​​រដ្ឋាភិបាលអនុម័តគំរោងសំណង់នានាចំនួនជាង១៨០០នៅរយៈពេល៥ខែដំបូង

0

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាត និងអនុម័តឱ្យគម្រោងសាងសង់សរុបចំនួន១.៨២៣គម្រោងធ្វើការសាងសង់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០មានការធ្លាក់ចុះប្រមាណ២៧៨គម្រោង។ នេះបើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយនៅដើមខែកក្កដា ២០២១នេះ ។

នៅក្នុងរបាយការណ៍ដដែលនេះ បានបង្ហាញថានៅក្នុងចំណោមគម្រោង ដែលអនុញ្ញាតឱ្យសាងសង់ជាង១៨០០គម្រោងនោះ មានគម្រោងសំណង់លំនៅឋានចំនួន១.៦០៧គម្រោង ស្មើនឹងប្រមាណ៨៧,៩ភាគរយ នៃសំណើសុំសាងសង់សរុប ធ្លាក់ចុះចំនួន១៣៩គម្រោង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ គម្រោងលំនៅឋានដែលត្រូវបានអនុញ្ញាតសាងសង់ គិតជាទឹកប្រាក់មានប្រមាណ២.៣៤៩លានដុល្លារអាមេរិកធ្លាក់ចុះ ៣២,៦ភាគរយ។

របាយការណ៍ដដែលនេះបង្ហាញទៀតថា រយៈពេល៥ខែ ឆ្នាំ២០២១នេះ ស្ថានភាព វិនិយោគនៅតែមិនទាន់ល្អប្រសើរឡើងទេ។ ជាក់ស្ដែងគម្រោងវិនិយោគឯកជនសរុបមានចំនួនតែ៤៥គម្រោង (គម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេស) និងបានធ្លាក់ចុះរហូតដល់ទៅ៤៧គម្រោង មានលទ្ធភាពបង្កើតការងារជូនពលរដ្ឋថ្មីៗតែ៣ម៉ឺននាក់ប៉ុណ្ណោះ ធ្លាក់ចុះរហូតដល់៥៦,២ភាគរយ មានទុនវិនិយោគសរុប៨២៥លានដុល្លារអាមេរិក ធ្លាក់ចុះ ដល់ទៅ៥៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកជំនាញនៃវិស័យអចលវត្ថុកម្ពុជាបានរំពឹងថា បើសិនជាស្ថានភាពកូវីដ១៩ មានភាពល្អប្រសើរឡើងវិញ នៅដំណាច់ឆ្នាំនេះ វិនិយោគិនបរទេសនឹងចូលមកស្វែងរកការវិនិយោគឡើយវិញ នៅក្នុងប្រទេសកម្ពុជាលើវិស័យផ្សេងៗ  ក្នុងនោះក៏មានវិស័យអចលនទ្រព្យផងដែរ ប៉ុន្តែបើសិនជាស្ថានភាពកូវីដ១៩នៅកម្ពុជាប្រសើរមែន តែក្នុងតំបន់និងពិភ​ពលោកនៅតែបន្តធ្ងន់ធ្ងរ វិនិយោគិននិងទេសចរអន្តរជាតិ នៅតែមិនអាចចេញធ្វើដំណើរបាន ដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ស្ថិតក្នុងភាពមិនប្រាកដប្រជាដដែល។

ការកត់សម្គាល់ស្ថានភាពអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជារយៈពេលកន្លះឆ្នាំមកនេះ ក៏នៅតែមានបន្តដដែល ទោះបីជាស្ថានភាពកូវីដ១៩ ក្នុងស្រុករាលដាលខ្លាំងនិងឈានដល់ការបិទទីក្រុងធំៗពីរនៅកម្ពុជាក្ដី ទាំងការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់ទៅកាន់តម្រូវការជាក់ស្ដែង និងសកម្មភាពនៃការវិនិយោគ លើវិស័យមួយចំនួនទៀតផងដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here