អ្នកជំនាញៈ វិនិយោគិនអចលនទ្រព្យឆ្លាតវៃត្រូវក្តោបយកឱកាសបច្ចុប្បន្នដើម្បីផលចំណេញខ្ពស់នាពេលអនាគត

0
លោកសន សៀប ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ KEY Real Estate

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញបានលើកឡើថា ស្ថានភាពបច្ចុប្បន្ន ដើម្បីវិនិយោគលើអចលនទ្រព្យ ដើម្បីទាញផលចំណេញបានខ្ពស់នាពេលអនាគត វិនិយោគិនឆ្លាតវៃ គួរតែទិញអចលនទ្រព្យណាមានតម្លៃទាបជាងទីផ្សារ ខណៈការរកទិញអចលនទ្រព្យ ក្រោមតម្លៃទីផ្សារ ទាមទារឱ្យមានកិច្ចទំនាក់ទំនងល្អ ជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ។

លោកសន សៀប ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ KEY Real Estate បានឱ្យដឹងនៅថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២១ថា ក្រុមហ៊ុនភ្នាក់ងារនីមួយៗគឺសុទ្ធតែមានបុគ្គលិក បណ្តាញរបស់ខ្លួននៅតាមតំបន់ ដែលខ្លួនបានកាន់ ហើយពួកគេបានដឹងពីតម្លៃទីផ្សារអចលនទ្រព្យច្បាស់ ដែលអាចយកមកពិចារណាថាមួយណា ដែលមានតម្លៃទាបជាងទីផ្សារ។

លោកបានថ្លែងថា “នៅពេលមានព័ត៌មានពីអចលនទ្រព្យ ដែលមានតម្លៃទាបជាងទីផ្សារ ត្រូវតែចាប់ឱកាសឱ្យជាប់ ប៉ុនតែបើជាគ្មានទុនគ្រប់គ្រាន់ វិនិយោគិនគួរស្វែងរកទុនបន្ថែម អាចជាការចូលទុនជាមួយគេ ឬកម្ចីពីធនាគារ ដែលជាយុទ្ធសាស្ត្របង្កើនទ្រព្យ តាមរយៈបំណុលក្នុងរយៈពេលខ្លី”។

លោកបានថ្លែងដូច្នេះថា “ជាធម្មតាយើងមិនអាចទៅវិនិយោគ គ្រប់ទីកន្លែងបានទេ ព្រោះធនធានរបស់យើងមានកម្រិត។ ប៉ុន្តែយើងអាច យកឱកាសនេះដាក់ខ្លួនឯង ឬក៏ណែនាំផ្តល់ទៅឱ្យអតិថិជន ឬមិត្តភក្តិរបស់យើងដែលមានចំណាប់អារម្មណ៍ វិនិយោគរួមគ្នា”។

នៅពេលបានធ្វើយ៉ាងដូច្នេះ បន្ទាប់ពីស្ថានភាពជំងឹកូវីដ១៩ ត្រឡប់មកភាពប្រក្រតីវិញនោះ នឹងអាចទទួលបានផលចំណេញពីការវិនិយោគ។មួយទៀតអ្នកវិនិយោគខ្វះដើមទុន ក៏អាចស្វែងរកកម្ចីពីធនាគារ ណាដែលមានអត្រាការប្រាក់ធូថ្លៃ ដើម្បីយកមកទិញអចលនទ្រព្យណាដែលមានតម្លៃក្រោមទីផ្សារ។

លោកសន សៀបថ្លែងថា “បើយើងមិនហ៊ានចាប់ផ្តើមវិនិយោគទេ គឺនឹងបាត់បង់ឱកាសយ៉ាងធំ។ ដូច្នេះ យើងត្រូវចាប់យកឱកាស។ ការវិនិយោគបានត្រូវហ៊ានបន្តិចបើគេឱ្យខ្ចីលុយ គួរតែខ្ចីទៅ ឱ្យតែអត្រាការប្រាក់សមរម្យ ឱកាសចំណេញនៅតែមាន”។

លោកបញ្ជាក់ទៀតថា ជាមួយនឹងការិនិយោគ លើវិស័យអចលនទ្រព្យនេះ អ្នកវិនិយោគអចលនទ្រព្យ ត្រូវវិនិយោគកន្លែងណា ដែលមានផលចំណេញច្រើនជាងអត្រាការប្រាក់ដែលខ្លួនបានខ្ចីពីធនគារ។ ការប្រើប្រាស់លុយកម្ចីពីធនាគារ គឺដើម្បីប្រយោជន៍របស់គេផង និងប្រយោជន៍ខ្លួនឯងផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here