ក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី OrangeTee ទទួលរងការបំពានសន្តិសុខទិន្នន័យ

0

សុខុម

សិង្ហបុរី: យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា OT Group ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី ORANGETEE & TIE PTE. LTD បានទទួលរងការរំលោភបំពានសន្តិសុខទិន្នន័យ។

ក្រុមហ៊ុនអចលនទ្រព្យមួយនេះបានទម្លាយឱ្យដឹងកាលកាលពីថ្ងៃសុក្រ ទី៦ សីហា ថា ខ្លួនទទួលបានអ៊ីមែលមួយពីភាគីទី៣ ដែលអះអាងថាបានចូលទៅកាន់បណ្ដាញបច្ចេកវិទ្យាព័ត៌មាន (IT) របស់ខ្លួន។ ហេតុការណ៍នេះត្រូវបានរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធរួចហើយ។

ការស៊ើបអង្កេតត្រូវបានធ្វើឡើងដើម្បីវាយតម្លៃថា តើទិន្នន័យដែលរក្សាទុកក្នុងបណ្តាញបច្ចេកវិទ្យាព័ត៌មាននេះត្រូវបានកែប្រែ ឬក៏អត់។ ក្រុមហ៊ុន OT Group និយាយថា ការស៊ើបអង្កេតបឋមរបស់ខ្លួនបានបង្ហាញថា មានការរំលោភបំពានលើសន្តិសុខទិន្នន័យ។

ក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍ថា “បច្ចុប្បន្នយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមអ្នកជំនាញខាងសន្តិសុខអ៊ីនធឺណិតដើម្បីបញ្ជាក់ពីលក្ខណៈ និងវិសាលភាពនៃការរំលោភបំពាននេះ”។

ក្រុមហ៊ុនបានបន្ថែមទៀតថា “ក្នុងករណីមានការកែប្រែទិន្នន័យ អាទិភាពបន្ទាន់របស់យើងគឺត្រូវកំណត់អត្តសញ្ញាណអតិថិជនទាំងអស់ដែលរងផលប៉ះពាល់ ហើយជូនដំណឹងទៅពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

គេហទំព័ររបស់ក្រុមហ៊ុននេះត្រូវបានបិទកាលពីរសៀលថ្ងៃសុក្រ ម្សិលមិញនេះ។ ក្រុមហ៊ុននេះបានសុំទោសអតិថិជនរបស់ខ្លួន ហើយថា ខ្លួននឹងពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវប្រព័ន្ធ និងដំណើរការរបស់ខ្លួនដើម្បីកំណត់វិធានការសន្តិសុខបន្ថែមដែលខ្លួនអាចអនុវត្តបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here