ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានបញ្ចប់ការសាងសង់ ផ្លូវជាតិពីរខ្សែ ដែលមានប្រវែង រាប់រយគីឡូម៉ែត្រសរសៀ តាមក្រវាត់ព្រំដែនថៃ តាំងពីខេត្តប៉ៃលិន រហូតដល់ច្រកអូស្មាច់ខេត្តឧត្តរមានជ័យ។
ផ្លូវជាតិទាំងពីរខ្សែនេះ ជាផ្លូវយុទ្ធសាស្រ្តសម្រាប់ការដឹកជញ្ជូនទំនិញ ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងជាផ្លូវខ្សែក្រវាត់ខឿនការពារជាតិផងដែរ។
ហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោកនេះ រួមមាន ផ្លូវជាតិលេខ៥៨ បានសម្ពោធដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២០ មានប្រវែងសរុបជាង១៧៤គីឡូម៉ែត្រ។ ផ្លូវជាតិមួយខ្សែនេះ គិតចាប់ពីផ្លូវជាតិលេខ៥ ត្រង់គ.ម ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ផ្លូវជាតិលេខ៦៨ ត្រង់គ.ម ១០១+៥០០ (ផ្លុង) ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កំណាត់ផ្លូវនេះមានទទឹង១២ម៉ែត្រ ក្នុងនោះផ្លូវមេប្រវែង១៦៥ គីឡូម៉ែត្រ និងមានការស្ថាបនាផ្លូវខ្នែងប្រវែង ៨ គីឡូម៉ែត្រភ្ជាប់ទៅច្រកព្រំដែនថៃចំនួន ៤ មាន ច្រកអូរបីជាន់ ច្រកបឹងត្រកួន ច្រកជប់គគីរ និងច្រកថ្មដូន។
ផ្លូវជាតិនេះ សាងសង់ឡើងដោយប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១២២ លានដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST)។
ចំណែកផ្លូវជាតិមួយខ្សែទៀតនោះគឺផ្លូវជាតិលេខ៥៩ ក៏បានសាងសង់សសៀរតាមក្រវាត់ព្រំដែនថៃ កាត់ខេត្តចំនួន៣គឺខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ។ ផ្លូវជាតិមួយខ្សែនេះភ្ជាប់ពីផ្លូវជាតិលេខ៥ កាត់តាមស្រុកម៉ាឡៃ ស្រុកកំរៀង ស្រុកភ្នំព្រឹក្ស ស្រុកសំពៅលូន រហូតទៅដល់ខេត្តប៉ៃលិន ជាផ្លូវដែលមានតួនាទីសម្រាប់ដឹកជញ្ជូន និងរបងការពារជាតិ។
គម្រោងស្ថាបនាផ្លូវលេខ៥៩ មានប្រវែងជាង១០០គីឡូម៉ែត្រ ប្រើប្រាស់ប្រាក់កម្ចីរបស់ប្រទេសចិន ដែលបើកដំណើរការសាងសង់នៅចុងឆ្នាំ២០១០ និងដាក់ឲ្យប្រើប្រាស់ក្នុងអំឡុងឆ្នាំ២០១៥។
ការស្ថាបនាផ្លូវជាតិលេខ ៥៩ បានប្រែក្លាយតំបន់អតីតសមរភូមិប្រទាញប្រទង់គ្នាកាលពីអតីតកាល ក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ ឱ្យទៅជាទីផ្សារ និងជាតំបន់ដែលមានការអភិវឌ្ឍជាមួយប្រទេសថៃ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ភាគពាយ័ព្យប្រទេស ពង្រីកសក្ដានុពលសេដ្ឋកិច្ច ពាណិជ្ជកម្មទៅតំបន់ព្រំដែន និងបណ្តាខេត្តនៅជាប់គ្នានេះផងដែរ៕