ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនលក់សំលៀកបំពាក់ល្បីឈ្មោះរបស់ប្រទេសស៊ុយអែត H&M (Hennes & Mauritz AB) បានប្រកាសថា នឹងពង្រីកសាខាមកប្រទេសកម្ពុជា ជាលើកដំបូងនៅឆ្នាំក្រោយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននេះ កាលពីដើមខែកក្កដានេះបានឲ្យដឹងថា ការសម្រេចបោះជំហានបើកសាខា លក់សំលៀកបំពាក់នៅកម្ពុជា ដោយសារតែក្រុមហ៊ុនមើលឃើញពីសក្ដានុពល នៃលទ្ធភាពទិញរបស់ប្រជាពលរដ្ឋ ក្នុងស្រុក នេះ ក៏ដោយសារតែក្រុមហ៊ុន មានរោងចក្រផលិតសំលៀកបំពាក់នៅកម្ពុជាស្រាប់ តាំងពីទសវត្សឆ្នាំ១៩៩០មកម្ល៉េះ។
ក្រុមហ៊ុន H&M បានឈានជើងចូលទីផ្សារអាស៊ាន មួយរយៈធំហើយ ដោយវត្តមានសាខាចំនួន១១ ទីតាំងនៅប្រទេសវៀតណាម និង៤៣ទីតាំង នៅប្រទេសថៃ។
ទោះជាយ៉ាងណា ក្រុមហ៊ុននេះមិនបានបញ្ជាក់ពីកាលបរិច្ឆេទ នៃការបើកដំណើរការនៅកម្ពុជា និងទីតាំងច្បាស់លាស់នៃសាខាថ្មីនេះនៅឡើយទេ៕