ជប៉ុនបន្តជំរុញគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីក្រុងព្រះសីហនុដើម្បីជួយពង្រីកការដឹកជញ្ជូននៅកម្ពុជា

0

ដោយៈ ប៊ី

ភ្នំពេញៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន (JICA) នៅតែបន្តជំរុញគម្រោងសិក្សាសមិទ្ធិលទ្ធភាពអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីទឹកជ្រៅរបស់ក្រុងព្រះសីហនុ ជំហានទី២ និងទី៣ បើទោះបីជាគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី១ត្រូវបានពន្យាពេល។

លោកលូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពផែ ស្វយ័តក្រុងព្រះសីហនុ បានជួបពិភាក្សាការងារ ជាមួយ លោក Koichi Miyake ប្រធានក្រុមសិក្សា JICA Survey Team ស្តីពីតម្រូវការចរាចរណ៍ដឹកជញ្ជូនទំនិញតាមផ្លូវគោក នៃគម្រោងសិក្សាសមិទ្ធិលទ្ធភាពអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីទឹកជ្រៅ កំពង់ផែក្រុងព្រះសីហនុ ជំហានទី២ និងទី៣ កាលពីម្សិលមិញ។

នេះបញ្ជាក់ឱ្យឃើញថា ជប៉ុននៅតែបន្តយកចិត្តទុកដាក់ លើការអភិវឌ្ឍគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែក្រុងព្រះសីហនុ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាដឹកជញ្ជូននៅកម្ពុជា។

យោងតាមការប្រាប់ឱ្យដឹងពីថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលទទួលបានកម្ចីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ពី JICA នឹងត្រូវពន្យារពេលទៅដើមឆ្នាំ២០២២វិញ ដោយសារការរចនាប្លង់មានភាពយឺតយ៉ាវជាងការគ្រោងទុក។

JICA កន្លងមកបានសម្រេចផ្តល់កម្ចីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែក្រុងព្រះសីហនុ ដំណាក់កាលទី១ ជាមួយនឹងទំហំទឹកប្រាក់សរុប ២៣ ៥០២ ០០០ ០០០ យ៉េន (ប្រមាណ ២១៨ លានដុល្លារ)។

ផែកុងតឺន័រថ្មីដែលមានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក១៤,៥ម៉ែត្រនេះ នៅពេលដំបូងគ្រោងនឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆ្នាំ២០២១ ដោយនឹងអាចចាប់ផ្តើមប្រតិបត្តិការនៅពាក់កណ្តាលឆ្នាំ២០២៤។ ចំណតថ្មីនេះនឹងអាចឱ្យនាវាដែលមានសមត្ថភាពផ្ទុកកុងតឺន័រចំនួន៦០០០០ DWT (៥០០០ TEUs) ចូលចត និងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រឆ្លងកាត់តំបន់អាស៊ីប្រមាណ៩៣ភាគរយ ចូលមកកាន់កំពង់ផែក្រុងព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here