ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ដីធ្លីនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងភូមិសាស្រ្តខណ្ឌដង្កោ ម្ចាស់ដីបានបង្កើនតម្លៃដាក់លក់យ៉ាងគំហុក នៅក្នុងរយៈពេលជិត២ឆ្នាំចុងក្រោយ បន្ទាប់ពីការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ បានបង្ហាញរូបរាងកាន់តែច្បាស់។
បើតាមការបញ្ជាក់ពីអ្នកឯកទេសដីធ្លី ប្រចាំខណ្ឌដង្កោបានឲ្យដឹងថា ម្ចាស់ដីបានប្រកាសដាក់លក់ ក្នុងតម្លៃក្រោម១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ កាលពីមុនពេលដែលគម្រោងផ្លូវនេះមិនទាន់សាងសង់ ប៉ុន្តែទីតាំងដីធ្លីដដែលបានបង្កើនតម្លៃដល់ទៅជាង ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅពេលផ្លូវក្រវ៉ាត់ក្រុងទី៣ចេញជារូបរាង។
អ្នកនាង ម៉ាន់ កណិកា ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌដង្កោ បានលើកយកឧទាហរណ៍ជាក់ស្តែង ពីទីតាំងដីស្ថិតនៅក្នុងសង្កាត់រលួស ដែលជាតំបន់ឆ្លងកាត់គម្រោងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងទី៣។ អ្នកនាងបញ្ជាក់ថា ទីតាំងដីនេះធ្លាប់ប្រកាសលក់ក្នុងតម្លៃ៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េកាលពីពេលមុន តែបច្ចុប្បន្នម្ចាស់ដីបានបង្កើនតម្លៃលក់រហូតដល់២១០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃនេះកើនឡើងជិត ៣ដង។
អ្នកនាងបន្តថា សំរាប់ទីតាំងដីខាងលើ ដីអាចមានតម្លៃដាក់លក់ជាមធ្យម១៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ បន្ទាប់ពីធ្វើការវាយតម្លៃដោយក្រុមហ៊ុនជំនាញ Vtrust Appraisal។ ទីតាំងដីនេះមានទំហំ៣៥៥៤ម៉ែត្រការ៉េ ដែលស័ក្កិសមសម្រាប់ការសាងសង់ជាផ្ទះល្វែង និងឃ្លាំងស្តុកទំនិញ។
ទីតាំងដីក្នុងសង្កាត់រលួស អាចរកទិញបានក្នុងតម្លៃចន្លោះពី១០០ ទៅ៣៥០ដុល្លារ ក្នុងមួយម៉ែត្រការ ដោយអាស្រ័យលើសក្តានុពលនៃទីតាំងដី។ នេះបើតាមការសិក្សារបស់អ្នកនាងម៉ាន់ កណិកា។
គម្រោងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែងប្រមាណ៥៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញប្រវែង១៥គីឡូម៉ែត្រ និងភូមិសាស្រ្តខេត្តកណ្តាល៣៨គីឡូម៉ែត្រ។ ការអភិវឌ្ឍន៍គម្រោងនេះ ចាប់ផ្តើមពីចំនុចផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។
គម្រោងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចការសាងសង់បានប្រមាណ៦០ភាគរយហើយនាពេលបច្ចុប្បន្ន បន្ទាប់ពីគម្រោងនេះបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩៕