ដោយៈសុខុម
CNN: ឆ្នាំ២០២០ ជាឆ្នាំមហាសែនស៊យ សម្រាប់ឧស្សាហកម្មអាកាសចរណ៍ទូទាំងពិភពលោក ដោយយន្តហោះរបស់ក្រុមហ៊ុនជាច្រើន មិនអាចហោះហើរបាន ពោលគឺបានត្រឹមតែចតចោលប៉ុណ្ណោះ ដោយសារការផ្ទុះវិបត្តិកូវីដ-១៩។
ប៉ុន្តែនៅពេលស្ថានភាពធ្វើដំណើរតាមផ្លូវអាកាស បានចាប់ផ្តើមវិលមករកភាពប្រក្រតីជាបណ្ដើរៗវិញនៅតំបន់ខ្លះ នៃពិភពលោក AirlineRatings.com ដែលជាទីភ្នាក់ងារដាក់ចំណាត់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍ បានប្រកាសលទ្ធផលដាក់ចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ខ្លួន ដោយប្រមូលចងក្រង នូវក្រុមហ៊ុនអាកាសចរណ៍ល្អៗដាច់គេរបស់ពិភពលោក ដែលត្រៀមខ្លួនរួចជាស្រេចចាំទទូលស្វាគមន៍អ្នកដំណើរ និងជួយពួកគេសម្រេចចិត្តថា តើគួរជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍មួយណា សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសជាថ្មីឡើងវិញរបស់ខ្លួន។
ទីភ្នាក់ងារដាក់ចំណាត់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី មួយនេះបានប្រកាសផ្ដល់ “ពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍ល្អដាច់គេ” (Airline Excellence Awards) របស់ខ្លួន។ លក្ខខណ្ឌនៃការដាក់ពិន្ទុត្រូវបានធ្វើឡើងដោយផ្អែកលើចំណុចសំខាន់ៗ រួមមាន អាយុកាលនៃយន្តហោះ សុវត្ថិភាព និងការបម្រើសេវាកម្មជាដើម។ នៅឆ្នាំនេះ គណៈវិនិច្ឆ័យទូទាំងពិភពលោក ក៏បូកបញ្ចូលពិន្ទុឆ្លើយតបរបស់ក្រុមហ៊ុនអាកាសចរណ៍នានា ទៅនឹងការឆ្លងរាតដាលវីរុសកូវីដ-១៩ ផងដែរ។
សម្រាប់ឆ្នាំ២០២១ នេះ ក្រុមហ៊ុនអាកាចរណ៍ Qatar Airways នៃប្រទេសកាតា បានជាប់ចំណាត់ថ្នាក់លេខ១ ដោយផ្ដួលជើងឯកចាស់គឺក្រុមហ៊ុនអាកាសចរណ៍ Air New Zealand ដែលបានគ្រងតំណែងកំពូលនេះរយៈពេល៦ឆ្នាំ។ នៅឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand បានធ្លាក់មកនៅត្រឹមចំណាត់ថ្នាក់លេខ២។
លោក Geoffrey Thomas អគ្គនិពន្ធនាយកនៃទីភ្នាក់ងារដាក់ចំណាត់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍ AirlineRatings.com បានប្រាប់សារព័ត៌មាន CNN Travel ដែលបានចុះផ្សាយកាលពីថ្ងៃទី២០ កក្កដា ថា ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានជាប់ចំណាត់ថ្នាក់កំពូល ដោយសារក្រុមហ៊ុននេះឆ្លើយតប ទៅនឹងវិបត្តិឆ្លងរាលដាលវីរុសកូវីដ-១៩ បានយ៉ាងល្អ។
លោកគូសបញ្ជាក់ថា “ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways តែងតែទទួលបានចំណាត់ថ្នាក់ខ្ពស់ នៅក្នុងការដាក់ចំណាត់ថ្នាក់របស់យើង ដោយឈ្នះពានរង្វាន់ជាច្រើនដូចជាពានរង្វាន់ Best Business Class ជាដើម ហើយការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនមួយនេះ នៅក្នុងការរក្សាដំណើរការបណ្តាញ ផ្លូវហោះហើរភាគច្រើនរបស់ខ្លួន ទទួលបានការសរសើរយ៉ាងខ្លាំង និងការបោះឆ្នោតគាំទ្រយ៉ាងច្រើនពីក្រុមអ្នកកាត់សេចក្ដី”។
លោកក៏បានគូសបញ្ជាក់ពីជើងហោះហើរ និងការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុននេះផងដែរ ចំពោះការធ្វើឱ្យអ្នកធ្វើដំណើរ ទទួលបានបទពិសោធន៍ហោះហើរ ប្រកបដោយសុវត្ថិភាពខ្ពស់តាមដែលអាចធ្វើទៅបានអំឡុងវិបត្តិកូវីដ-១៩។
ទីភ្នាក់ងារដាក់ចំណាត់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍ AirlineRatings.com ប្រកាសលទ្ធផលក្រុមហ៊ុនអាកាសចរណ៍កំពូលៗ របស់ខ្លួននៅខែវិច្ឆិកា ប៉ុន្តែវិបត្តិកូវីដ-១៩ បានបង្ខំឱ្យទីភ្នាក់ងារមួយនេះ ធ្វើការប្រកាសមុនពេលកំណត់៕