សុខុម
ម៉ានីល: HyalRoute Group ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបហ្វាយបឺអុបទិកសម្រាប់អ៊ីនធឺណិតល្បឿនលឿនមានមូលដ្ឋាននៅសិង្ហបុរី ទម្លាយឱ្យដឹងថា ខ្លួនបានបោះទុនវិនិយោគដំបូងចំនួន៥០០លានដុល្លារ ក្នុងប្រទេសហ្វីលីពីន។
យោងតាមសារព័ត៌មាន Inquirer ចុះផ្សាយនៅថ្ងៃទី៦ កក្កដា នេះឱ្យដឹងថា ការវិនិយោគដំណាក់កាលដំបូងនេះគឺសម្រាប់ការបញ្ចប់ដំណាក់កាលមួយនៃការតបណ្ដាញអ៊ីនធឺណិតក្នុងប្រទេសហ្វីលីពីន តាមរយៈកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល។
លោក Hendrick Huang នាយករងក្រុមហ៊ុន Philippines Fiber Optic Cable Network (PFOCN) ដែលជាបុត្រសម្ព័ន្ធរបស់ HyalRoute Group បានថ្លែងថា ការបោះទុនវិនិយោគនេះនឹងត្រួសត្រាយផ្លូវសម្រាប់អ៊ីនធឺណិតល្បឿនលឿនដែលមានតម្លៃថោកជាងមុននៅតាម “តំបន់ក្រុងបន្ថែមទៀត” ក្នុងរយៈពេល២ឆ្នាំខាងមុខ។
តាមរយៈសេចក្តីថ្លែងការណ៍ចេញមួយកាលពីថ្ងៃច័ន្ទ ទី៥ កក្កដា លោក Hendrick Huang លើកឡើងថា ក្រុមហ៊ុនគ្រោងបញ្ចប់ការតបណ្ដាញអ៊ឺនធឺណិតល្បឿនលឿនឱ្យបានប្រវែងប្រមាណ១៦.០០០គីឡូម៉ែត្រនៅត្រឹមដំណាច់ឆ្នាំនេះ។
នេះគឺជាផ្នែកមួយនៃផែនការរយៈពេលជិតមួយទសវត្សរ៍ដែលបានចាប់ផ្តើមពីឆ្នាំ២០១៩ ដើម្បីវិនិយោគក្នុងទំហំទឹកប្រាក់ជាង៣ពាន់លានដុល្លារ និងបញ្ចប់ការតបណ្ដាញអ៊ីនធឺណិតល្បឿនលឿនប្រវែង៦០.០០០គីឡូម៉ែត្រទូទាំងប្រទេសហ្វីលីពីន។
ក្រុមហ៊ុន HyalRoute Group ដែលសាងសង់ និងធ្វើប្រតិបត្តិការបណ្តាញខ្សែកាបហ្វាយបឺអុបទិកសម្រាប់អ៊ីនធឺណិតល្បឿនលឿនក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ផងដែរនោះបានគូសបញ្ជាក់ថា ក្រុមហ៊ុន PFOCN បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (DICT) នៃប្រទេសហ្វីលីពីន រួចហើយសម្រាប់ការចាប់ផ្តើមដំណើរការរបស់ខ្លូននៅក្នុងស្រុក។
អ្នកតំណាងក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុននេះនឹងក្លាយជា “ក្រុមហ៊ុនផ្តល់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំ” ដូច្នេះហើយមិនត្រូវការ Franchise ដើម្បីសាងសង់ និងរក្សាបណ្ដាញអ៊ីនធឺណិតនេះឡើយ។
ក្រុមហ៊ុន PFOCN លើកឡើងថា ខ្លួនក៏គ្មានដៃគូសហការក្នុងស្រុកនោះដែរ ប៉ុន្តែបានបញ្ជាក់ថា ខ្លួនធ្លាប់បានចុះកិច្ចព្រមព្រៀងជាមួយ Now Telecom Co. Inc ដែលជាក្រុមហ៊ុនផ្ដល់អាជ្ញាប័ណ្ណទូរគមនាគមន៍ក្នុងស្រុក។
ព័ត៌មានលើគេហទំព័ររបស់ក្រុមហ៊ុន HyalRoute Group បានបង្ហាញថា បណ្តាញខ្សែកាបហ្វាយបឺអុបទិកសម្រាប់អ៊ីនធឺណិតល្បឿនលឿនរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា មានប្រវែង២៧.៤៨០ គីឡូម៉ែត្រ និងប្រវែង២១.៨០៩គីឡូម៉ែត្រក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីចុះកិច្ចព្រមព្រៀងជាមួយក្រសួងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ហ្វីលីពីន ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន PFOCN បានអះអាងថា បណ្តាញខ្សែកាបហ្វាយបឺអុបទិកសម្រាប់អ៊ីនធឺណិតល្បឿនលឿនទូទាំងប្រទេសនេះនឹងបញ្ចប់ជាដំណាក់កាលខុសៗគ្នារហូតដល់ឆ្នាំ២០២៨។
ក្រុមហ៊ុនបានបង្ហាញទំនុកចិត្តថា ខ្លួននឹងអាចបញ្ចប់យ៉ាងហោចណាស់ពាក់កណ្តាលនៃគម្រោង ឬតភ្ជាប់បណ្ដាញឱ្យបានប្រវែង៣០.០០០គីឡូម៉ែត្រនៅត្រឹមឆ្នាំ២០២៤ ថ្វីបើមានការរឹតបន្តឹងការធ្វើដំណើរអំឡុងវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី៕