ដោយៈវឌ្ឍនៈ
ភ្នំពេញៈ មួយរយៈពេលចុងក្រោយនេះគេសង្កេងឃើញថា សន្ទុះនៃការទិញដីធ្លីនៅក្រៅក្រុង (ក្រៅរាជធានី) កាន់តែមានច្រើនឡើងៗ ជាពិសេសនៅខេត្តតំបន់ទេសចរណ៍ ហើយអ្នកដែលទិញដីនៅក្រៅក្រុងភាគច្រើន ជាអ្នកនៅរាជធានីភ្នំពេញដូច្នេះហាងឆេងដីធ្លីនៅតំបន់តាមបណ្ដាខេត្ត នឹងកាន់តែមានសន្ទុះកើនឡើងខ្លាំងជាងនេះថែមទៀតនៅពេលពលរដ្ឋ នៅរាជធានីភ្នំពេញកាន់តែមានជីវភាពធូរធារ។
លោកស្រីតាំង ហួរ ប្រធានក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service បានមានប្រសាសន៍ឲ្យដឹង ក្នុងកិច្ចសម្ភាសន៍ពិសេសនាព្រឹកថ្ងៃទី១៧ សីហានេះថា អ្នកធ្វើការនៅរាជធានីភ្នំពេញ ដែលធុញថប់នឹងជីវិតរស់នៅទីក្រុង ហើយមានលទ្ធភាពសមល្មមក៏ទិញដីនៅក្រៅក្រុង ដោយសង់ជាផ្ទះតូចល្មមសម្រាប់ ទៅសម្រាកលំហែនៅពេលឈប់សម្រាក ឬថ្ងៃចុងសប្ដាហ៍ជាមួយក្រុមគ្រួសារ ដូចជា ទៅដាំបន្លែបង្កានានា និងត្រលប់ចូលមកក្រុងវិញ នៅថ្ងៃធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រជាដើម ។
លោកស្រីបន្តថា អ្នកខ្លះទៀតក៏ទៅទិញដីនៅ តំបន់រមណីយដ្ឋានតាមខេត្ត ដូចជានៅតំបន់សមុទ្រ អ្នកខ្លះ នៅដៃសមុទ្រ ឬអ្នកខ្លះទៀតក៏ទៅទិញនៅតំបន់ភ្នំ ហើយសង់ផ្ទះមួយសម្រាប់ទៅសម្រាកថ្ងៃឈប់សម្រាក ជាមួយគ្រួសារ និងត្រលប់មកស្នាក់នៅក្រុងវិញ នៅថ្ងៃធ្វើការ ។
លោកស្រីតាំង ហួរបានបន្តថា “កត្តាទាំងនេះនឹងធ្វើឱ្យហាងឆេងដីធ្លី នៅក្រៅក្រុងនឹងមានតម្រូវការខ្ពស់ហើយមានហាងឆេង នៅពេលដែលប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែមានជីវភាពធូរធានិងចង់បានដីសម្រា់បសង់ជាផ្ទះលំហែកាន់តែច្រើន”។លោកស្រីបន្តថា បច្ចុប្បន្ននេះ ក៏មានប្រជាជននៅរាជធានីភ្នំពេញជាច្រើន បានទិញផ្ទះជាបុរីស្នាក់នៅជាយៗរាជធានីភ្នំពេញផងដែរ ពីព្រោះតែមិនចង់ស្នាក់នៅក្នុងក្រុង ហើយដូចបានឃើញស្រាប់ហើយតំបន់ជាយៗក្រុង កំពុងតែមានការអភិវឌ្ឍលំនៅឋាន យ៉ាងមមាញឹក ក្នុងនោះដែរ ក៏មានការបែងចែកទៅតាមតំបន់ផងដែរ”។
តំបន់ផ្លូវជាតិ៦អា គេឃើញថាបានក្លាយជាបណ្ដុំបុរីលំនៅឋានធំៗ កំពុងសាងសង់ហើយវាបានពង្រីកស្ទើរ តែដល់ស្ពានព្រែកតាមាក់ទៅហើយ។
លោកស្រីតាំង ហួរបានបន្តថា “យើងឃើញបុរីធំៗ បានដាក់ទីតាំងវិនិយោគរបស់ខ្លួនទៅកាន់ផ្លូវជាតិលេខ៦អាច្រើន ដោយសារតែតំបន់នោះ មានការអភិវឌ្ឍលឿននិងមានសក្ដានុពលខ្ពស់”៕