ដោយៈ ម៉ាណេត
ភ្នំពេញៈ វិស័យអចលនទ្រព្យនៅកម្ពុជារំពឹងថា នឹងងើបឡើងវិញនៅត្រីមាសទី១ ឆ្នាំ២០២២ ដោយសារសេដ្ឋកិច្ចពិភពលោក រួមទាំងប្រទេសកម្ពុជា បាននិងកំពុងចាប់ផ្តើមមានកំណើនឡើងវិញ ហើយនឹងជំរុញឱ្យវិស័យសេដ្ឋកិច្ចជាច្រើន ពិសេសអចលនទ្រព្យនឹងទទួលបានវិនិយោគិនជាច្រើនឡើងវិញ។
លោក Crispian Knowles ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Coldwell Banker Cambodia បានថ្លែងប្រាប់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ថា នាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោក កំពុងតែទទួលផលប៉ះពាល់ ដោយសារតែវិបត្តិកូវីដ១៩ ហើយវិស័យសេដ្ឋកិច្ចជាច្រើន ក្នុងនោះវិស័យអចលនទ្រព្យក៏មានផលប៉ះពាល់ផងដែរ។
លោកបានបន្តថា វិស័យអចលនទ្រព្យនៅកម្ពុជា ក៏ជាផ្នែកមួយនៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលទទួលរងផលប៉ះពាល់ ពីវិបត្តិសកលមួយនេះ ប៉ុន្តែវិស័យមួយនេះនៅតែមានភាពលេចធ្លោ ដោយសារតែនៅតែមានការវិនិយោគជាបន្តបន្ទាប់ ពីសំណាក់អ្នកវិនិយោគជនជាតិ និងអន្តរជាតិ។
លោកបានថ្លែងថា ជាមួយនេះដែរ បើមើលទៅលើស្ថានភាពបច្ចុប្បន្ន ទាក់ទងនឹងការដាក់ចេញនូវវ៉ាក់សាំង គម្រោងរបស់រដ្ឋាភិបាល និងគ្រោងនឹងទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅចុងឆ្នាំនេះ វាជាពន្លឺមួយក្នុងការបង្ហាញថា វិស័យទេសចរ ពិសេសការធ្វើដំណើររបស់អ្នកទេសចរ ដែលក្នុងក៏នឹងអាចជួយដឹកនាំមកនូវអ្នកវិនិយោគបរទេសមកកម្ពុជា។
លោក Crispian Knowles បានថ្លែងដូច្នេះថា “វិស័យអចលនទ្រព្យកម្ពុជានឹងអាចងើបឡើងវិញនៅត្រីមាសទី១ ឆ្នាំ២០២២ ដោយសារតែយើងមើលទៅលើសេដ្ឋកិច្ចពិភពលោក ដែលកំពុងតែមានការរីកចម្រើនឡើងវិញ”។លោកបន្តថា “ការរស់នៅតាមបែបគន្លងថ្មី ដែលនឹងធ្វើឲ្យវិនិយោគិនអាចសម្របខ្លួន ទៅតាមគន្លងថ្មីនៃការវិនិយោគ ដែលជំរុញឲ្យការធ្វើដំណើរ និងការវិនិយោគមានកាន់តែច្រើនឡើងវិញ”។
បើទោះជាយ៉ាងណា លោករំពឹងទុកថា វិស័យអចលនទ្រព្យអាចនឹងងើបឡើងវិញក្នុងល្បឿនមួយយឺត ដោយសារតែវិបត្តិកូវីដ១៩ មិនទាន់អាចដឹងថាវានឹងអាចផុតរលត់នៅពេលណានោះទេ។
ជាមួយគ្នានេះ លោក Phillip Tan គ្រប់គ្រងផ្នែកទីផ្សារក្រុមហ៊ុន Propnex Cambodia ដែលបទពិសោធន៍ច្រើនឆ្នាំនៅតំបន់អាស៊ីអាគ្នេយ៍ និងកម្ពុជា បានថ្លែងផងដែរថា កម្ពុជាគឺជាទឹកដីនៃឱកាសវិនិយោគ លើវិស័យអចលនទ្រព្យសម្រាប់វិនិយោគិនជាតិ និងអចលនទ្រព្យ ពិសេសទីក្រុងភ្នំពេញ ហើយទោះបីជាវិបត្តិ វិនិយោគគួរមកទុនវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា។
លោកបានថ្លែងបន្តថា “កម្ពុជានៅតែមានសក្តានុពល ក្នុងការទាញយកផលចំណេញពីវិស័យអចលនទ្រព្យ ដោយសារតម្លៃអចលនទ្រព្យនៅកម្ពុជា នៅតម្លៃទាបនៅឡើយ បើប្រៀបធៀបតម្លៃអចលនទ្រព្យនៅក្នុងតំបន់”។
លោកបានឱ្យដឹងទៀតថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងរីកចម្រើនកាន់តែខ្លាំងថែមទៀតនាពេលអនាគត បន្ទាប់វិបត្តិកូវីដ១៩ ព្រោះវិស័យមួយនេះនៅកម្ពុជា នៅតែទាមទារឱ្យការអភិវឌ្ឍជាច្រើនទៀត៕