ដោយ: គង់ លាងហួរ
អន្តរជាតិ: សារព័ត៌មាន Gulf News របស់អារ៉ាប់ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឌូបៃរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានដាក់បញ្ចូលទីក្រុងសៀមរាប និងប្រាសាទអង្គរវត្តរបស់កម្ពុជាក្នុងចំណោមគោលដៅទេសចរណ៍កំពូលទាំង១៥ នៅតំបន់អាស៊ាន។
សារព័ត៌មាន Gulf News បានសរសេរក្នុងអត្ថបទរបស់ខ្លួនថា ប្រាសាទអង្គរវត្តនៅទីក្រុងសៀមរាបដ៏គួរឱ្យស្ញប់ស្ញែងជាគោលដៅទេសចរណ៍ ដែលមិនគួរមើលរំលង រួមជាមួយនឹងបាតុភូតព្រះអាទិត្យរះនៅចំកំពូលប្រាសាទអង្គរវត្ត។
ទន្ទឹមគ្នានេះ ការកម្សាន្ត និងជីវិតពេលរាត្រីដ៏ស្ងប់ស្ងាត់នៅក្រុងសៀមរាបធ្វើឱ្យទីក្រុងមួយនេះកាន់តែមានភាពទាក់ទាញ និងក្លាយជាគោលដៅទេសចរណ៍កំពូលមួយនៅតំបន់អាស៊ាន។
យោងតាមរបាយការណ៍បានឱ្យដឹងថា ជនបរទេសសរុបចំនួន៥២៧.៥៧៧នាក់មកពី១៧១ប្រទេស និងតំបន់បានចូលមកទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល៥ខែដំបូង ឆ្នាំ២០២៥ ដោយបង្កើតប្រាក់ចំណូលបានសរុបចំនួន២៤,៥លានដុល្លារអាមេរិកពីការលក់សំបុត្រ។
ដោយមានទីតាំងស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប រមណីយដ្ឋានអង្គរទំហំ៤០១គីឡូម៉ែត្រការ៉េ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) កាលពីឆ្នាំ១៩៩២។
តំបន់បេតិកភណ្ឌពិភពលោកមួយនេះមានប្រាសាទបុរាណចំនួន៩១ ដែលត្រូវបានសាងសង់ឡើងចាប់ពីសតវត្សរ៍ទី៩ រហូតដល់សតវត្សរ៍ទី១៣។ បច្ចុប្បន្ន រមណីយដ្ឋាននេះជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅកម្ពុជា។
គោលដៅទេសចរណ៍កំពូលផ្សេងៗទៀត ដែលសារព័ត៌មាន Gulf News បានចុះផ្សាយ រួមមានដូចជា ទីក្រុង George Town លើកោះ Penang របស់ប្រទេសម៉ាឡេសុី កោះ Palawan របស់ហ្វីលីពីន កោះបាលីរបស់ឥណ្ឌូនេសុី ទីក្រុងសិង្ហបុរី និងឆ្នេរសមុទ្រ Ha Long Bay របស់ប្រទេសវៀតណាមជាដើម៕