ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលនឹងជះឥទ្ធិលវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា

0

ដោយៈ ប៊ី

ភ្នំពេញៈ ការងើបឡើងវិញនៃស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជានឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនវិជ្ជមាន ដោយសារការជំរុញពីកំណើនតម្រូវការផលិតផលកសិកម្ម និងលទ្ធភាពនៃការបង្វែរទិសដៅបញ្ជារទិញ។

អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីនិន្នាការសេដ្ឋកិច្ចសង្គមថា គិតត្រឹមខែឧសភា ឆ្នាំ២០២១ ការនាំចេញសម្លៀកបំពាក់ និងផលិតផលកាត់ដេរ ចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិ, សកម្មភាពនៅក្នុងវិស័យសំណង់ និងទុនវិនិយោគពីបរទេស បាននឹងកំពុងបន្តធ្លាក់ចុះ។

ទោះបីជាយ៉ាងនេះក្តី ការនាំចេញក្រៅពីសម្លៀកបំពាក់និងផលិតផលកាត់ដេរដូចជា កង់ គ្រឿងបង្គុអេឡិចត្រូនិក ផលិតផលពីឈើ និងផលិតផលកសិកម្មផ្សេងទៀតជាដើម បានបន្តរក្សាកំណើនល្អ។

ជារួម សេដ្ឋកិច្ចកម្ពុជា រំពឹងថា នឹងមានកំណើនវិជ្ជមានក្នុងឆ្នាំ ២០២១ ដោយសារការងើបឡើងវិញនៃស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជា កំណើនតម្រូវការផលិតផលកសិកម្ម លទ្ធភាពនៃការបង្វែរទិសដៅបញ្ជារទិញ និងការទទួលបានរោងចក្រកាត់ដេរពីប្រទេសមីយ៉ាន់ម៉ា មកវិនិយោគនៅកម្ពុជាជាដើម។

លោកបណ្ឌិតគី សេរីវឌ្ឍន៍អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងជុំវិញនៃការងើបឡើងកំណើនសេដ្ឋកិច្ចនេះថា បើយើងក្រឡេកមើលអំពីស្ថានភាពសេដ្ឋកិច្ចសកល បច្ចុប្បន្នប្រទេសជាច្រើនមានបទពិសោធន៍នឹងជម្ងឺកូវីដ-១៩ រួចរាល់ ក្នុងនោះសម្រាប់បញ្ហាសេដ្ឋកិច្ចវិញ គឺបានដំណើរការមានស្ថិរភាពជាងមុន។

លោកបាថ្លែងបន្តថា ហើយក្នុងចំណោមប្រទេសទាំងនោះ ក៏មានប្រទេសដែលជាដៃគូរពាណិជ្ជកម្មរបស់កម្ពុជាផងដែរ ដែលកម្ពុជាអាចរំពឹងក្នុងការបញ្ជាល្អប្រសើរឡើងវិញជាមុន, ក្រៅពីនេះកម្ពុជាក៏អាចនឹងទទួលបានការបញ្ជាទិញពីអឺរ៉ុបមួយចំនួនបន្ថែមទៀត ខណៈប្រទេសភូមាកំពុងមានវិបត្តិដោយសារសង្គ្រាមស៊ីវិល ។

ដោយឡែក លោកឧកញ៉ាណាង សុធីអនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ជុំវិញនឹងវិបត្តិនៃការរីករាលជម្ងឺកូវីដ-១៩ នេះ ប្រទេសដែលអភិវឌ្ឍន៍ក្នុងឧស្សាហកម្មកាត់ដេរមួយចំនួន បានកំពុងទទួលវិបត្តិនៃជម្ងឺនេះយ៉ាងធ្ងន់ធ្ងរ ដែលបញ្ហាទាំងនេះ គឺជាឱកាសរបស់កម្ពុជា។

លោកបានថ្លែងបន្តថា ជាក់ស្តែងសម្រាប់ការបញ្ជាទិញនៅកម្ពុជា គឺមិនមានអ្វីចោទជាបញ្ហានោះឡើយ បច្ចុប្បន្នកម្ពុជាក៏កំពុងទទួលអ្នកបញ្ជាទិញមានចំនួនកើនឡើងផងដែរ ស្របពេលដែលរាជរដ្ឋាភិបាល ក៏ដូចធនាគារពិភពលោក និងធនាគារ ADB រំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងត្រូវងើបក្នុងអត្រាវិជ្ជមានមកវិញ នៅក្នុងឆ្នាំ ២០២១ នេះ។

ជុំវិញបញ្ហាកំណើនសេដ្ឋកិច្ចនេះ នៅដើមឆ្នាំ២០២១ រាជរដ្ឋាភិបាល បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងកំណើនវិជ្ជមាន គឺនៅក្នុងរង្វង់៣,៥ភាគរយ ទៅ៤ភាគរយ ក្នុងនោះធនាគារពិភពលោក ក៏បានព្យាករណ៍ផងដែរថា សេដ្ឋកិច្ចកម្ពុជានឹងទទួលបានកំណើនជិត៤ភាគរយ ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកនៃការងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ចរួមមាន៖ ផ្នែកឧស្សាហកម្មផលិត, អាចងើបឡើងវិញជាបណ្តើរៗ ខណៈដែលអាជីវកម្មបោះដុំនិងលក់រាយ បានកំពុងប្រឹងងើបឡើងវិញក្នុងល្បឿនយឺត តែទោះយ៉ាងណា ការងើបឡើងវិញនេះ ស្ថិតនៅក្នុងសភាពផុយស្រួយ ខណៈវិធានការបិទខ្ទប់នៅតែបន្តអនុវត្ត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here