គម្រោងពង្រីកផ្លូវជាតិលេខ១១តម្លៃជាង៩៤លានដុល្លារទទួលបានវិញ្ញាបនប័ត្រតេស្តគុណភាពដោយជោគជ័យ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ថា ថ្មីៗនេះ វិញ្ញាបនប័ត្រតេស្តគុណភាពចុងក្រោយសម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ១១ ដែលមានប្រវែងសរុប៩៦គីឡូម៉ែត្រតភ្ជាប់រវាងអ្នកលឿង និងកំពង់ចាម ត្រូវបានចុះទទួលស្គាល់ និងបានប្រគល់ដោយជោគជ័យ។

ស្ថានទូតចិនបានឱ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ថា ក្នុងអំឡុងពេលនៃការដ្ឋានគម្រោងខាងលើនេះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)ដែលជាភាគីទទួលសាងសង់បានប្រើប្រាស់កម្មករប្រមាណ១១០០នាក់សម្រាប់កិច្ចការនេះ។ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងហាងអាជីវកម្មដែលនៅតាមដងផ្លូវមានចំនួនកាន់តែច្រើនឡើងៗ បានជួយជំរុញនូវវិស័យអាជីវកម្មបានយ៉ាងល្អប្រសើរ។

ក្នុងរយៈពេលនៃការសាងសង់ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញចុះត្រួតពិនិត្យជាច្រើនដង និងបានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃគម្រោងខាងលើ។

លោករដ្ឋមន្ត្រីធ្លាប់មានប្រសាសន៍ថា ពេលបញ្ចប់គម្រោងនឹងជួយកែលម្អបណ្ដាញផ្លូវជាតិសំខាន់នៅក្នុងប្រទេសកម្ពុជា ជួយកែលម្អស្ថានភាពចរាចរណ៍ក្នុងតំបន់និងជួយជំរុញការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ការងារ និងសេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុងតំបន់ផងដែរ។

រដ្ឋាភិបាលចិនបានផ្តល់ការជួយនិងគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងជំរុញគម្រោងជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជាដោយតាមរយៈការផ្តល់ជំនួយឥតសំណងនិងហិរញ្ញប្បទានសម្បទាន។

កាលពីខែមីនា ឆ្នាំ២០១៨ លោកស៊ុន ចាន់ថុល បានអញ្ជើញចូលរួមអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការ ដ្ឋានសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប ៩៦.៤៨គម ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវ ជាតិលេខ១) ខេត្តព្រៃវែង ដល់ ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ខេត្តត្បូងឃ្មុំ។

គម្រោងសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងនេះ មានប្រវែងសរុប ៩៦.៤៨ គីឡូម៉ែត្រ ចាប់ពី អ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ផ្លូវជាតិនេះជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់៥ សង់ទីម៉ែត្រ លើកកម្ពស់ និងពង្រីកទទឹងផ្លូវពី៩ម៉ែត្រ ទៅ ១១ ម៉ែត្រ ក្រាលស្រទាប់គ្រឹះទាំងលើ និងទាំងក្រោមកំរាស់៦០ ស.ម មានទិសចរាចរណ៍ចំនួនពីរគន្លង (១ទៅ ១មក) បំពាក់ដោយផ្លាកសញ្ញាចរចរ គូសគំនូសចរាចរ បង្គោល គីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ ។

គម្រោងផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ៩៤.១៥ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្ប ទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជាសម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសំអាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ ដោយក្រុមហ៊ុនសាជីវកម្មថ្នល់-ស្ពាន ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុម ហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវវ៉ានអាន ប្រើរយៈពេលសាងសង់ចំនួន ៤៤ខែ ចាប់ពីខែមីនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់ នៅដើម ឆ្នាំ២០២១ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here