ភូមិសាស្រ្តនយោបាយៈជប៉ុនចាត់ទុកភាពតានតឹងជុំវិញកោះតៃវ៉ាន់ថាជាហានិភ័យភ្នែកសន្តិសុខក្នុងតំបន់

0

ដោយៈសុខុម

តូក្យូ: រដ្ឋាភិបាលជប៉ុនជឿថា ភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញ កោះតៃវ៉ាន់ ទាម​ទារឱ្យខ្លួនយកចិត្តទុកដាក់ខ្ពស់ ស្របពេលមហាយក្សចិន កំពុងបង្កើនសកម្មភាពយោធាក្នុងតំបន់នោះ ខណៈសហរដ្ឋអាមេរិក ក៏បង្កើនការគាំទ្រដល់កោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។ នេះតាមកាសែត The Asahi Simbun ចុះផ្សាយកាលពីថ្ងៃទី១៤ កក្កដា។

ការព្រួយបារម្ភរបស់ប្រទេសជប៉ុន ជុំវិញបញ្ហាកោះតៃវ៉ាន់ ការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលក្រុងប៉េកាំង ជាមួយសហរដ្ឋអាមេរិក និងសកម្មភាពយោធាដែ​លកាន់តែគឃ្លើនរបស់ចិន នៅក្នុងតំបន់ ត្រូវបានគណៈរដ្ឋមន្ត្រីជប៉ុន សម្រេចដាក់បញ្ចូលទៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការពារជាតិកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ។

របាយការណ៍នោះបានលើកឡើងថា “ការធ្វើឱ្យស្ថានភាពកោះតៃវ៉ាន់ មានស្ថិរភាពពិតជាមានសារៈសំខាន់ណាស់ សម្រាប់សន្តិសុខជាតិរបស់ប្រទេសជប៉ុន និងស្ថិរភាពរបស់សហគមន៍អន្តរជាតិ”។ លោកបន្តថា “យើងចាំបាច់ត្រូវយកចិត្តទុកដាក់ឱ្យជាប់ចំពោះវិបត្តិដែលធ្ងន់ធ្ងរមិនធ្លាប់មាន”។

នៅពេលប្រទេសចិន បញ្ចេញសាច់ដុំរបស់ខ្លួននៅច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កោះតៃវ៉ាន់ បានក្លាយជាចំណុចផ្ទាំងស៊ីបក្នុងតំបន់ នៅពេលជប៉ុនសហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យផ្សេងទៀត រឹតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយកោះនេះ ដែលរដ្ឋាភិបាលក្រុងប៉េកាំង ចាត់ទុកជាដែនដីរបស់ខ្លួនរហូតមក។

របាយការណ៍ដដែលបានបន្ថែមថា “នៅពេលប្រទេសចិន ពង្រឹងឥទ្ធិពលយោធារបស់ខ្លួនយ៉ាងឆាប់រហ័ស ការផ្លាស់ប្តូរក្នុងតុល្យភាពអំណាចយោធា រវាងសហរដ្ឋអាមេរិក និងមហាយក្សចិន អាចនឹងជះផលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដូចនេះចាំបាច់ត្រូវយកចិត្តទុកដាក់ឱ្យខ្លាំងជាងមុន ចំពោះនិន្នាការយោធានៃប្រទេសទាំង២ក្នុងតំបន់ដូចជា សមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ ជាដើម”។

ជាការតឆ្លើយតប លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានចាត់ទុករបាយការណ៍នេះថាជា “ការភាន់ច្រលំធំ និងគ្មានទំនួលខុសត្រូវ”។

កោះតៃវ៉ាន់ បានស្ថិតក្រោមនឹកអាណានិគមរបស់ជប៉ុន អស់រយៈពេល៥០ឆ្នាំរហូតដល់ឆ្នាំ១៩៤៥ ហើយទំនាក់ទំនងរវាងភាគីទាំង២នៅតែរឹងមាំដដែល។

របាយការណ៍ដដែលអះអាងថា ប្រទេសចិន បានបង្កើនសមត្ថភាពយោធារបស់ខ្លួនរយៈពេល២០ឆ្នាំមកហើយ ដោយការចំណាយលើវិស័យការពារជាតិរបស់ខ្លួនធំជាងការចំណាយលើវិស័យយោធា របស់កោះតៃវ៉ាន់យ៉ាងតិច១៦ដង។ ថវិកាយោធារបស់ចិន ដែលមានចំនួនដល់ទៅ១៨១,៦ពាន់លានដុល្លារ គឺច្រើនជាងថវិកាចំណាយលើយោធាជប៉ុនរហូតដល់ទៅ៤ដង។

ប្រទេសចិន ក៏បានព្យាយាមកាត់បន្ថយ ទំនាក់ទំនងការទូតរបស់កោះតៃវ៉ាន់ផងដែរ ដោយធ្វើឱ្យទំនាក់ទំនងការទូតផ្លូវការ ជាមួយកោះនេះសល់ត្រឹមជាង១០ប្រទេប៉ុ   ណ្ណោះ។ កោះតៃវ៉ាន់ នៅតែដំណើរការបណ្តាញការិយាល័យ ពាណិជ្ជកម្មរបស់ខ្លួនធ្វើជាស្ថានទូតនៅក្រៅប្រទេស រួមទាំងនៅសហរដ្ឋអាមេរិក ប្រទេសជប៉ុន និងប្រទេសធំៗដទៃទៀត។

ប្រទេសជប៉ុន មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះបញ្ហាសន្តិសុខរបស់កោះតៃវ៉ាន់ ស្របពេលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ជប៉ុន បានបង្កើនការគាំទ្រផ្នែកយោធាដល់កោះតៃវ៉ាន់ រួមទាំងការបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រតៃវ៉ាន់ និងការលក់សព្វាអាវុធទៅឱ្យកោះនេះផង។

របាយការណ៍ខាងលើបានបញ្ជាក់ថា ការបង្កើនសមត្ថភាពយោធារបស់ចិន និងក   ង្វះព័ត៌មានច្បាស់លាស់ ជុំវិញការចំណាយរបស់ប្រទេសចិន លើវិស័យការពារជាតិរបស់ខ្លួន “បានក្លាយជាបញ្ហាកង្វល់យ៉ាងខ្លាំងចំពោះតំបន់ ក្នុងនោះរួមមានទាំងជប៉ុន និងសហគមន៍អន្តរជាតិផងដែរ”។

ទន្ទឹមនេះ ប្រទេសចិន ក៏បានអះអាងកាន់កាប់ស្ទើរតែទាំងអស់ នៃសមុទ្រចិនខាងត្បូង បានសាងសង់មូលដ្ឋានយោធា នៅលើកោះសិប្បនិម្មិតនានា ក្នុងតំបន់មានជម្លោះ ហើយតែងតែប្រឆាំង រាល់សកម្មភាពរបស់យោធាអាមេរិក នៅក្នុងតំបន់។ សហរដ្ឋអាមេរិក មិនអះអាងកាន់កាប់ដែនសមុទ្រនេះឡើយ ប៉ុន្តែបានបញ្ជូននាវាចម្បាំង និងយន្ដហោះរាប់ទសវត្សរ៍មកហើយដើម្បីល្បាត និងការពារការហោះហើរឆ្លងកាត់ដែនទឹក ដែលមមា​ញឹកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here