ដោយៈសុខុម
ឌូបៃ: មនុស្សជាច្រើនប្រហែលជាបានស្គាល់រួចមកហើយ នូវអគារកប់ពពក ដែលខ្ពស់ជាងគេបំផុត ក្នុងពិភពលោកនោះគឺអគារ Burj Khalifa ប៉ុន្តែអ្នកដឹងទេថាតើអគារ ដែលស្ថិតនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត មួយនេះមានទុនវិនិយោគធំកម្រិតណា មានទំហំធំប៉ុនណា និងមានលក្ខណៈពិសេសបែបណាខ្លះ?។
អគារកម្ពស់៨២៩,៨ម៉ែត្រ ដែលបានចាបផ្ដើមដំណើរការសាងសង់នៅថ្ងៃទី៦ មករា ឆ្នាំ២០០៤ និងបញ្ចប់នៅថ្ងៃទី១ តុលា ឆ្នាំ២០០៩ ហើយបើកសម្ពោធនៅថ្ងៃទី៤ មករា ឆ្នាំ២០១០ នេះមានផ្ទៃក្រឡាសរុប៣០៩.៤៧៣ម៉ែត្រការ៉េ។
នៅខែមីនា ឆ្នាំ២០០៩ លោក Mohamed Ali Alabbar ប្រធានក្រុមហ៊ុន Emaar Properties ដែលជាអ្នកអភិវឌ្ឍន៍គម្រោងនេះបានលើកឡើងថា តម្លៃផ្ទៃការិយាល័យនៅអគារ Burj Khalifa បានឈានដល់៤៣.០០០ដុល្លារអាមេរិក ក្នុងមួយម៉ែតការ៉េ ហើយផ្ទះប្រណីតបែបអ៊ីតាលី Armani Residences ដែលស្ថិតនៅក្នុងអគារនេះដែរ លក់បានថ្លៃដល់ទៅជាង៣៧.៥០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
ប្រធានក្រុមហ៊ុនរូបនេះ បានប៉ាន់ប្រមាណថា ទុនវិនិយោគសរុបសម្រាប់សំណង់អគារកប់ពពកនេះអា ចមានទំហំសរុបប្រមាណ១,៥ពាន់លានដុល្លារអាមេរិក។ អគារនេះមានកម្ពស់១៥៤ជាន់បូកបន្ថែម៩ជាន់ទៀត ដែលជាជាន់សម្រាប់ជួសជុលថែទាំអគារ សរុបគឺ១៦៣ជាន់។
*អគារកប់ពពក Burj Khalifa គ្រងកំណត់ត្រាពិភពលោកជាច្រើនរួមមានដូចខាងក្រោម៖
– ជាសំណង់អគារខ្ពស់បំផុត៖ ៨២៩.៨ម៉ែត្រ
– អគារដែលមានជាន់ច្រើនបំផុត៖ ១៦៣ជាន់
– ការដំឡើងជណ្តើរយន្តខ្ពស់បំផុតរបស់ពិភពលោក
– ជណ្តើរយន្តវែងបំផុតក្នុងពិភពលោក កំពស់៥០៤ម៉ែត្រ
– ការបាញ់បេតុងបញ្ឈរខ្ពស់បំផុត (សម្រាប់អគារ)៖ ៦០៦ម៉ែត្រ
– អគារខ្ពស់បំផុតរបស់ពិភពលោក ដែលរួមបញ្ចូលទាំងកន្លែងស្នាក់នៅ
– ការដំឡើងអាលុយមីញ៉ូម និងកញ្ចក់នៅផ្នែកខាងមុខ នៃអគារខ្ពស់បំផុតរបស់ពិភពលោក៖ ៥១២ម៉ែត្រ។
– ក្លឹបកម្សាន្តខ្ពស់បំផុតរបស់ពិភពលោក៖ ជាន់ទី១៤៤
– ភោជនីយដ្ឋានខ្ពស់បំផុតរបស់ពិភពលោក៖ ជាន់ទី១២២ ក្នុងរយៈកម្ពស់៤៤២ម៉ែត្រ។
– ការបាញ់កាំជ្រួចឆ្លងឆ្នាំថ្មីខ្ពស់បំផុតរបស់ពិភពលោក
– ការបាញ់ភ្លើង និងប្រព័ន្ធសំឡេងដ៏ធំបំផុតរបស់ពិភពលោក នៅលើអាគារតែមួយ៕