ដោយៈគង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមអចលនទ្រព្យសកល(GRA)លោកសំ សុខនឿនបានមានប្រសាសន៍ថា តំបន់ជុំវិញព្រលានយន្តហោះភ្នំពេញថ្មី នឹងកាត់ចូលក្រុងភ្នំពេញនាពេលអនាគត។
លោកបានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាលក់ផ្តាច់មុខបុរីGB Residence ជូនដល់ក្រុមហ៊ុនCMC Real Estate នាព្រឹកថ្ងៃទី២៩ កក្កដានេះថា នាពេលអនាគតតំបន់ជុំវិញព្រលានយន្តហោះថ្មី នឹងមានការរីកចម្រើនខ្លាំង ដោយនឹងមានបុរី មជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនកើតមាននៅតំបន់នេះ។លោកបន្តថា តាមធម្មតានៅប្រទេសគេ តំបន់ជុំវិញព្រលានយន្តហោះ តែងតែមានការរីកចម្រើន ហើយនិន្នាការនេះនឹងកើតមាននៅកម្ពុជាផងដែរ។
លោកបន្តថា “បច្ចុប្បន្នមានបុរីជាច្រើន បានបង្ហាញវត្តមានបណ្តើរៗហើយ នៅជុំវិញព្រលានយន្តហោះនេះ ដោយសារអ្នកអភិវឌ្ឍន៍បានចាប់យកសក្តានុពល ពីភ្ញៀវឆ្លងកាត់តំបន់នេះ”។លោកបន្តថា “តាមធម្មតាតំបន់ជុំវិញព្រលានយន្តហោះ តែងតែមានសកម្មភាពសេដ្ឋកិច្ចច្រើន ពិសេសលំហូរប្រជាជនកាន់តែច្រើន នឹងចូលទៅរស់នៅតំបន់នេះ”។
ទាក់ទងនឹងវត្តមានបុរីGB Residence លោកសំ សុខនឿនបានមានប្រសាសន៍ថា បុរីGB Residence អ្នកអភិវឌ្ឍន៍បានជ្រើសរើសទីតាំងល្អ និងត្រឹមត្រូវ ដែលនឹងធ្វើឲ្យគំរោងនេះទាក់ទាញការចាប់អារម្មណ៍ និងទទួលបានជោគជ័យនាពេលឆាប់ៗនេះ។
បុរីGB Residenceបាននិងកំពុងសាងសង់លើផ្ទៃដីជិត១០ហិកតា ដែលមានការរួមបញ្ចួលនូវផ្សារទំនើប ពិសេសម៉ូតផ្ទះត្រូវបានរចនាឡើង ដោយស្ថាបត្យករល្បីឈ្មោះ ដែលជាប់ពានរង្វាន់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។
កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានចេញអនុក្រិតស្តីពីប្លង់គោលប្រើប្រាស់ដីធ្លី រហូតដល់ឆ្នាំ២០៣៥ ដែលប្លង់គោលនេះបានបញ្ជាក់ថា ទីក្រុងភ្នំពេញនឹងត្រូវពង្រីកក្នុងកាំរង្វង់១០០គីឡូម៉ែត្រក្រឡា៕