៈពេលដូចគ្នាឆ្នាំ២០២០ បានកំណើនជាង ២៧%, ចំណែកការនាំចេញទំនិញផ្សេងៗ នៅក្នុងរយៈពេលនេះដែរ ក៏បានកើនឡើងជាង៧% ខណៈនៅក្នុងឆ្នាំ២០២០ មានកំណើនជាង៨៦% ។
គោលដៅទីផ្សារនាំចេញសំខាន់ៗ នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២១ នេះ ការនាំចេញទៅកាន់ទីផ្សារអាមេរិក មានចំនួនជិត៤០% សហគមន៍អឺរ៉ុបជាង១៨ ចិនជាង ៩%, អាស៊ានជាង៨%, ជប៉ុន៧%, អង់គ្លេស៤% និងការនាំចេញទៅកាន់ទីផ្សារផ្សេងៗ មានចំនួនជាង១៣% ផងដែរ ៕