ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ដោយសារតែការអភិវឌ្ឍនៅរាជធានីភ្នំពេញកាន់តែធំឡើង តម្រូវការពង្រីកទីក្រុងក៏កាន់តែធំជាបន្តបន្ទាប់ ជាក់ស្ដែងរយៈពេលកន្លងមកនេះ រាជធានីភ្នំពេញបានពង្រីកផ្ទៃក្រឡាកាន់តែធំ និងបានកាត់យកដីតាមបណ្ដាខេត្តជាប់រាជធានីមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានី។
ថ្មីៗនេះដែរ រដ្ឋាភិបាលបានប្រកាសថានឹងពង្រីកផ្ទៃដីរាជធានីភ្នំពេញឱ្យដល់កាំរង្វង់១០០គីឡូម៉ែត្រ ដូច្នេះវិធីសាស្ត្រតែមួយ គឺកាត់យកដីរដ្ឋបាលខេត្តជាប់រាជធានី មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានី ដែលនឹ ងធ្វើឱ្យដីនៅតាមបណ្ដាខេត្តជាប់រាជធានី នឹងមានសន្ទុះល្អប្រសើមួយកម្រិតទៀត ជាក់ស្ដែងកន្លងមក ក្រោយពេលដីជាប់រាជធានីភ្នំពេញ ហើយកាត់មកនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាជាច្រើនបានផ្ដល់ជាទស្សនៈដល់វិនិយោគិនដីធ្លី ដែលចង់វិនិយោគលើដី ហើយឆាប់ចំណេញគួរ តែងាកទៅរកតំបន់ជាយក្រុង ពីព្រោះតំបន់ជាយមានសក្ដានុពលក្នុងការឡើងថ្លៃបន្តគឺមានខ្ពស់ណាស់ តែបើសិនជាដីនៅតំបន់កណ្ដាលក្រុងវិញឱកាស នៃការឡើងបន្តមានតិចតួច ។
លោកសន សៀបនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេតបានឱ្យដឹងថា អ្នកវិនិយោគដីធ្លីដែលចង់បានចំណេញឆាប់ៗ និងចំណេញច្រើនគួរតែងាកទៅរកតំបន់ ដែលនៅឆ្ងាយទីក្រុងបនិ្តច ពីព្រោះតំបន់ទាំងនោះ អាចមានឱកាសឡើងថ្លៃបន្តទៀត ហើយបើសិនជាតំបន់ ដែលវិនិយោគទិញចំប៉ះពាល់តំបន់ ដែលអភិវឌ្ឍគម្រោងរបស់រដ្ឋ ឬគម្រោងធំៗណាមួយ ដីនៅតំបន់នោះនឹងហក់ឡើងខ្លាំងក្នុងពេលខ្លី។
លោកបន្តថា តំបន់ដែលឃើញថានឹងមានសន្ទុះតម្លៃដីឡើងបន្តទៀត និងកំពុងទាក់ទាញការវិនិយោគនោះ រួមមានតំបន់ខេត្តកំពង់ស្ពឺ តាមបណ្ដោយផ្លូវ៤១ ផ្លូវ៥១ និងផ្លូវ៤២ ដោយតែផ្លូវទាំងនេះ ជាផ្លូវក្រវ៉ាត់ក្រុងដ៏មានសក្ដានុពលទាក់ទាញលើការអភិវឌ្ឍវិស័យឧស្សាហកម្ម និងជាតំបន់ដែលមានភាពងាយស្រួលក្នុងការដឹកជញ្ជូនទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លោកជា កុយអភិវឌ្ឍន៍ដីឡូត៏មួយរូបនៅតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញបានឱ្យដឹងថា កាលពីមុនដីដែលលោកអភិវឌ្ឍន៍មិនទាន់កាត់ចូលភ្នំពេញ ឃើញថាតម្លៃនៅមានទាប ពលរដ្ឋក៏មានលទ្ធភាពច្រើនក្នុងការទិញដើម្បីសង់លំនៅឋាន តែពេលដែលដីនោះ កាត់ចូលភ្នំពេញវាក៏ចាប់ផ្ដើមឡើងថ្លៃជាបន្តបន្ទាប់។ ម្យ៉ាងទៀតពេលនេះ ភ្នំពេញក៏កាន់តែរីកធំឡើង ដូច្នេះតម្លៃដីធ្លីក៏កាន់តែឡើងថ្លៃផងដែរនៅតំបន់ប៉ែកខាងលិចឬតំបន់ផ្សេងទៀតដែលកាត់ចូលភ្នំពេញ៕