ច្បាប់វិនិយោគថ្មីអនុញ្ញាតឱ្យអនុគណៈកម្មាធការវិនិយោគខេត្តអនុម័តគម្រោងវិនិយោគតម្លៃក្រោម១០លានដុល្លារ

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ច្បាប់ស្ដីពីវិនិយោគថ្មី ដែលនឹងអនុម័តនៅពេលខាងមុខ នឹងអនុញ្ញាត្តឲ្យគណកម្មការវិនិយោគថ្នាក់ក្រោមជាតិ អាចអនុម័តគម្រោងវិនិយោគ ដែលមានតម្លៃក្រោម១០លានដុល្លារអាមេរិក។

ច្បាប់វិនិយោគចាស់ ដែលមានស្រាប់ អនុញ្ញាតឱ្យគណៈកម្មាធិការវិនិយោគខេត្តអនុម័តត្រឹម២លានដុល្លារប៉ុណ្ណោះ។ ច្បាប់នេះ នឹងត្រូវគណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំពេញអង្គពិនិត្យនិងពិភាក្សា នៅក្នុងកិច្ចប្រជុំគណរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេ​តេជោហ៊ុន សែន នៅថ្ងៃទី៩កក្កដា ២០២១ខាងមុខនេះ ដើម្បីត្រៀមបញ្ជូនទៅរដ្ឋសភានិងព្រឹទ្ធសភាអនុម័ត។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ ថា តាមរយៈកិច្ចប្រជុំកន្លងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលយកធាតុចូលសម្រា​ប់បញ្ជូល ក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះ ទៅតាមសំណើររបស់សភាពាណិជ្ជកម្មកម្ពុជា ដែលស្នើសុំឲ្យអនុគណៈកម្មាធិការវិនិយោគខេត្ត របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចមានសិទ្ធិអនុម័ត លើគម្រោងវិនិយោគមានតម្លៃក្រោម១០លាដុល្លារ និងរៀបចំច្រកចេញចូលតែមួយ ដោយមិនចាំបាច់រត់ឯកសារមកកាន់ភ្នំពេញ ដូចពីមុនទៀតនោះទេ ដែលច្បាប់ចាស់អាចអនុម័តត្រឹមតែ២លានដុល្លារតែប៉ុណ្ណោះ។

លោកឧកញ៉ាបន្តថា “ការពង្រីកទំហំទឹកប្រាក់ឱ្យកាន់តែច្រើននេះ គឺប្រៀបបានទៅនឹងការធ្វើវិមជ្ឈិការអំណាច ដើម្បីបង្ខិតរោងចក្រសហគ្រាសទៅដល់បណ្តាខេត្ត ឬតំបន់ជនបទ ដែលយើងឃើញកន្លងមក រោងចក្រ សហគ្រាសភាគច្រើន ប្រមូលផ្តុំនៅរាជធានីភ្នំពេញ ដោយសារនីតិវិធីបែបបទរដ្ឋបាលចាំបាច់នានា ត្រូវធ្វើនៅភ្នំពេញទាំងអស់”។ ពេលរោងចក្រនៅក្បែរផ្ទះគាត់ គឺគាត់មានឳកាសក្នុងពេលចេញពីរោងចក្រមក គាត់អាចទៅផ្ទះមើលថែកូន មើលឪពុកម្តាយចាស់ ឬក៏អាចដាំដំណាំរួមផ្សំ ឬចិញ្ចឹមសត្វផ្សំផ្គុំ ហើយគាត់មិនចាំបាច់ចំណាយប្រាក់ជួលផ្ទះ ឬការធ្វើដំណើរឆ្ងាយពីផ្ទះ។ ដូច្នេះវាជារឿងល្អបំផុត ក្នុងការបង្ខិតរោងចក្រ សហគ្រាសទាំងអស់ទៅតាមបណ្តាខេត្តឲ្យនៅជិតផ្ទះរបស់ប្រជាពរលដ្ឋ»។

លោកឧកញ៉ាលឹម ហេងបានបន្ថែមថា ប្រសិនបើការងារបែបបទរដ្ឋបាលជួយសម្រួល ដល់ថ្នាក់ខេត្តនឹងធ្វើឲ្យរោងចក្រ សហគ្រាស នឹងទៅដល់ខេត្ត ហើយវានឹងកាត់បន្ថយដល់ការចំណាកស្រុក របស់ប្រជាពលរដ្ឋមកធ្វើការនៅភ្នំពេញ និងខ្លះចេញទៅស្រុកគេថែមទៀតផង។

លោកបន្តថា “ការបង្ខិតរោងចក្រ សហគ្រាស ទៅតាមបណ្តាខេត្ត ក៏ជាផ្នែកមួយផ្តល់ភាពងាយស្រួល ដល់ការដឹកជញ្ជូនវត្ថុធាតុដើម និងសម្ភារផ្សេងៗសម្រាប់បម្រើឱ្យស ង្វាក់ផ្គត់ផ្គង់ បានលឿនរហ័ស ព្រមទាំងជួយកាត់បន្ថយការចំណាយ របស់ក្រុមហ៊ុនបានមួយកម្រិតផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here