មហាសេដ្ឋីអចលនទ្រព្យធ្វើការរិះគន់ធ្ងន់ៗដ៏កម្រចំពោះគោលនយោបាយដីធ្លីរបស់ក្រុងហុងកុង

0

ដោយៈសុខុម

ហុងកុង: មហាសេដ្ឋីអចលនទ្រព្យមួយរូបនៅក្រុងហុងកុង បានរិះគន់យ៉ាងកម្រចំពោះគោលនយោបាយដីធ្លីរបស់រដ្ឋាភិបាលចិន ស្របពេលបញ្ហាលំនៅដ្ឋានបានក្លាយជាអាទិភាពសម្រាប់ក្រុមមេដឹកនាំ ក្នុងទីផ្សារលំនៅដ្ឋានថ្លៃបំផុតរបស់ពិភពលោកមួយនេះ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃសុក្រ ទី១៦ កក្កដា នេះ។

នៅឯវេទិកាមួយរៀបចំឡើងដោយគណបក្ស ដែលគាំទ្ររដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ទី១៥ កក្កដា លោក Adam Kwok នាយកប្រតិបត្តិ និងជាអ្នកស្នងមរតកជំនាន់ទី៣ នៃក្រុមហ៊ុន Sun Hung Kai Properties Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ធំបំផុតប្រចាំក្រុងហុងកុង បានគន់ធ្ងន់ៗចំពោះដំណើរការដ៏ស្មុគស្មាញរបស់អាជ្ញាធរ នៅក្នុងការផ្ដល់ដីធ្លីសម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន។

លោកលើកឡើងថា “នីតិវិធី និងប្រព័ន្ធដំណើរការដីធ្លីជាច្រើនគឺហួសសម័យ និងស៊ីពេលយូរ ហើយដោយសារតែបែបនេះ ទើបធ្វើឱ្យយើងធ្លាក់ចូលក្នុងស្ថានភាពដូចពេលបច្ចុប្បន្ន”។

តាមការរំពឹងទុក តម្លៃផ្ទះនៅក្រុងហុងកុង នឹងហក់ឡើងខ្ពស់មិនធ្លាប់មានក្នុងឆ្នាំនេះ សូម្បីពលរដ្ឋមួយចំនួនបានធ្វើចំណាកស្រុកចេញពីក្រុងនេះក្ដី នៅពេលប្រទេសចិន រឹតបន្តឹងការគ្រប់គ្រងលើដែនដីនេះ។ តម្រូវការលំនៅដ្ឋាន នៅតែបន្តលើសការផ្គត់ផ្គង់ក្នុងទីក្រុងនេះ ហើយរដ្ឋាភិបាលបានលក់ដីជាបន្តបន្ទាប់ តាមរយៈការដេញថ្លៃឱ្យទៅបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍។

ចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងនាមជាតំណាងសមាគមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហុងកុង លោក Adam Kwok ថ្លែងថា រដ្ឋាភិបាលមិនបានទាញយកផលប្រយោជន៍ពេញលេញពីធនធានដីធ្លីដែលមានឡើយ។

លោកបានស្នើឱ្យរដ្ឋាភិបាលសិក្សាពីលទ្ធភាព នៃការអភិវឌ្ឍតំបន់ទ្រនាប់ (buffer zone) ដែលស្ថិតនៅតាមបណ្ដោយតំបន់ដីសើម និងតំបន់ខ្សែក្រវាត់បៃតង ជាតំបន់ធម្មជាតិដែលត្រូវបានកំណត់យក ដើម្បីការពារពីការទន្ទ្រានចូលដោយការអភិវឌ្ឍទីក្រុង។

លោកក៏ជំរុញឱ្យរដ្ឋាភិបាល ចាប់ផ្តើមអនុញ្ញាតការសាងសង់លំនៅដ្ឋានឯកជនដំណើរការមុនគេនៅក្នុងតំបន់អភិវឌ្ឍន៍ថ្មីមួយផងដែរ។

លោកគូសបញ្ជាក់ថា “ច្បាប់បច្ចុប្បន្នតម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ រង់ចាំរហូតដល់ការងារលំនៅដ្ឋានសាធារណៈចាប់ផ្តើមជាមុនសិន”។

វាជារឿងដ៏កម្រណាស់ ដែលនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ធ្វើការរិះគន់    រដ្ឋាភិបាលជាសាធារណៈនៅក្រុងហុងកុង ទីដែលក្រុមហ៊ុនអភិវឌ្ឍន៍នានា តែងតែរងការបន្ទោសថា ជាអ្នកធ្វើឱ្យតម្លៃផ្ទះហក់ឡើងខ្ពស់។ ក្រុមហ៊ុនអចលនទ្រព្យធំៗរួមមានក្រុមហ៊ុន Sun Hung Kai Properties Ltd ផងកាន់កាប់ដីកសិកម្មរហូតដល់ប្រមាណ៩,៣លានម៉ែត្រការ៉េនៅតំបន់ New Territories ជាសញ្ញាមួយបង្ហាញពីការទិញស្តុកទុក នេះបើយោងតាមការលើកឡើងរបស់ក្រុមអ្នករិះគន់។

ទោះជាយ៉ាងណា លោក Adam Kwok បានឆ្លើយតបថា មួយផ្នែកធំនៃតំបន់ខាងលើនេះ នៅតែកាន់កាប់ដោយរដ្ឋាភិបាល ឬក៏ជាដីដូនតារបស់ជនជាតិដើមភាគតិច។

យោងតាមស្ថាប័នស្រាវជ្រាវអំពីដីធ្លី និងលំនៅដ្ឋានOur Hong Kong Foundation ឱ្យដឹងថា ការផ្គត់ផ្គង់លំនៅដ្ឋានថ្មីៗនៅហុងកុង បានបន្តធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ លំនៅដ្ឋានឯកជនថ្មីៗដែលអាចសាងសង់លើដីទំនេរ បានធ្លាក់ចុះពី២៥.៥០០ផ្ទះកាលពី៣ឆ្នាំមុន មកនៅត្រឹមតែ១៣.០២០ផ្ទះនៅឆ្នាំ២០២១នេះ។ ហើយនោះជាកត្តាដែលជំរុញឱ្យតម្លៃលំនៅដ្ឋានហក់ឡើងខ្ពស់ឥតឈប់ឈរ។

ការរិះគន់របស់លោក Adam Kwok បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកស្រី Carrie Lam មេដឹកនាំក្រុងហុងកុង បានថ្លែងក្នុងរដ្ឋសភាដោយនិយាយការពារកិច្ចប្រឹងប្រែងរបស់រដ្ឋការលោកស្រី នៅក្នុងការដោះស្រាយវិបត្តិលំនៅដ្ឋាន។

លោក Adam Kwok លើកឡើងថា “ខ្ញុំទទួលស្គាល់ហើយនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ហើយខ្ញុំក៏មើលឃើញដែរថា នីតិវិធីមួយចំនួនកំពុងត្រូវបានពន្លឿន។ ប៉ុន្តែរដ្ឋាភិបាលនៅតែចាំបាច់ត្រូវការក្រុមការងារ និងគោលនយោបាយសមស្រប ដើម្បីដោះស្រាយបញ្ហាទាំងនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here