ដោយៈសុខុម
វិភាគ: អ្នក ខ្លះប្រហែលធ្លាប់បានឮរហៀងៗរួចមកហើយថា សហរដ្ឋ អាមេរិក ជំពាក់លុយមហាយក្សចិនច្រើនណាស់។
តើវាជាការពិតទេ ឬក៏គ្រាន់តែជាពាក្យចចាអារ៉ាម? សំណួរ ជាច្រើន ត្រូវ បាន ចោទសួរជុំវិញបញ្ហានេះ ហើយ ចម្លើយទៀត សោតក៏មាន ខុសៗគ្នា ដោយ ខ្លះឆ្លើយ ថាវាជាការពិត ប៉ុន្តែគ្មាន អ្វីជាអំណះ អំណាង ច្បាស់ លាស់ ឬយក ជា ការ បាន ចំណែកឯខ្លះទៀតនិយាយថា វាមិន អាច ទៅរួច ដាច់ ខាត។
អ្នកដែល ឆ្លើយថា មិនអាចទៅរួចដាច់ខាត ដោយ បានទាញ ហេតុផល ងាយស្ដាប់ បានចំនួន២ មកធ្វើជាទឡ្ហីករណ៍ការពារដូចខាងក្រោម៖
ទី១- សហរដ្ឋអាមេរិក ជាប្រទេសមហាអំណាច ទី១ ក្នុង ពិភព លោក មិនថា ផ្នែក យោធា និងសេដ្ឋកិច្ច ហើយប្រទេសនេះ ត្រូវចំណាយ លុយយ៉ាង ច្រើនសន្ធឹក សន្ធាប់ ក្នុងមួយឆ្នាំៗ នៅក្នុងការផ្ដល់ជំនួយ ដល់បណ្ដា ប្រទេសជា សម្ព័ន្ធមិត្ត ទូទាំង ពិភពលោក រួមទាំងស្ថាប័នអន្តរជាតិនានាផង ដើម្បី ឱ្យខ្លួន នៅ តែ អាចរក្សា បាន តំណែងជាមហាអំណាចទី១។ ដូចនេះវាគ្មានផ្លូវឡើយ ដែល សហ រដ្ឋ អាមេរិក ជំពាក់លុយប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ យ៉ាង ច្រើន សន្ធឹក សន្ធាប់។
ទី២- ពិភពលោកសុទ្ធតែដឹងថា គូប្រជែងដ៏ធំបំផុត និង គ្រោះថ្នាក់ បំផុត របស់ សហរដ្ឋអាមេរិក គឺមហាយក្សចិន ដែលតែង តែចង់ចិត្ត ទាញ ទម្លាក់ សហរដ្ឋអាមេរិក ដើម្បីខ្លួនឡើងធ្វើជាមហាអំណាចសេដ្ឋកិច្ចទី១ ឬ សូម្បី មហា អំណាច យោធាទៀតផងក៏អាចថាបាននៅពេលអនាគត។
ការ ប្រជែងគ្នាយ៉ាងស្វិតស្វាញ និងដ៏ ល្វីងជូរចត់បំផុត ដែលយើង បាន ឃើញ បង្ហាញថា មហាយក្សទាំងពីរនេះបានជួបភាពជូរចត់កាន់តែខ្លាំង ក្រោម រដ្ឋការ ប្រធា នាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ លោក ត្រាំ បាន បញ្ឆេះ សង្គ្រាមពាណិជ្ជកម្មយ៉ាងក្ដៅគគុកជាមួយមហាយក្សចិន ក្រោម ការដឹកនាំ របស់ បុរសខ្លាំង ស៊ី ជីនភីង។ និយា យដោយសង្ខេប ឬឱ្យងាយស្ដាប់បានគឺថា មហាយក្សទាំងពីរនេះ គឺជាសត្រូវស៊ីសាច់ហុតឈាម ថ្វីបើមិន ទាន់ឈាន ដល់ការ ផ្ទុះសង្គ្រាមយោធាក្ដី។ ដូចនេះ វាមិនអាច ទៅរួច ឡើយ ដែល សត្រូវ ខ្ចីលុយ ពីសត្រូវ។
បើ ការបកស្រាយខុសៗគ្នា និងសុទ្ធតែមានទឡ្ហីករណ៍រៀងៗខ្លួនបែបនេះ តើ ធ្វើម៉េចទើបអាចយើងដឹងបាន ថា ចម្លើយ មួយណាសុក្រឹត និងត្រឹមត្រូវ? អញ្ចឹង តោះ! មក ស្រាយ ចម្ងល់នេះទាំងអស់គ្នា៖
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post បង្ហាញ ថា សហរដ្ឋអាមេរិក ពិតជាជំពាក់បំណុលប្រទេសចិន ច្រើនពិតមែន។
*តើបំណុលអ្វីដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ជំពាក់មហាយក្សចិន?
