ដោយៈគង់ សូរិយា
កំពតៈ ក្រុងបូកគោ ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ បាននិងកំពុងត្រៀមបោះឆ្នោតជ្រើសរើសសមាជិក និងប្រធានក្រុមប្រឹក្សាក្រុង ស្របពេលការឃោសនារកសម្លេងឆ្នោតបានចាប់ផ្តើមកាលពីចុងសប្តាហ៍មុន។
ការឃោសនារកសម្លេងឆ្នោតបានចាប់ផ្តើម កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ក្នុងនោះមានគណបក្សនយោបាយចំនួន២ ក្នុងចំណោម គណបក្សនយោបាយទាំង៤ បានធ្វើសកម្មភាពឃោសនា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា នេះបើតាមការបញ្ជាក់ពី គ.ជ.ប។
បើតាម គ.ជ.ប គណបក្សប្រជាជនកម្ពុជា បានចេញឃោសនាដោយមានរថយន្តចំនួន៧០គ្រឿង និងម៉ូតូចំនួន៣០គ្រឿង និងមានអ្នកចូលររួមសរុបចនួន២០០ នាក់។ ចំណែកគណបក្សសញ្ជាតិកម្ពុជា គឺមានរថយន្តចំនួន២គ្រឿង និងម៉ូតូចំនួន៥គ្រឿង សរុបអ្នកចូលរួមមានចំនួន២០នាក់។
លោកបណ្ឌិត តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតដែលបានចូលរួមឃ្លាំមើលសកម្មភាព ឃោសនានៅថ្ងៃនេះបានឱ្យដឹងថា អ្នកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតបានអនុវត្ត និងគោរពតាមវិធានការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អ។
លោកបានបន្តថា “សកម្មភាពឃោសនាប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងបានទៅដល់គោលដៅដែលបានកំណត់ដោយសន្តិវិធី”។
ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ មានរយៈពេល៨ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ចប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ ចំពោះការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលត្រូវកំណត់២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត៕