ដោយៈសុខុម
ប៉េកាំង: ក្រសួងលំនៅដ្ឋាននៃប្រទេសចិន បាននិយាយកាលពីថ្ងៃសុក្រ ទី២៣ កក្កដា រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសប្ដេជ្ញាបោសសម្អាតភាពមិនប្រក្រតីនានា ក្នុងទីផ្សារអចលនទ្រព្យឱ្យអស់ក្នុងរយៈពេល៣ឆ្នាំ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា ការប្រកាសប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់នេះធ្វើឡើង នៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង ដាក់សម្ពាធកាន់តែខ្លាំងទៅលើទីផ្សារអចលនទ្រព្យ តាមការរឹតបន្តឹងទៅលើការខ្ចីប្រាក់ ដែលគ្មានការគ្រប់គ្រងច្បាស់លាស់។
ទីភ្នាក់ងាររដ្ឋាភិបាលចំនួន៨ រួមទាំងគណៈកម្មការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ (NDRC) ដែលជាស្ថាប័នធ្វើផែនការរដ្ឋ និងក្រសួងលំនៅដ្ឋាន ដែលជានិយ័តករទីផ្សារអចលនទ្រព្យផង បានចេញសេចក្តីប្រកាសរួមមួយថា ក្រុមនិយ័តករនឹងបើកការស៊ើបអង្កេតលើការសាងសង់ថ្មីៗ ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានា ការប្រើប្រាស់មូលនិធិខុសច្បាប់សម្រាប់ផ្ដល់កម្ចីទិញផ្ទះ និងការកាត់យកប្រាក់កក់ថ្លៃជួលផ្ទះជាដើម។
ឧបនាយករដ្ឋមន្រ្តីចិន លោក Han Zheng បានគូសបញ្ជាក់ជាថ្មី អំពីជំហររបស់រ ដ្ឋាភិបាលចិន កាលពីថ្ងៃព្រហស្បតិ៍ ទី២២ កក្កដាថា “ផ្ទះគឺសម្រាប់រស់នៅ មិនមែនសម្រាប់ការរកស៊ីឡើយ”។
ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន បានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិកូវីដ-១៩ ដែលបានបង្កការព្រួយបារម្ភអំពីហានិភ័យហិរញ្ញវត្ថុ ក្នុងទីផ្សារដែលហើមប៉ោងនេះ។ កាលពីចុងឆ្នាំកន្លងទៅ អាជ្ញាធរចិន បានចាប់ផ្តើមបង្កើនការរឹតបន្តឹងលើវិស័យនេះ រួមទាំងការចេញបទប្បញ្ញត្តិនានា ដើម្បីដាក់កំហិតលើការផ្តល់មូលនិធិដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផងដែរ។
យោងតាមសេចក្តីប្រកាសដដែលបង្ហាញថា មហាយក្សចិន មានគោលបំណងគ្រប់គ្រងវិស័យនេះឱ្យណែន និងទប់ស្កាត់រាល់សកម្មភាព មិនប្រក្រតីនានាឱ្យបានក្នុងរយៈពេល៣ឆ្នាំ។
អាជ្ញាធរចិន នឹងធ្វើការដោយពួតដៃគ្នាជាធ្លុងមួយ ដើម្បីបង្ក្រាបភាពមិនប្រក្រតីនានាឱ្យអស់។ តួយ៉ាង គណៈកម្មការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ ដែលជាស្ថាប័នធ្វើផែនការរដ្ឋ នឹងប្រមូលចងក្រងរាល់ព័ត៌មានស្ដីពី សកម្មភាពខុសច្បាប់នានា ហើយក្រុមនិយ័តករហិរញ្ញវត្ថុ នឹងធ្វើការស៊ើបអង្កេតលើរំហូរមូលនិធិខុសច្បាប់ ចូលក្នុងទីផ្សារអចលនទ្រព្យចិន។
វិធានការនានារបស់រដ្ឋាភិបាល ទៅលើទីផ្សារលំនៅដ្ឋានក្នុងប្រទេសចិន បានធ្វើ ឱ្យទីផ្សារអចលនទ្រព្យនៅទ្រឹង។ ការហក់ឡើងនៃតម្លៃផ្ទះថ្មី បានបង្អង់ល្បឿនជាលើកដំបូងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០មក ហើយការវិនិយោគលើអចលនទ្រព្យទៀតសោត ក៏មានសន្ទុះយឺតបំផុតដែរនៅក្នុងឆ្នាំ២០២១នេះ៕