ចំនួន បំណុលដែលសហរដ្ឋអាមេរិក ជំពាក់មហាយក្សចិន គឺ សំដៅ លើ បំណុល មូលបត្រ (Securities) ដូចជាវិក្កយបត្រ និងប័ណ្ណបំណុល (Bond) ជាដើម ដែល ចេញដោយក្រសួងរតនាគារសហរដ្ឋអាមេរិក តាងនាម ឱ្យរដ្ឋា ភិបាល សហព័ន្ធ ដើម្បីប្រមូលលុយ យកទៅដោះស្រាយឱនភាពថវិកា (Budget Deficit) ឬ ចំណាយលើសចំណូលប្រចាំឆ្នាំ និងសង បំណុលចាស់ ។
*តើសហរដ្ឋអាមេរិក ជំពាក់មហាយក្សចិនចំនួនប៉ុន្មាន?
រដ្ឋាភិបាលចិន មិនបានទម្លាយឱ្យច្បាស់ទេថា តើសហរដ្ឋអាមេរិក ជំពាក់ ខ្លួន ចំនួនប៉ុន្មាន។ ប៉ុន្តែក្រសួងរតនាគារសហរដ្ឋអាមេរិក ជា អ្នក ចេញ ផ្សាយ ទិន្នន័យ ប្រចាំខែរបស់ខ្លួនស្ដីពី ម្ចាស់បំណុល បរទេស ទាំងអស់ របស់ សហរដ្ឋ អាមេរិក ហើយប្រទេសជប៉ុន និងមហាយក្សចិន ក៏ស្ថិត ក្នុងចំណោម ម្ចាស់ បំណុលធំៗ របស់សហរដ្ឋអាមេរិក ដែរ។
ទិន្នន័យរបស់ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានបង្ហាញថា គិត ត្រឹម ខែ វិច្ឆិកា ឆ្នាំ២០២០ សហរដ្ឋអាមេរិក បានជំពាក់បំណុលរដ្ឋាភិបាលបរទេសនានា ចំនួន ៧.០៥៣ទ្រីលានដុល្លារ ដោយក្នុងនោះរួមមាន ទាំងបំណុល ជំពាក់ មហាយក្ស ចិន ចំនួន១,០៦៣ទ្រីលានដុល្លារ និងជំពាក់ប្រទេសជប៉ុន ចំនួន ១,២៦០ ទ្រីលានដុល្លារ ផងដែរ។
ទោះជាយ៉ាងណា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានព្រមានថា ទិន្នន័យ នេះមិនអាចបញ្ជាក់ពីចំនួនមូលបត្រ ជាក់លាក់ របស់ រតនាគារ សហ រដ្ឋអាមេរិក ដែល ប្រទេស នីមួយៗកាន់កាប់ឡើយ ព្រោះ មូលបត្រ របស់ សហ រដ្ឋអាមេរិក ក៏អាចត្រូវបានរក្សាទុកក្នុងគណនេយ្យផ្សេងៗនៅក្រៅប្រទេស ផង ដែរ ដូចនេះមិនអាចបញ្ជាក់ពីចំនួនកាន់កាប់ពិតប្រាកដបានឡើយ។
បណ្ដា អ្នកវិភាគទីផ្សារបានដាក់មន្ទិលសង្ស័យជាច្រើនឆ្នាំមកហើយថា ប្រទេស ចិន ប្រើប្រាស់ក្រុមហ៊ុនមូលបត្រនានានៅប្រទេសផ្សេងទៀត ដើម្បី ទិញ បំណុល អាមេរិក បន្ថែមទៀត។
*ហេតុអ្វីបានជាមហាយក្សចិន ទិញបំណុលអាមេរិក?
ប្រទេសចិនបាន និងកំពុងដំណើរការអតិរេកពាណិជ្ជកម្ម (Trade Surplus) ដ៏ ធំមួយផ្នែ កទំនិញ និងសេវាកម្មអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ បើ និយាយ ឱ្យងាយស្ដាប់នោះមានន័យថា ប្រទេសចិន ធ្វើការ នាំចេញ ច្រើន ជាង នាំ ចូល។ ដូចនេះប្រាក់ចំណូលអន្ដរជាតិរបស់ មហាយក្សចិន ក៏បាន កើន ឡើង ដោយ សារ តែអតិរេកពាណិជ្ជកម្ម ដែលកំពុងកើនឡើងរបស់ខ្លួន ដោយ ប្រតិបត្តិការពាណិជ្ជកម្មជាច្រើន ជាមួយក្រុម ហ៊ុនសហ គ្រាស នានា នៅ សហ រដ្ឋ អាមេរិក និងបណ្តាប្រទេសផ្សេងទៀត សុទ្ធតែ ទូទាត់ជា ប្រាក់ ដុល្លារអាមេរិក។