ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ខណៈបណ្តាបណ្ដាអាជីវកម្ម ភោជនីយដ្ឋាន ហាងកាហ្វេ និងអាហារដ្ឋាននានាតម្រូវឱ្យលក់ខ្ចប់ និងអាជីវកម្មជាច្រើនទៀតនៅតែបន្តបិទក្ដី តែអាជីវកម្មដីធ្លីត្រូវបាន គេ មើលឃើញថានៅតែមានសកម្មភាពទិញ លក់ដដែល ជាពិសេសការទិញលក់ដីឡូត៏តម្លៃក្រោម១ម៉ឺនដុល្លារអាមេរិក។
ភ្នាក់ងារលក់អចលនទ្រព្យជាច្រើនបាននិយាយថា ទោះបីជាមានការរឹតបន្តឹងវិធានការរដ្ឋបាលជាថ្មីក្ដី ប៉ុន្តែសកម្មភាពនៃការវិនិយោគដីធ្លី នៅតែបន្តហើយមានភ្ញៀវរកទិញដីនិងស្វែងរកដីនៅតែសកម្មដដែល ។
លោកចេ សុន អភិវឌ្ឍន៍ដីឡូត៏និងដីលំហែបែបចំការបាននិយាយថា ទោះបីជាមានការរឹតបន្តឹងមួយចំនួនក្ដី តែដូចជាមិនទាន់ប៉ះពាល់ប៉ុន្មានទេ ដោយការលក់នៅតែបន្ត ហើយសកម្មភាពអភិវឌ្ឍន៍របស់យើង ក៏នៅតែធ្វើជាប្រចាំថ្ងៃ ដើម្បីបំពេញតម្រូវការជូនភ្ញៀវ ។
លោកបន្តថា “មួយរយៈក្រោយនេះ យើងបានផ្លាស់ប្តូរអភិវឌ្ឍន៍ដីឡូត៏ពីទំហំ៥គុណនឹង២០ម៉ែត្រ ទៅ១០ម៉ែត្រគុណនឹង៣០ម៉ែត្រ ហើយដាំដំណាំលើដីនោះជូនភ្ញៀវ ដូច្នេះមានភ្ញៀវជាច្រើនបានមករកទិញដីរបស់យើង”។
លោកបន្តថា អ្នកទិញដីប្រភេទនេះ ជាអ្នកមានលុយស្រាប់ ហើយគេទិញទុកដើម្បីចំណេញនៅពេលអនាគតផង និងខ្លះទៀតថាទិញទុកសម្រាប់សាងសង់ផ្ទះ នៅពេលអនាគត ។ ចំណែកមួយចំនួនទៀតក៏និយាយថា ខ្លួនទិញដីនេះ ទុកសម្រាប់សង់ផ្ទះលំហែ ដើម្បីមកសម្រាកលំហែជាមួយគ្រួសារ នៅពេលថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ឬថ្ងៃបុណ្យជាតិម្ដងម្កាល ។
ដោយឡែកភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តកំពត លោកលឹម រដ្ឋាក៏បាននិយាយថា អ្នកមានលុយ គឺមានឱកាសក្នុងការស្វែងរកទិញដីនៅក្នុងវិបត្តិកូវី១៩នេះ ដោយស្វែងរកដីណាដែលម្ចាស់ត្រូវការលុយបន្ទាន់ ដើម្បីដោះស្រាយជីវភាពឬត្រូវការលុយបន្ទាន់ ដើម្បីដោះស្រាយបញ្ហា។ យ៉ាងណាក្ដី បើនិយាយពីតម្លៃដីជារួម ទោះស្ថិតក្នុងវិបត្តិបែបនេះក្ដី ក៏វាមិនបានធ្លាក់ចុះនោះដែរគឺនៅតែរក្សាតម្លៃថេរ។
លោកបន្តថា ភ្ញៀវស្វែងរកទិញដីនៅកំពត ភាគច្រើនជាភ្ញៀវមកពីភ្នំពេញ ហើយពេលខ្លះ ពួកគាត់មិនទាន់ទាំងបានមើលដីផ្ទាល់ផង ក៏ចាប់អារម្មណ៍ទិញតែម្ដង ដោយគ្រាន់តែឃើញក្រុមការងារផ្ញើរូបភាពតាំង និងតម្លៃជូនក៏ប្រាប់ថាយកនិងដាក់កក់ភ្លាមៗផងដែរ ដោយសារតែតម្លៃដីមួយចំនួនទាបជាងទីផ្សារដែលពួកគាត់ធ្លាប់ទិញ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានថ្លែងថា សកម្មភាពទិញលក់ដីធ្លីនៅតែបន្ត ប៉ុន្តែភាគច្រើនជាការទិញដីតម្លៃល្អ តម្លៃទាបជាងទីផ្សារ ព្រោះដីបែបនេះទើបងាយស្រួលលក់។
លោកបន្តថា “នៅពេលមានសកម្មភាពទិញលក់ច្រើន អ្នកលក់បានចិត្តដដំឡើងថ្លៃ ប៉ុន្តែពេលនេះអ្នកមានលុយទិញមានចំនួនតិច ហេតុនេះពួកគេមានជម្រើសច្រើន និងអាទិភាពក្នុងការចចារ”។លោកបន្តថា “តម្លៃដីពិតមិនអាស្រ័យលើអ្នកលក់ ដាក់តម្លៃនោះទេ ប៉ុន្តែវាស្ថិតនៅលើអ្នកទិញហ៊ានទិញឬអត់”៕