ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនLSCGនឹងសាងសង់គំរោងខុនដូធំមួយ នៅទីក្រុងរណបកោះនរាជាលើកដំបូង និងមុនគេនៅក្នុងទីក្រុងកោះនរានាពេលខាងមុខនេះ ខណៈការសាង សង់ហេដ្ឋារចនាសម្ព័ន្ឋទីក្រុងនេះកំពុងធ្វើឡើងយ៉ាងសកម្ម។
អគ្គនាយកក្រុមហ៊ុនLSCGលោកលី សុខឆាយបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៥ កក្កដានេះថា ក្រុមហ៊ុននឹងសាងសង់គំរោងខុនដូមួយ នៅលើទីក្រុងកោះនរានាពេលខាងមុខនេះ តាមផែនការដែលមានស្រាប់ ខណៈទីក្រុងថ្មីនេះមានទស្សនទានអភិវឌ្ឍន៍ស្រដៀងគ្នា នឹងទីក្រុងកោះពេជ្រនាពេលអនាគត។
លោកបន្តថា “ទោះជាយ៉ាងណារហូតមកទល់ពេលនេះ យើងមិនអាចបង្ហើបពីព៌តមាននេះលំអិតនៅឡើយទេ ប៉ុន្តែការសាងសង់នេះនឹងធ្វើឡើង ដោយសហការជាមួយក្រុមហ៊ុនចិនដ៏ធំមួយ”។លោកបន្តថា “ទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ក្តី ប៉ុន្តែវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាកំពុងមានភាពរីកចម្រើន និងកំពុងទាក់ទាញការវិនិយោគកាន់តែច្រើននាពេលអនាគត”។
ក្រុមហ៊ុនLSCGបានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទទួលបានសិទ្ឋស្តារបឹង៥០០ ដែលមានទីតាំងនៅជិតព្រលានយន្តហោះថ្មី នាខេត្តកណ្តាល ព្រំប្រទល់ខេត្តតាកែវ។
លោកលី សុខឆាយជាសហគ្រិនវ័យក្មេងមួយរូបបានបន្តថា គំរោងសាងសង់ខុនដូនេះនឹងធ្វើនាពេលខាងមុខ ដោយក្រុមហ៊ុនទទួលបានសិទ្ឋវិនិយោគ លើទីក្រុងកោះនរារួចហើយ។លោកបន្តថា នេះជាគំរោងទី១ នៅលើទីក្រុងកោះនរា ព្រោះរហូតមកទល់ពេលនេះមិនទាន់មានក្រុមហ៊ុនណាមួយ ប្រកាសពីការវិនិយោគគំរោងណាមួយ លើទីក្រុងកោះនរានៅឡើយទេ៕
ទីក្រុងកោះនរាមានផ្ទៃដីទំហំ១២៥ហិកតា ដែលកំពុងវិនិយោគដោយក្រុមហ៊ុនOCIC ដែលជាក្រុមហ៊ុនលំដាប់យក្សក្នុងស្រុក ដែលបាននិងកំពុងបោះទុនវិនិយោគ២៥០០លានដុល្លារអាមេរិក ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ឋលើទីក្រុងនេះ៕