លោកឧកញ៉ាភួ ពុយៈទីផ្សារអចលនទ្រព្យនៅក្រុងបាត់ដំបងនៅតែដំណើរការ ស្របពេលផ្ទះលំហែរកាន់តែមានប្រជាប្រិយភាព

0

ដោយៈគង់ សូរិយា

បាត់ដំបងៈ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង លោកឧកញ៉ាភួ ពុយបានមានប្រសាសន៍ថា បច្ចុប្បន្នទីផ្សារអចលនទ្រព្យនៅក្រុងបាត់ដំបង នៅតែមានការទិញលក់យ៉ាងល្អប្រសើរ បើទោះបីជាមានបញ្ហាជំងឺកូវីដ១៩ក្តី។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៧ សីហានេះថា សកម្មភាពអភិវឌ្ឍន៍អចលនទ្រព្យ នៅក្នុងខេត្តនៅតែដំណើរការធម្មតា ដោ​យ​បច្ចុប្បន្នការសាងសង់បុរី បានរីករាដាលទៅប៉ែកខាងជើងក្រុង ពិសេសតំបន់ស្ថិតនៅស្របតាមផ្លូវជាតិលេខ៥ និងតំបន់ឯកភ្នំ។ លោកបន្តថា ហេតុផលចំនួនពីរ ដែលធ្វើឲ្យទីផ្សារអចលនទ្រព្យក្នុងខខេត្តនៅតែដំណើរការល្អ និងកំពុងមានភាពល្អប្រសើរថែមទៀតនាពេលអនាគតត។

ហេតុផលទាំងពីរនោះ រួមមាន ទី១ តម្លៃអចលនទ្រព្យដែលបានសាងសង់លក់ មានភាពសមរម្យ ហើយរបៀបនៃការរស់នៅរបស់ប្រជាពលរដ្ឋបានផ្លាស់ប្តូរ ទី២ ការផ្លាស់ប្តូររបៀបរបបនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលខ្លះពីមុនពួកគាត់លក់ក្នុងផ្សារ គេងនៅក្នុងផ្សារ តែពេលនេះពួកគាត់មានពេលចេញដើរលំហែរ មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ឋនៅតាមជាយក្រុង។

លោកឧកញ៉ាភួ ពុយបានបន្តថា ហេតុផលនេះហើយ បានធ្វើឲ្យទីផ្សារលំនៅដ្ឋានផ្ទះបែបលំហែរមានការកើនឡើង និងមានប្រជាប្រិយភាពសំរាប់ប្រជាពលរដ្ឋ ដោយផ្ទះបែបនេះ​មានទេសភាពល្អ មានសួនច្បារ និងមានតម្លៃសមរម្យ ដែលផ្ទះនិមួយៗមានតម្លៃចន្លោះពី​ជាង៣ម៉ឺន ទៅ៥ម៉ឺនដុល្លារអាមេរិក ដោយមានបន្ទប់គេង និងបន្ទប់ទឹកចន្លោះពីរ២ទៅ៣បន្ទប់គេង។

លោកបន្តថា បច្ចុប្បន្នមានបុរីធំៗជាច្រើនបាន និងកំពុងសាងសង់នៅក្នុងខេត្ត ពិសេសតំបន់ស្ថិតនៅក្បែរផ្សារភួ ពុយ ដែលឥលូវនេះ តំបន់នេះមានផ្ទះប្រមាណ២០០០ខ្នង ប្រៀបបាននឹងទីក្រុងរណបមួយរួចទៅហើយ។

រដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការ សាងសង់ផ្លូវតភ្ជាប់ពីក្រុងសៀមរាប មកកាន់ក្រុងបាត់ដំបង ក្នុងគោលដៅសំខាន់ៗចំនួន៣ ទី១ សម្រួលការដឹកជញ្ជូន និងកាត់បន្ថយថ្លៃដឹកជញ្ជូន ដោយសារវាមានចម្ងាយជិតបើធៀប នឹងផ្លូវតភ្ជាប់តំបន់ទាំងពីរខាងលើ ទី២ រៀបចំខ្សែច្រវ៉ាក់ទេសចរណ៍ តាមមរយៈការដឹកជញ្ជូនភ្ញៀវទេសចរណ៍ពីក្រុងសៀមរាប មកកាន់ក្រុងបាត់ដំបង ដោយធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរណ៍ សំរាករយៈពេលវែងនៅកម្ពុជា និងទី៣ រដ្ឋាភិបាលមានគោលដៅកសាងប៉ម នៅកណ្តាលបឹងទន្លេ​សាប ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍សំរាកលំហែរ និងគយគន់ទេសភាពដ៏ស្រស់ស្អាតលើបឹងទន្លេសាប។

ជាមួយគ្នានេះ រដ្ឋាភិបាលក៏បាននិងកំពុងរៀបចំផែនការស្តារឡើងវិញ នូវព្រលានយន្តហោះខេត្តបាត់ដំបងផងដែរ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានផ្តល់ការងា​រ និងសិទ្ឋសម្រេចទៅរដ្ឋបាលខេត្តបាត់ដំបង ដើម្បីសម្រេចលើផែនការស្តារព្រលាន​យន្តហោះនេះឡើងវិញ ដោយរដ្ឋលេខាធិការដ្ឋាន នឹងជួយសម្របសម្រួលលើការងារបច្ចេកទេសមួយចំនួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here