អង្គការសហប្រជាជាតិប្រកាសជួយរដ្ឋាភិបាលកម្ពុជាស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ១៩ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០

0

ដោយៈ ម៉ាណេត

ភ្នំពេញ៖ ទីភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបចំពោះវិបត្តិជំងឺកូវីដ-១៩ និងការស្តារឡើងវិញពីវិបត្តិនេះ ដើម្បីឈានទៅសម្រេចនូវរបៀប វារៈសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០​។ នេះបើតាមការលើកឡើ ងនៅក្នុងរបាយការណ៍ថ្មីរបស់យូអិនឌីភី (UNDP) ដែល Propertyarea.asia ទទួលបាននៅចុងសប្តាហ៍កន្លងទៅនេះ។

UNDP បានប្រកាសផ្សព្វផ្សាយរបាយការណ៍មួយ ដែលធ្វើការប៉ាន់ប្រមាណពីធន​ធានហិរញ្ញប្បទាន ដែលមានសម្រាប់ការអភិវឌ្ឍនៅកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដោយមានចំណងជើងថា “ការវាយតម្លៃលើធនធានហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍនៅកម្ពុជា (DFA)”។

របាយការណ៍នេះបានធ្វើការវិភាគលើសមាសភាគ និងនិន្នាការ នៃរំហូរចូលធន​ធានហិរញ្ញវត្ថុទាំងអស់របស់កម្ពុជា ដែលមានប្រភពពីវិស័យសាធារណៈ វិស័យឯកជន អន្តរជាតិ និងជាតិ សម្រាប់គាំទ្រដល់ការវិនិយោគ លើការងារអភិវឌ្ឍន៍នៅក្នុងប្រទេសនេះ។

ការសិក្សាថ្មីនេះ ក៏បានប៉ាន់ប្រមាណពីការខាតបង់ ដែលទំនងជាកើតមានចំពោះកម្ពុជាដោយសារវិបត្តិកូវីដ-១៩ ផងដែរ។

របាយការណ៍នេះរកឃើញថា ចំណូលក្នុងស្រុកកាន់តែក្លាយជាប្រភពហិរញ្ញប្បទានសំខាន់បំផុត សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ពោលគឺស្មើនឹង ១៩% នៃ ផ.ស.ស ក្នុងឆ្នាំ២០២០ និងបន្តកើនឡើងរហូតដល់២២,៥% ត្រឹមឆ្នាំ២០២៥។ ខណៈពេលដែលរំហូរជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នៅតែមានកម្រិតគួរកត់សម្គាល់ ស្មើនឹងប្រមាណ៧,៩% នៃ ផ.ស.ស ផ្នែកខ្លះនៃប្រភពហិរញ្ញប្បទាននេះ បានងាកទៅរកកម្ចីវិញ ពោលគឺកម្ចី ដែលពុំសូវមានលក្ខណៈសម្បទានដូចកាលពីមុន។

ជំងឺកូវីដ-១៩បាននាំឱ្យមានការខាតបង់ រំហូរហិរញ្ញប្បទានសរុបប្រមាណ៣,៦ ពាន់លានដុល្លារ ស្មើនឹង១៩,៨% នៃរំហូរហិរញ្ញវត្ថុសរុបសម្រាប់ឆ្នាំ២០២០។ ប្រភពហិរញ្ញប្បទាន ដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមាន ចំណូលនៅក្នុងស្រុក ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) និងការវិនិយោគក្នុងស្រុកពីប្រភពឯកជន។

របាយការណ៍នេះ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការធ្វើនវានុវត្តន៍គោលនយោបាយហិរញ្ញប្បទាន ដើម្បីបង្កើនសមត្ថភាពរបស់រដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងធានាឱ្យមានការបន្តរំហូរមូលធនឯកជន ក្នុងកម្រិតខ្ពស់។ ដូច្នេះ គួរមានការសិក្សាបន្ថែមពីជម្រើសផ្សេងទៀត នៃយន្តការហិរញ្ញប្បទានបៃតង ដែលអាចយកមកប្រើប្រាស់ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជាមានប្រសាសន៍ថា “នេះជាលើកទីមួយហើយ ដែលមានការបង្កើតជាម៉ូដែល ដើម្បីបង្ហាញឱ្យឃើញពីរូបភាពពេញលេញនៃរំហូរចូលហិរញ្ញវត្ថុ ដែលគេរំពឹងថានឹងទទួលបានពីគ្រប់ប្រភពទាំងអស់ សម្រាប់កម្ពុជា ជាមួយនឹងភាពជាក់លាក់បែបនេះ”។ លោកបន្តថា “នៅពេលដែលយើងអាចសម្រួលការរឹតត្បិត ដោយសារជំងឺកូវីដ-១៩ យើងរំពឹងថារំហូរធនធានហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ នឹងមានកំណើនខ្ពស់។ ក្នុងចំណោមរំហូរទាំងនេះ ប្រភពហិរញ្ញប្បទានពីក្នុងស្រុក កាន់តែមានសារៈសំខាន់ខ្លាំងឡើងៗ”។

លោកមានប្រសាសន៍បន្ថែមទៀតថា ព្រះរាជាណាចក្រកម្ពុជា អាចងើបចេញពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍតិចតួច នៅចុងទសវត្សរ៍២០២០។ ពេលនេះហើយ ជាពេលវេលា ដែលត្រូវត្រៀមប្រភពហិរញ្ញប្បទានថ្មីៗ ដូចដែលបង្ហាញយ៉ាងច្បាស់នៅក្នុងរបាយការណ៍នេះ។

ឧទាហរណ៍ ការមានលទ្ធភាពចេញសញ្ញាប័ណ្ណជាប្រាក់រៀល គឺជាជម្រើសមួយដែលកំពុងត្រូវបានយកមកធ្វើការពិចារណា ហើយក៏ជាជម្រើស ដែលទទួលបានការគាំទ្រខ្លាំងក្លាពី UNDP ផងដែរ។

លោករស់ សីលវ៉ារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងផ្សព្វផ្សាយ ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ដែលនឹងប្រើប្រាស់ហិរញ្ញប្បទានពីថវិការជាតិ និងពិចារណាកៀរគរប្រភពហិរញ្ញប្បទានផ្សេងទៀតផងដែរ។

លោកបន្តថា “របាយការណ៍នេះ ផ្តល់ឲ្យយើងនូវគំនិតបន្ថែមពីជម្រើស ប្រភពហិរញ្ញប្បទានដទៃទៀត”។

លោករស់ សីលវ៉ា ក៏បានស្វាគមន៍អនុសាសន៍គោលនយោបាយ ដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ DFA នេះផងដែរ។ លោកបន្ថែមថា ការផ្ដល់អនុសាសន៍គោលនយោបាយ ឈរលើភស្តុតាងដល់រាជរដ្ឋាភិបាលកម្ពុជា គឺជាការរួមវិភាគទានបន្ថែមទៀតរបស់ UNDP។

UNDP បន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបចំពោះវិបត្តិជំងឺកូវីដ-១៩ និងការស្តារឡើងវិញពីវិបត្តិនេះ ក្នុងផ្នែកសំខាន់ៗ ដូចជា កំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព សេវាគាំពារសង្គម បញ្ហាអាកាសធាតុ និងបរិស្ថាន សមភាព យេនឌ័រ និងបរិយាប័ន្ន ដើម្បីឈានទៅសម្រេចនូវរបៀបវារៈ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០៕

LEAVE A REPLY

Please enter your comment!
Please enter your name here