ប្រធានGRAតំបន់ជុំវិញព្រលានយន្តហោះភ្នំពេញថ្មីនឹងកាត់ចូលក្រុងភ្នំពេញ នាពេលអនាគត

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអចលនទ្រព្យសកល(GRA)លោកសំ សុខនឿនបានមានប្រសាសន៍ថា តំបន់ជុំវិញព្រលានយន្តហោះភ្នំពេញថ្មី នឹងកាត់ចូលក្រុងភ្នំពេញនាពេលអនាគត។

លោកបានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាលក់ផ្តាច់មុខបុរីGB Residence ជូនដល់ក្រុមហ៊ុនCMC Real Estate នាព្រឹកថ្ងៃទី២៩ កក្កដានេះថា នាពេលអនាគតតំបន់ជុំវិញព្រលានយន្តហោះថ្មី នឹងមានការរីកចម្រើនខ្លាំង ដោយនឹងមានបុរី មជ្ឈមណ្ឌលពា​ណិជ្ជកម្មជាច្រើនកើតមាននៅតំបន់នេះ។លោកបន្តថា តាមធម្មតានៅប្រទេសគេ តំបន់ជុំវិញព្រលានយន្តហោះ តែងតែមានការរីកចម្រើន ហើយនិន្នាការនេះនឹងកើតមាននៅកម្ពុជាផងដែរ។

លោកបន្តថា “បច្ចុប្ប​ន្នមានបុរីជាច្រើន បានបង្ហាញវត្តមានបណ្តើរៗហើយ នៅជុំវិញព្រលានយន្តហោះនេះ ដោយសារអ្នកអភិវឌ្ឍន៍បានចាប់យកសក្តានុពល ពីភ្ញៀវឆ្លងកាត់តំបន់នេះ”។លោកបន្តថា “តាមធម្មតាតំបន់ជុំវិញព្រលានយន្តហោះ តែងតែមានសកម្មភាពសេដ្ឋកិច្ចច្រើន ពិសេសលំហូរប្រជាជនកាន់តែច្រើន នឹងចូលទៅរស់នៅតំបន់នេះ”។

ទាក់ទងនឹងវត្តមានបុរីGB Residence លោកសំ សុខនឿនបានមានប្រសាសន៍ថា បុរីGB Residence អ្នកអភិវឌ្ឍន៍បានជ្រើសរើសទីតាំងល្អ និងត្រឹមត្រូវ ដែលនឹងធ្វើឲ្យគំរោងនេះទាក់ទាញការចាប់អារម្មណ៍ និងទទួលបានជោគជ័យនាពេលឆាប់ៗនេះ។

បុរីGB Residenceបាននិងកំពុងសាងសង់លើផ្ទៃដីជិត១០ហិកតា ដែលមានការរួមបញ្ចួលនូវផ្សារទំនើប ពិសេសម៉ូតផ្ទះត្រូវបានរចនាឡើង ដោយស្ថាបត្យករល្បីឈ្មោះ ដែលជាប់ពានរង្វាន់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានចេញអនុក្រិតស្តីពីប្លង់គោលប្រើប្រាស់ដីធ្លី រហូតដល់ឆ្នាំ២០៣៥ ដែលប្លង់គោលនេះបានបញ្ជាក់ថា ទីក្រុងភ្នំពេញនឹងត្រូវពង្រីកក្នុងកាំរង្វង់១០០គីឡូម៉ែត្រក្រឡា៕

LEAVE A REPLY

Please enter your comment!
Please enter your name here