ក្រសួងសាធារណការជំរុញការអភិវឌ្ឍធនធានមនុស្សដើម្បីរួមចំណែកដល់ ការរីកចម្រើនសង្គមជាតិ

0

ដោយៈ សាវុធ

ភ្នំពេញៈ វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូនបើកវគ្គបំប៉នសមត្ថភាពផ្ទៃក្នុងស្តីពី “ការអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ” ជូនដល់ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការ ក្រោមអធិបតីភាពលោកស្រីឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកស្រីឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើ​ញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នសមត្ថភាពផ្ទៃក្នុងស្តីពី “ការអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ” ជូនដល់ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការនៃវិទ្យាស្ថានតេជោសែន សាធារ​ណការ និងដឹកជញ្ជូន នៅទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

ថ្លែងក្នុងពិធីបើកវគ្គនាឱកាសនោះ លោកស្រី បានលើកឡើងពីការជំរុញ និងការគាំទ្រពីសំណាក់ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលលើការបណ្តុះបណ្តាលអភិវឌ្ឍធនធានបុគ្គលិក មន្រ្តីរាជការ គ្រូបង្រៀន និងសាស្រ្តាចារ្យរបស់វិទ្យាស្ថាន ឱ្យមានសមត្ថភាពខ្ពស់ ដើម្បីឈានទៅបណ្តុះបណ្តាលសិស្ស និស្សិតឱ្យក្លាយជាធនធានមនុស្ស ដែលអាចរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ ស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់ទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានោះផងដែរ ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ទៅកាន់សិស្ស និស្សិត និងសិក្ខាកាម លោកហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពីសារ សំខាន់ជាមូលដ្ឋានគ្រឹះនៃវគ្គបណ្តុះបណ្តាលនេះ ជាវគ្គដែលអាចជួយបំពាក់បំប៉ន បំពេញបន្ថែមដល់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីរបស់វិទ្យាស្ថានថែមមួយកម្រិតទៀត ដើម្បីអាចបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងគុណភាព ជាពិសេសធានាឱ្យកិច្ចដំណើរការវិទ្យាស្ថាន អាចប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យ។

លោកនាយកវិទ្យាស្ថានបានបន្ថែមថា វិទ្យាស្ថានបានបែងចែកវគ្គបណ្តុះបណ្តាលជា៨វគ្គ សរុបចំនួន១៨មេរៀន បង្រៀនបង្ហាញដោយវាគ្មិនកិត្តិយស និងអ្នកជំនាញមានបទពិសោធន៍ច្រើនឆ្នាំលើមេរៀន នីមួយៗដែលរួមមាន គោលការណ៍នៃការងាររដ្ឋបាលក្នុងវិស័យអប់រំ និងប្រភេទគោលការណ៍រដ្ឋបាល អប់រំ ទំនាក់ទំនងក្នុងសាលារៀននិងរចនាសម្ព័ន្ធសាលារៀន ការគ្រប់គ្រងធនធានមនុស្ស និងការកសាងធនធានមនុស្សក្នុងវិស័យអប់រំ ការគ្រប់គ្រងខ្លួនឯង ការកសាងក្រុមនិងការបង្កើតបរិស្ថានជំរុញលើក ទឹកចិត្ត ការអភិវឌ្ឍខ្លួនឯង ការគ្រប់គ្រងនិងភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ ការរៀបចំឱ្យមានផ្នត់គំនិត វិជ្ជមាន ការរៀបចំនិងអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្ត្រដោះស្រាយទំនាស់ ការឆ្លុះបញ្ចាំងពីខ្លួនឯង និង ភាពជាអ្នកដឹកនាំជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here