អ្នកជំនាញអន្តរជាតិៈ កម្ពុជាជាទឹកដីនៃឱកាសសំរាប់វិនិយោគលើវិស័យអចលនទ្រព្យ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ទោះបីវិបត្តិកូវីដ១៩ ដែលកំពុងបង្កភាពមិនប្រាកដប្រជា ដល់សេដ្ឋកិច្ចពិភពលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ អ្នកជំនាញអន្តរជាតិ នៅតែមើលឃើញថា កម្ពុជាជាទឹកដីនៃឱកាសវិនិយោគ លើវិស័យអចលនទ្រព្យសម្រាប់វិនិយោគិនជាតិ និងអចលនទ្រព្យ ពិសេសទីក្រុងភ្នំពេញ។

លោក Philip Tan ប្រធានគ្រប់គ្រងផ្នែកទីផ្សារក្រុមហ៊ុន PropNex ប្រចាំប្រទេសអូស្ត្រាលី ដែលបទពិសោធន៍ច្រើនឆ្នាំនៅតំបន់អាស៊ីអាគ្នេយ៍ និងកម្ពុជា បានថ្លែងនៅកម្មវិធីមួយស្តីពីការវិនិយោគនៅកម្ពុជាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ថា កាលពី១០ឆ្នាំមុន ប្រទេសកម្ពុជា ពិសេសភ្នំពេញមិនសូវជាសម្បូរអាគារ ប៉ុន្តែភ្នំពេញបច្ចុប្បន្នគឺពោពេញដោយសារការអភិវឌ្ឍអាគារខ្ពស់ ខណៈការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជានៅតែហុចឱកាសវិនិយោគិនជាតិ និងអចលនទ្រព្យ។

លោកបានថ្លែងថា “បើប្រៀបធៀបនឹងប្រទេសសិង្ហបុរី ប្រទេសកម្ពុជាមានឱកាសមាសជាច្រើន ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដើម្បីទាញយកផលចំណេញនាពេលអនាគត ដោយសារកម្ពុជានឹងបន្តរីកចម្រើនទៅមុខ ជាមួយការកំណើនសេដ្ឋកិច្ចរឹងមាំនាពេលនាខាងមុខ”។លោកបានឱ្យដឹងទៀតថា “វិនិយោគិនអាចវិនិយោគនៅកម្ពុជា បានយ៉ាងច្រើនផ្នែកលើវិស័យអចលនទ្រព្យ ដូចជា វិនិយោគលើខុនដូសម្រាប់លំនៅដ្ឋានទីពីរ បន្ទាប់ប្រទេសកំណើតរបស់ខ្លួន”។

លោកបានបន្តថា ទីក្រុងភ្នំពេញមានដីទំនេរជាច្រើន សម្រាប់ការអភិវឌ្ឍអាគារខ្ពស់ៗ ដែលជាឱកាសសម្រាប់ការវិនិយោគដ៏កម្រមាន និងជាឱកាសមាស ឱកាសប្រាក់ នៅប្រទេសមួយនេះ។ លោកបានណែនាំថា ទីក្រុងភ្នំពេញជាតាំងលេខ១ ពិសេសកោះពេជ្រ និងតំបន់កណ្តាលក្រុង សម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ។

អ្វីដែលជាចំណុចពិសេសមួយគឺ ជនជាតិបរទេសអាចធ្វើជាម្ចាស់អចលនទ្រព្យពីចាប់ជាន់ទីមួយបាន ដែលនេះជាចំណុចដែលទាក់ទាញវិនិយោគិនអន្តរជាតិ ខណៈប ណ្តាប្រទេសចំនួននៅតំបន់អាស៊ាន មិនទាន់អនុម័តឱ្យជនជាតិបរទេសឱ្យធ្វើជាម្ចាស់អចលនទ្រព្យនៅឡើយ។

លោករំពឹងទុកថា “កម្ពុជានឹងផ្លាស់ប្តូរទៅរកការអភិវឌ្ឍ ដ៏អស្ចារ្យមួយនាពេលអនាគត ដោយសារប្រទេសមួយនេះកំពុងដើរផ្លូវមួយដ៏ត្រឹមត្រូវ ដែលមានរដ្ឋាភិបាលគិតគូរត្រឹមត្រូវសម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេស ជាមួយកំណើនសេដ្ឋកិច្ចកើនឡើងជាង២ទសវត្សចុងក្រោយ”។

បើទោះបីវិបត្តិកូវីដ១៩ បានញុំាញីសេដ្ឋកិច្ចមិនត្រឹមតែប្រទេសកម្ពុជា សម្បីសេដ្ឋកិច្ចពិភពលោកក៏រងផលប៉ះពាល់ផងដែរ ប៉ុន្តែបន្ទាប់ពីវិបត្តិនេះនឹងត្រូវដោះសាយ ឬប្រជាជននឹងអាចសម្របខ្លួនបានតាមការរស់នៅគន្លងថ្មី ប្រទេសក្លាយជាទីកន្លែងវិនិយោគ ដែលវិនិយោគអន្តរជាតិមិនអាចមើលរំលងបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here