តំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ នៅតែមានសក្ដានុពលសំរាប់ទីផ្សារលំនៅដ្ឋាននិងគំរោងដីដីឡូត៍ស្របពេលទីក្រុងគ្រោងពង្រីកកាន់តែធំ

0

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ តំបន់នៅប៉ែកលខាងលិចរាជធានីភ្នំពេញ បានក្លាយជាតំបន់អភិវឌ្ឍន៍អស់រយៈពេលជាយូរឆ្នាំមកហើយ ហើយមកដល់ពេលបច្ចុប្បន្ននេះ វានៅតែក្លាយជាចំណា​ប់អារម្មណ៍អភិវឌ្ឍន៍លំនៅដ្ឋាន  និងអ្នកអភិវឌ្ឍន៍ដីឡូត៍ដដែល តែការអភិវឌ្ឍត្រូវឆ្ងាយពីទីក្រុងបន្តិច។

អ្នកអភិវឌ្ឍន៍ដីឡូត៏ជាច្រើន បាននិងកំពុងបង្ហាញសក្ដានុពល ក្នុងការអភិវឌ្ឍរបស់ខ្លួននិងបង្ហាញគម្រោងថ្មីៗជាបន្តបន្ទាប់ទៅកាន់អតិថិជន ជាពិសេសនោះ គឺតំបន់នៃស្រុកអង្គស្នួលខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ខណៈអ្នកជំនាញនៃវិស័យអចលនវត្ថុ ក៏មើលឃើញថា តំបន់ប៉ែកខាងលិច នៅតែមានសក្ដានុពលក្នុងការអភិវឌ្ឍដីធ្លី នៅក្នុងពេលបច្ចុប្បន្ននិងពេលអនាគខាងមុខ។

បើតាមចេ សុន អ្នកអភិវឌ្ឍន៍ដីឡូត៏នៅតំបន់ប៉ែកខាងលិច រាជធានីភ្នំពេញបានឱ្យដឹងថា នៅក្នុងវិបត្តិកូវីដ១៩នេះការអភិវឌ្ឍដីឡូត៍ នៅតែមានសកម្មភាពជាបន្តបន្ទាប់ ហើយក៏មានអតិថិជនទិញជាហូរហែរផងដែរ គ្រាន់តែសកម្មភាពនៃការទិញលក់វាមិនដូចកាលពីមុនមានវិបត្តិឡើយ ។

លោកថា “ការអភិវឌ្ឍដីឡូត៏ ក៏ត្រូវរំកិលកាន់តែឆ្ងាយពីរាជធានីបន្តិចដែរ ប៉ុន្តែវាសុទ្ធតែមានសក្ដានុពលដូចគ្នា ពីព្រោះការអភិវឌ្ឍរាជធានីពេលនេះ និងពេលខាងមុខក៏កាន់តែ រីកធំជាបន្តបន្ទាប់ដូចគ្នា”។

លោកបន្តថា បើយើងក្រលេខទៅមើលជុំវិញ ទីក្រុងចាស់មួយរបស់កម្ពុជាគឺក្រុងឧត្តុងឃើញថា កំពុងតែមានភាពទាក់ទាញ ក្នុងការអភិវឌ្ឍអចលនទ្រព្យ ជាពិសេសតំបន់នៅតាមបណ្ដោយផ្លូវ៥១ ដែលយើងឃើញថា មានសន្ទុះនៃការអភិវឌ្ឍកាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងគម្រោងអភិវឌ្ឍន៍ឧស្សាហកម្ម របស់ក្រុមហ៊ុនកាណាឌីយ៉ាក៏កំពុងបង្ហាញពីឥទ្ធិពល នៃការទាក់ទាញវិនិយោគិន និងមនុស្សទៅរស់នៅតំបន់កាន់តែច្រើនផងដែរ ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យក៏មើលឃើញថា តំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ នឹងក្លាយជាតំបន់ ដែលមានការអភិវឌ្ឍខ្លាំងនៅពេលអនាគត ជាតំបន់ដែលទាក់ទាញលើវិស័យឧស្សាហកម្ម ខ្លាំងជាងគេ ដោយសារតែវាតំបន់ដែលងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញ។ ដូច្នេះវិនិយោគិនក្នុងវិស័យឧស្សាហកម្ម នឹងសម្លឹងមើលទីតាំងសម្រាប់ដាក់ការវិនិយោគនៅរបស់ខ្លួននៅទីនោះផងដែរ ។

បើតាមអ្នកជំនាញ ជាច្រើនក៏បានបង្ហាញពីសុទិដ្ឋិនិយម ចំពោះការអភិវឌ្ឍរាធានី តាមផែនការគោលរបស់រដ្ឋាភិបាល ដែលគ្រោងនឹងពង្រីកផ្ទៃដីរាជធានីភ្នំពេញ១០០គីឡូម៉ែត្រកាំរង្វង់ ហើយវិធីតែមួយគឺកាត់យកដីខេត្ត ជាប់រាជធានីមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលនឹងធ្វើសន្ទុះនៃតម្លៃដីកើនឡើងមួយកម្រិតទៀត។

ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឈន៍ដីឡូត៍កម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍៍ថា ទន្ទឹមនឹងកំណើននៃការអភិវឌ្ឍទៅកាន់ប៉ែកខាងលិចរាជធានីភ្នំពេញ បាននិងកំពុងធ្វើឲ្យតំបន់នេះរីកចម្រើនលឿន ដោយសារកំនើនប្រជាពលរដ្ឋ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងផែនការពង្រីក្រុងក្នុងកាំរង្វង់១០០គីឡូម៉ែត្រ នាពេលខាងមុខនេះ។

លោកបន្តថា “ការប្រកាសពង្រីកក្រុងរបស់រដ្ឋាភិបាល បានធ្វើឲ្យតម្លៃអចលនទ្រព្យដែលបានកើនឡើងរួចទៅហើយ បាននិងកំពុងឡើងថ្លៃបន្ថែមទៀត ប៉ុន្តែការឡើងថ្លៃ​ហួសហេតុក៏បង្កជាវិវបត្តិផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here