ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ខេត្តមណ្ឌលគីរីជាខេត្តគោលដៅទេសចរណ៍មួយ នៅប៉ែកឦសាននៃប្រទេសកម្ពុជា ហើយរយៈពេលចុងក្រោយនេះ ខេត្តមណ្ឌលគីរីក៏ទទួលបានការចាប់អារម្មណ៍លើការវិនិយោគច្រើន ជាពិសេសទៅលើវិស័យទេសចរណ៍ ជាក់ស្ដែងនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ វិនិយោគិនក្នុងស្រុកនៅតែបន្តអភិវឌ្ឍន៍ លំនៅឋានលំហែកាយសម្រាប់បំពេញតម្រូវការនៅពេលបច្ចុប្បន្នផង និងនៅពេលអនាគតផង។
អ្នកជំនាញអចលនវត្ថុមួយរូប ប្រចាំខេត្តមណ្ឌលគីរី លោក មាឃ រឹទ្ធីជ័យប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding បានឱ្យដឹងថា សកម្មភាពទិញលក់ដីធ្លីនៅក្នុងខេត្តមណ្ឌលគីរី ត្រូវបានគេមើលឃើញថា នៅតែបន្តសកម្មភាពជាបន្តបន្ទាប់ ជាពិសេសវិនិយោគិនក្នុងស្រុក បានមកទិញដីនៅមណ្ឌលគីរី សម្រាប់អភិវឌ្ឍន៍លំនៅឋានលំហែកាយ ហើយមានទំនោរកាន់តែច្រើនផងដែរ ។
លោកបន្តថា តាមពិតទៅសកម្មភាពទិញលក់ដីធ្លី នៅតំបន់កណ្ដាលក្រុង ឬកណ្ដាលទីរួមខេត្ត មិនមានសកម្មភាពច្រើនប៉ុន្មានទេ នៅពេលបច្ចុប្បន្ន ជាពិសេសនៅតំបន់ជុំវិញ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តមណ្ឌលគីរី ប៉ុន្តែសម្រាប់តំបន់នៅជិតរមណីយដ្ឋានឬតំបន់ ដែលនៅឆ្ងាយពីទីរួមខេត្ត បែរជាមានការទិញលក់ច្រើនទៅវិញ ។
លោកថា “វិនិយោគិនក្នុងស្រុក ដែលបានលក់ដីនៅខេត្តផ្សេងៗ ដូចជា ពីខេត្តសៀមរាប ពីភ្នំពេញជាដើម បានមកទិញដីនៅមណ្ឌលគីរី និងបានទុកសម្រាប់អភិវឌ្ឍន៍។អ្នកខ្លះក៏ទិញភ្លាម អភិវឌ្ឍន៍ភ្លាមជាប្រភេទរីសត ឬលំនៅឋានលំហែកាយ អ្នកខ្លះទៀតក៏ទុកសិន រង់ចាំចប់វិបត្តិសិនទើបអភិវឌ្ឍន៍ជាក្រោយ” ។
លោកបន្ថែមថា កត្តាទាំងនេះដែលធ្វើឱ្យសកម្មភាព នៃការទិញដីនៅតំបន់រមណីយដ្ឋានក្នុងខេត្តមណ្ឌលគីរី មានសកម្មភាព ក៏ប៉ុន្តែជារួមទៅតម្លៃដីធ្លីក្នុងខេត្តមួយនេះមិនមានការប្រែប្រួលប៉ុន្មានទេ តែក៏មិនមានការថយចុះដែរ ។
សក្ដានុពលសម្រាប់ការអភិវឌ្ឍខេត្តមួយនេះ ត្រូវបានគេមើលឃើញថាចាប់ផ្ដើមកក្រើកបន្ទាប់ពីមានការសាងសង់ផ្លូវភ្ជាប់ពីភ្នំពេញ និងតភ្ជាប់ទៅកាន់ខេត្តផ្សេងទៀត ដែលជាការសម្រួល ដល់ការធ្វើដំណើររបស់ទេសចរណ៍និងវិនិយោគិន ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាលោកស៊ុន ចាន់ថុលបានមានប្រសាសន៍កាលពីពេលថហមីៗនេះថា រដ្ឋាភិបាលបានខិតខំប្រឹងប្រែង ក្នុងការសាងសង់ផ្លូវតភ្ជាប់ពីភ្នំពេញ ទៅបណ្ដាខេត្តមួយទៅបណ្ដាខេត្តមួយទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ទេសចរនិងវិនិយោគិន ហើយទោះស្ថិតនៅក្នុងវិប្តិតយ៉ាងនេះក្ដី រដ្ឋាភិបាល ក៏នៅតែបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដដែល ជាពិសេសគម្រោងដែលមានស្រាប់ និងបន្តអភិវឌ្ឍគម្រោងថ្មីៗផងដែរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមធ្លាប់បានមានប្រសាសន៍ថា ខេត្តមណ្ឌលគិរីពិតជាមានសក្តានុពលផ្នែកទេសចរណ៍ ប៉ុន្តែជាប្រភេទទេសចរណ៍បែបធម្មជាតិ ខុសពីខេត្តសៀមរាប ដែលមានសក្តានុពលផ្នែកវប្បធ៌ម ប្រាសាទបុរាណ។
លោកបន្តថា “អ្នកវិនិយោគភាគច្រើនបានទិញដី សាងសង់ផ្ទះលំហែរជាជាងសាងសង់់ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម”៕