ដោយ រ៉ាវី
ភ្នំពេញ៖ ពិតជារឿងគួរឲ្យមោទនភាព ដែលត្រឹមរយៈពេល៥ឆ្នាំ (២០១៣ដល់ ឆ្នាំ២០១៧) កម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណជា២៣,៤៨០លានដុល្លារ ក្នុងនោះមានមានក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកធ្វើការវិនិយោគថ្មីៗបន្ថែមរហូតដល់៩៧០គម្រោង និងផ្តល់ការងារបានចំនួន៩៦,៨០៩កន្លែងបន្ថែមទៀត។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញឲ្យដឹងថា គម្រោងវិនិយោគទាំង៩៧០គម្រោង ផ្តោតលើវិស័យឧស្សាហកម្ម និងកម្មន្តសាល មាន៨១១គម្រោង ដោយបានបោះទុនវិនិយោគ៧,៣១៦,៧០លានដុល្លារ ស្មើនឹង៣១%នៃទុនវិនិយោគសរុប។ វិស័យកសិកម្មនិងកសិឧស្សាហកម្មមាន៧៨គម្រោង មានទុនវិនិយោគ២,៧៥០,៤៧លានដុល្លារ ស្មើ១២%នៃទុនវិនិយោគសរុប។ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗមាន៤៤គម្រោង និងបានបោះទុនវិនិយោគ៨,១៤៧.៩៥លានដុល្លារ ស្មើនឹង៣៥ភាគរយនៃទុនវិនិយោគសរុប និងវិស័យទេសចរណ៍មាន៣៧គម្រោង បោះទុនវិនិយោគ៥,២៦៤,៨៦លានដុល្លារ ស្មើនឹង២២ភាគរយនៃទុនវិនិយោគសរុប។
របាយការណ៍ដដែលបានបង្ហាញថា ក្នុងរយៈពេល៥ឆ្នាំនេះ រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណ ឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២២ទីតាំង ដែលធ្វើឱ្យចំនួនតំបន់សេដ្ឋកិច្ចពិសេសសរុបបានកើនដល់៤៧ ហើយតំបន់សេដ្ឋកិច្ចពិសេសដែលបានដំណើរការមាន១៨ ដែលក្នុងនោះមានរោងចក្រ៣៣០ កំពុងមានសកម្មភាពផលិតដោយប្រើប្រាស់កម្លាំងពលកម្ម៩៦,៨០៩នាក់។
ជាការកត់សម្គាល់ នៅតាមតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ មានការបណ្ដាក់ទុនទៅលើគម្រោងវិនិយោគតាមមុខសញ្ញា និងផលិតកម្មថ្មីៗជាច្រើន។ ក្រៅពីផ្នែកឧស្សាហកម្មកាត់ដេរនិងស្បែកជើង ដោយគម្រោងថ្មីៗមាន ដូចជា រោងចក្រផលិតសម្ភារៈកុមារនិងក្មេងលេង រោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈកីឡា អាហារបំប៉ន រោងចក្រ ដំឡើងរថយន្ត ម៉ូតូ កង់ រោងចក្រផលិតគ្រឿងបង្គុំរថយន្ត គ្រឿងបន្លាស់បរិក្ខារពេទ្យ ម៉ូទ័រខ្នាតតូច ម៉ាស៊ីនក្រឡឹងគ្រប់ប្រភេទ ឧបករណ៍អគ្គិសនីជាដើម៕