រដ្ឋាភិបាលបានអនុម័តទុនវិនិយោគជិត៣០០០លានដុល្លារលើគម្រោងចំនួន៨៧ក្នុងឆមាសទី១ឆ្នាំនេះ

0

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេចអនុម័តទុនវិនិយោគសរុបចំនួន២.៩៦៩.៦២៩.៣៣៨ដុល្លារអាមេរិក (ជាង២,៩ពាន់លានដុល្លារ) លើគម្រោងវិនិយោគថ្មីៗចំនួន៨៧គម្រោង។ នេះបើយោងតាមរបាយការណ៍ផ្លូវការ របស់CDC នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ

របាយការណ៍បានឱ្យដឹងទៀតថា ក្រុមហ៊ុនដែលធ្វើការវិនិយោគលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៨៧នេះ អាចបង្កើតការងារបានចំនួន៥០.០២៩កន្លែង។

បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ចំនួនគម្រោងវិនិយោគមានការថយចុះចំនួន៦៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងចំនួនប្រមាណ៣១៥លានដុល្លារអាមេរិក ដោយសារវត្តមាននៃគម្រោងវិនិយោគធំៗមួយចំនួន។

គម្រោងវិនិយោគធំៗនេះមានដូចជាគម្រោងរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម អានុភាព៧០០មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd ក្នុងទុនវិនិយោគចំនួនប្រមាណ ១.៣ប៊ីលានដុល្លារអាមេរិក, គម្រោងរោងចក្រផលិតក្រដាសរបស់ក្រុមហ៊ុន Shunying Pulp and Paper Company Limited ក្នុងទុនវិនិយោគចំនួនប្រមាណ ៥០៤លានដុល្លារអាមេរិក និងគម្រោងរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Cart Tire Co., Ltd. ក្នុងទុនវិនិយោគចំនួន ៣៥០លានដុល្លារអាមេរិក។

ក្នុងចំណោមគម្រោងវិនិយោគ៨៧មានគម្រោងវិនិយោគថ្មី ក្រៅតំបន់សេដ្ឋកិច្ចពិសេស៥៣គម្រោង ដែលមានទុនវិនិយោគសរុបចំនួន៩៤១.៥៩៣.១៨០ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៧.៤២៩កន្លែង គម្រោងពង្រីកផលិតកម្មចំនួន១១គម្រោង ក្នុងទុនវិនិយោគសរុបចំនួន១៥៩.៥៧៣.៥៤២ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២.៨០៣កន្លែង និងគម្រោងវិនិយោគថ្មី ក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញ មានចំនួន២៣គម្រោង ដែលមានទុនវិនិយោគសរុបចំនួន១.៨៦៨.៤៦២.៦១៦ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩.៧៩៧កន្លែង។

ក្នុងឆមាសទី១ ឆ្នាំ២០២១ តួលេខវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមាណ ៦៩%នៃការវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ ដោយចូលរួមចំណែកប្រមាណ ២១%នៃការវិនិយោគសរុប។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោក សុខ ចន្តាសោភា បានឱ្យដឹងថា ថ្វីត្បិតចំនួនគម្រោងវិនិយោគដែលCDC បានអនុម័តក្នុងឆមាសទី១ ឆ្នាំ២០២១ មានការថយចុះគួរឱ្យកត់សម្គាល់បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ពោលគឺថយចុះចំនួន៦៣គម្រោង ទុនវិនិយោគក្នុងរយៈពេល៦ខែដើមឆ្នាំនេះ មានការកើនឡើងប្រមាណ១២% ដោយសារវត្តមាននៃគម្រោងវិនិយោគធំៗមួយចំនួន។

លោករដ្ឋមន្ត្រីបន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងបំពេញភារកិច្ចយ៉ាងសស្រាក់ស្រស្រាំ ដើម្បីជំរុញ និងទាក់ទាញអ្នកវិនិយោគបន្ថែម។ ជាក់ស្តែង សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី ដែលនឹងត្រូវគោរពដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យ និងអនុម័ត នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ នឹងក្លាយជាកត្តាទាក់ទាញការវិនិយោគដ៏សំខាន់មកកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here